Connect with us

ព័ត៌មានជាតិ

យុវជន​កម្ពុជា​ជំរុញ​ចាប់​យក​​បច្ចេកវិទ្យា AI ឲ្យ​ឆ្លាត​វាងវៃ​ ដើម្បី​ដើរ​ទាន់​ចរន្ត​ពិភពលោក

បានផុស

នៅ

ពិភពលោក​ទាំងមូលកំពុង​ឈាន​ចូល​យុគសម័យ​ថ្មី ដែល​គូសវាស​ដោយបរិវត្តកម្មឌីជីថល បញ្ញា​សិប្បនិម្មិត និង​ប្រព័ន្ធ​ដែល​ដំណើរការ​ផ្អែក​លើ​ទិន្នន័យ។

ចរន្តថ្មី​ទាំងនេះ​មិន​ត្រឹម​តែ​កែប្រែ​ពាណិជ្ជកម្ម​តាម​វិស័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​កែប្រែ​របៀប​របប​ធ្វើការ​របស់​បណ្តា​រដ្ឋាភិបាល សណ្ឋាន​នៃ​ការ​ប្រកួតប្រជែង​រវាង​បណ្តា​ប្រទេស និង​ដំណើរការ​នានា​ក្នុង​សង្គម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



លោក​រដ្ឋមន្រ្តី​ចោទ​ជា​ចម្ងល់​ថា ក្នុង​បរិការណ៍​នេះ ប្រស្នា​គន្លឹះ​តើ​គ្រប់គ្នា​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​ធានា​ថា​បច្ចេកវិទ្យា​នឹង​បម្រើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ន ពង្រឹង សមត្ថភាព​ស្ថាប័ន និង​ការពារ​ប្រជាពលរដ្ឋ​បាន?

ចំពោះ​កម្ពុជា រដ្ឋាភិបាល​បាន​កំណត់​ទិសដៅ​ចាប់​យក​បច្ចេកវិទ្យា​ជា​អាទិភាព​គន្លឹះ​ទី ​៥ ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដែល​រំលេច​ឱ្យ​ឃើញ​អំពី​ទស្សនៈ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ថា​បច្ចេកវិទ្យា​មិន​មែន​ជា​វិស័យ​មួយ​ទេ វា​ជាឃ្នាស់សម្រាប់ជំរុញគ្រប់វិស័យ។

លោក​រដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា លើ​មាគ៌ា​ជាតិ​ដែល​បាន​ដាក់​ចេញ ការអប់រំ​ដើរ​តួនាទី​យ៉ាង​សំខាន់​។ សាកលវិទ្យាល័យ​លែង​ជា​ស្ថាប័ន​សម្រាប់​តែ​ការ​សិក្សា​មួយ​មុខ​ហើយ ប៉ុន្តែ​ត្រូវ​ក្លាយ​ជាទី​ប្រជុំ​នៃ​ធនធាន​មនុស្ស នវានុវត្តន៍ និង​សមត្ថភាព​ឌីជីថល។

សាកលវិទ្យាល័យ​មាន​តួនាទី​បណ្តុះ​បញ្ញាញាណ​របស់​ជាតិ​ក្នុងការ​រចនា​ប្រព័ន្ធ​ឌីជីថល យក​បញ្ញា​សិប្បនិម្មិត​ទៅ​ប្រើប្រាស់តាមមុខងារផ្សេងៗ និង​ដឹកនាំ​កាច់ចង្កូត​ស្ថាប័នក្នុង​ពិភពលោក​ដែល​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស។

ខណៈបច្ចុប្បន្ន​បញ្ញា​សិប្បនិម្មិត​កំពុង​ត្រូវ​បាន​រួម​បញ្ចូល​ទៅ​ក្នុង​ការ​សម្រេចចិត្ត ទិន្នន័យ​ជា​កត្តា​កំណត់​យុទ្ធសាស្ត្រ ហើយ​នវានុវត្តន៍​ជាកត្តា​កំណត់ពី​សមត្ថភាព​ប្រកួតប្រជែង ប្រទេស​កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​ទាំង​ជំនាញ ទាំង​ភាព​វាង​វៃ​ក្នុង​ការ​សម្រប​ខ្លួន គុណធម៌​និង​ក្រមសីលធម៌ និង​ចក្ខុវិស័យ​សំឡឹងទៅមុខ។

ទោះបីបែបនេះក្តី លោក​រដ្ឋមន្រ្តី​បាន​ក្រើន​រំលឹក​ដល់យុវជន​ថា អនាគតកម្ពុជា​មិនមែនកំណត់ដោយបច្ចេកវិទ្យាតែមួយមុខទេ ប៉ុន្តែនឹង​ត្រូវ​កំណត់​ដោយ​ប្រជាជន​កម្ពុជា ដែល​ចេះប្រើប្រាស់បច្ចេកវិទ្យា​ប្រកបដោយបញ្ញាញាណ។

គៀន យូហ័ង ដែល​ទើបតែបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ (ICT) ពី​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បាន​បញ្ជាក់​ថា កាល​សិក្សា​នៅ​សាកលវិទ្យាល័យ លោក​បាន​សិក្សាទាំងជំនាញទន់ និងជំនាញរឹង រួមមាន​ការ​បង្កើត​កម្មវិធី​ទូរសព្ទ (App), ការ​បង្កើតគេហទំព័រ (Web) និងផ្នែកបញ្ញាសិប្បនិម្មិត (AI)។

ជុំវិញ​ទស្សនៈ​លើ​ផ្នែក​បញ្ញាសិប្បនិម្មិត (AI)​ យុវជន​រូប​នេះ​មានការ​ចាប់អារម្មណ៍​ការ​សិក្សា​តាំង​ពី​ដើម​មក។

យូហ័ង មើល​ឃើញ​សារៈសំខាន់​នៃ​បច្ចេកវិទ្យា AI ដែល​លោក​ជឿ​ជាក់​ថានឹង​អាច​ជួយ​សង្គម​បាន​ច្រើន ជាពិសេស​ក្នុងការដោះស្រាយ​បញ្ហា​នានា ដូចជាក្នុងវិស័យសុខាភិបាលជាដើម។

យ៉ាងណាមិញ សម្រាប់​ការ​ចាប់​យក​ការ​សិក្សា​បច្ចេកវិទ្យា AI យូហ័ង យល់​ឃើញ​ថា​អ្នក​សិក្សា​ត្រូវ​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​លើ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និងគណិតវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម