Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តពលរដ្ឋខេត្តតាកែវឱ្យខិតខំបង្កើនការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខេត្តតាកែវឱ្យខិតខំបង្កើនការដាំដុះបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងពេលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដោយបានកំណត់អាទិភាពចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ តាមរយៈអាទិភាពទាំង៥នេះ លោករដ្ឋមន្ត្រី ថា ពិតជាបានឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ព្រមទាំងទទួលបានលទ្ធផលគួរជាទីមោទនៈ។

ចំពោះក្នុងបរិបទដែលកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពថៃ រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី ហើយត្រូវរួបរួមគ្នាសាមគ្គីជាធ្លុងមួយ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករ ឱ្យខិតខំធ្វើយ៉ាងបង្កើនប្រសិទ្ធភាពនិងបរិមាណដាំដុះ បន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមបង្កងដោយមានការជួយជ្រោមជ្រែងពីគម្រោងតេជោភូមិ១០០ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់។

ដើម្បីប្រមូលផលបានទៀងទាត់ លោកបានជំរុញឱ្យប្រជាកសិករ និងអាជ្ញាធរមូលដ្ឋានត្រូវចងក្រងប្រមូលផ្តុំជាសហគមន៍ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងបច្ចេកទេស ស្មារតី និងការស្វែងរកទីផ្សារ។ បន្ថែមលើនេះ លោក ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ត្រូវខិតខំរៀបចំកែលម្អសោភ័ណភាពស្រុក ដាំដើមឈើ ពង្រឹងគុណភាពនិងអនាម័យម្ហូបអាហារ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ ដែលមកទស្សនាស្រុកអង្គរបូរី អតីតរាជធានីខ្មែរសម័យហ្វូណន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម