Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនល្មើស៦នាក់ ដែលចាប់បង្ខាំង និង ជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនដូចគ្នា

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បំបែកសំណុំរឿងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ជួញដូរមនុស្ស ជំរិតទារប្រាក់ និងករណីគ្រឿងញៀន ដោយកម្លាំងអាវុធហត្ថខេត្តធើ្វការស្រាវជ្រាវឃាត់ខ្លួនជនល្មើសជាជនជាតិចិនចំនួន៦នាក់ និង ជួយសង្រ្គោះស្រ្ដីរងគ្រោះបានមួយម្នាក់ដោយសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ (ជំរិតទារប្រាក់), រំលោភសេពសន្ថវៈ, លក់-ដូរមនុស្ស និងករណីគ្រឿងញៀន ដែលប្រព្រឹត្ដកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុងព្រះសីហនុ និងក្រុងកំពង់សោម។ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ទៀបភ្លឺ កងកម្លាំងការិយាល័យព្រហ្មទណ្ឌបានទទួលបណ្ដឹងពីមិត្តភក្កិជនរងគ្រោះ មានករណីគេចាប់បង្ខាំងជំរិតទារប្រាក់ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពីទទួលបានបណ្ដឹងនៅវេលាម៉ោង ៨:៣០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅដល់ចំណុចផ្ទះវីឡាខាងលើ ប៉ុន្តែជនសង្ស័យបានយកជនរងគ្រោះចេញពីផ្ទះនោះបាត់ហើយ រួចកម្លាំងជំនាញបន្ដស្រាវជ្រាវ រហូតដល់ចំណុចខុនដូរ «ស្ដាបេ» ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ បានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន០៣នាក់ (ស្រី ០២នាក់)​ កម្លាំងជំនាញរកឃើញដកហូតវត្ថុតាងមួយចំនួន៖ រថយន្ដចំនួន ០១គ្រឿង ម៉ាក MAYBACH SG50 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AZ-6866 និងទូរស័ព្ទដៃ ចំនួន ០២គ្រឿង។

លុះដល់វេលាម៉ោង ១១:១០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញ បានបន្តធ្វើការស្រាវជ្រាវដល់ចំណុចបុរី «លន់ស៊ីធី» ស្ថិតក្នុងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ទើបជួយសង្គ្រោះជនរងគ្រោះ ជាជនជាតិចិន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ប្រុស) ជនជាតិចិន និងដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន០៣គ្រឿង, រថយន្ដចំនួន ០១គ្រឿង ម៉ាក PRLUS ពណ៌ស ផ្លាកលេខ 2BX-3076, ក្រណាត់បូពណ៌ទឹកមាស រុំថង់ខ្មៅបិទស្គុត (សម្រាប់រុំភ្នែក) ចំនួន០១ និងគ្រឿងញៀនមួយចំនួន។

តាមការស្រាវជ្រាវរបស់កម្លាំងជំនាញអាវុធហតហត្ថ ជនរងគ្រោះត្រូវបានជនសង្ស័យបោកប្រាស់ឱ្យមកប្រទេសកម្ពុជា ដែលក្រុមជនល្មើសមានអង្គការចាត់តាំង ដោយឱ្យស្ដ្រីដែលបម្រើការងារជានារីកំដរ ធ្វើការទាក់ទងជាមួយស្ដ្រីៗកំដរដូចគ្នា តាមរយៈកុហុកថា ជួយរកការងារឱ្យ (មានថៅកែចិញ្ចឹម)។ បន្ទាប់ពីចាញ់បោកការលួងលោម ស្រ្តីរងគ្រោះបានចាកចេញពីប្រទេសម៉ាឡេស៊ី ចូលមកប្រទេសកម្ពុជា ហើយក្រុមឧក្រិដ្ឋជន ក៏បានរៀបចំរថយន្ដទៅទទួលជនរងគ្រោះពីព្រលានយន្ដហោះថ្មី រួចដឹកមកខេត្ដព្រះសីហនុ និងយកមកឃុំឃាំងនៅក្នុងខុនដូរមួយកន្លែងចំកណ្ដាលទីក្រុង ព្រមទាំងជំរិតយកប្រាក់ពីជនរងគ្រោះ ដោយផ្ទេរប្រាក់ពីគណនីធនាគារចិន អស់ចំនួនជិត ៣០ម៉ឺនយ័ន និងបង្ខំជនរងគ្រោះរួមភេទ ប្រើប្រាស់គ្រឿងញៀន ប៉ុន្ដែ មិនប្រើហិង្សា ប៉ុន្ដែពួកគេបានបង្ខំឱ្យជនរងគ្រោះទាក់ទងទៅមិត្ដភក្ដិដែលជានារី ដើម្បីបោកបញ្ឆោតពួកគេ នឹងដោះលែងជនរងគ្រោះឱ្យមានសេរីភាពវិញ។ បន្ទាប់ពីជនរងគ្រោះអស់ប្រាក់ឱ្យពួកគេ គឺពួកគេបានលក់ជនរងគ្រោះ ឱ្យទៅក្រុមជនជាតិចិនផ្សេងទៀត ក្នុងតម្លៃ ៥ម៉ឺនដុល្លារ (USTD) បន្ដទៀត។

តាមរបាយការណ៍ដដែល បានគូសបញ្ជាក់ថា ចំពោះក្រុមឧក្រិដ្ឋខាងលើនោះ គឺបោកតែស្ដ្រីភាគច្រើនជានារីកំដរភ្ញៀវ បន្ទាប់ពីជំរិតអស់ប្រាក់ហើយ គោលបំណងរបស់ពួកគេ គឺលក់ជនរងគ្រោះឱ្យទៅក្រុមជួញដូរមនុស្ស មិនមានបំណងដោះលែងនោះទេ ប៉ុន្ដែបើជនរងគ្រោះស្ម័គ្រចិត្ដធ្វើតាមពួកគេ ដោយបោកនារីណាម្នាក់មកជំនួសនោះ ទើបក្រុមឧក្រិដ្ឋដោះលែងជនរងគ្រោះអាចមានសេរីភាពវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម