Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ៖ AI មិនមែនមកជំនួសតួនាទីគ្រូបង្រៀនឡើយ ប៉ុន្តែគ្រូដែលចេះប្រើ AI នឹងនាំមកការផ្លាស់ប្តូរ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវឯកសារណែនាំស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI)សម្រាប់គ្រូបង្រៀន ដើម្បីឆ្លើយតបទៅនឹងបរិបទការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងវិស័យអប់រំ សំដៅជួយបង្កើនសមត្ថភាពគ្រូ​និងសិស្សានុសិស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈឯកសារណែនាំស្តីពីបញ្ញាសិប្បនិម្មិត (AI) លោកគ្រូ-អ្នកគ្រូនឹងទទួលបានចំណេះដឹង និងជំនាញសំខាន់ៗពី
វគ្គសិក្សា/មគ្គុទេសក៍នេះ រួមមាន ១/បច្ចេកទេសប្រើប្រាស់ AI៖ ចេះប្រើ Google Gemini និង NotebookLM សម្រាប់ការងារប្រចាំថ្ងៃ។ ២/ការសរសេរ Prompt ៖ រៀនពីរបៀបបញ្ជា AI ឱ្យជួយរៀបចំកិច្ចតែងការបង្រៀន, បង្កើតវិញ្ញាសាប្រឡង, និងបង្កើតវីដេអូអប់រំខ្លីៗ។ ៣/បង្កើនអន្តរកម្មក្នុងថ្នាក់៖ វិធីសាស្ត្របង្រៀនបែបសិស្សមជ្ឈមណ្ឌល ដោយប្រើឧបករណ៍ AI ទំនើបៗ។ ៤/ក្រមសីលធម៌ និងសុវត្ថិភាព៖ ការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងការពារឯកជនភាព។ ក្រសួងអប់រំ ក៏បានគូសបញ្ជាក់ថា៖«AI មិនមែនមកជំនួសតួនាទីគ្រូបង្រៀនឡើយ ប៉ុន្តែគ្រូដែលចេះប្រើ AI នឹងក្លាយជាគ្រូដែលដឹកនាំការផ្លាស់ប្តូរ»។

បន្ទាប់ពីដាក់ចេញនូវឯកសារ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ បានបណ្តុះបណ្តាលគ្រូបង្រៀនតាមខ្សែបន្ទាត់ព្រំដែនឱ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយដល់ការបង្រៀន និង រៀន កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦។

ក្នុងយុគសម័យបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) មិនមែនជាបញ្ហាប្រឈមទៀតឡើយ ប៉ុន្តែវាគឺជា “ជំនួយការឆ្លាតវៃ” ដែលមិនអាចខ្វះបានសម្រាប់គ្រូបង្រៀនសម័យថ្មី។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវគ្គសិក្សា មគ្គុទេសក៍ជំនួយការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ គ្រូបង្រៀន ដើម្បីជួយឱ្យការអប់រំនៅកម្ពុជាដើរទាន់និន្នាការសកល និងជំរុញការអប់រំ STEM ឱ្យកាន់តែប្រសើរឡើង។

លោកគ្រូ-អ្នកគ្រូ ដែលចេះប្រើ AI អាចបង្កើនសមត្ថភាពការងារ សង្ខេបអត្ថបទ ឬឯកសារវែងៗ ស្រាវជ្រាវ សរសេររបាយការណ៍។ បង្កើនគំនិតច្នៃប្រឌិត រៀបចំផែនការ និងបង្កើតមាតិកាថ្មីៗ អាចដោះស្រាយបញ្ហាស្មុគ្រស្មាញ ការធ្វើផែនការ គ្រោងថវិកា អភិវឌ្ឍយុទ្ធសាស្រ្ត និងផែនការសកម្មភាព ការវិភាគទិន្នន័យស៊ីជម្រៅ និងការចេះបម្លែងទិន្នន័យទៅជារូបភាពជាដើម។

ហេតុអ្វីគ្រូបង្រៀនគួរស្វែងយល់ពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI?

ប្រព័ន្ធអប់រំមិនគួរពន្យារពេលកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតការណែនាំអំពីការប្រើប្រាស់ AI ទេ ដោយសារសិស្ស និងគ្រូបង្រៀនមានសិទ្ធិចូលប្រើដោយឯករាជ្យរួចហើយ ហើយបច្ចេកវិទ្យាជាច្រើនដែលមានស្រាប់បានបញ្ចូល AI។
AI កំពុងផ្លាស់ប្តូរគ្រប់ទិដ្ឋភាពនៃជីវិត តាំងពីរបៀបយើងធ្វើការ និងរៀនសូត្រ រហូតដល់របៀបយើងធ្វើទំនាក់ទំនង និងធ្វើការសម្រេចចិត្ត។ ការរៀនអំពី AI ជួយកែប្រែអនាគត ឱ្យកាន់តែប្រសើរឡើង និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។   

បញ្ញាសិប្បនិម្មិត(AI) ជា​បច្ចេកវិទ្យាមួយ​ដែល​អនុញ្ញាត​ឱ្យ​កុំព្យូទ័រ​រៀន​ដូច​មនុស្ស។ បញ្ញាសិប្បនិម្មិត ឬ AI សំដៅទៅលើសមត្ថភាពរបស់ម៉ាស៊ីន ឬកម្មវិធីក្នុងការបំពេញភារកិច្ចជាធម្មតាត្រូវការបញ្ញារបស់មនុស្ស។ ភារកិច្ចទាំងនេះរួមមានការរៀនសូត្រ ការដោះស្រាយបញ្ហា ការសម្រេចចិត្ត និងការយល់ដឹងអំពីភាសាឬរូបភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម