Connect with us

ព័ត៌មានជាតិ

ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​ (Verify) របស់​កម្ពុជា​ក្លាយ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ទី​៤​របស់​ពិភព​លោក

បានផុស

នៅ

រដ្ឋមន្ត្រី​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត លើក​ឡើង​ថា​ ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា Verify បាន​ក្លាយ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ទី៤​របស់​ពិភពលោក និង​ត្រូវ​បាន​ធនាគារ​ពិភពលោក និង​ UNDP កំពុង​សិក្សា​ដើម្បី​យក​ទៅ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ភាព​ធន់​ជាតិ​នៅ​វិមាន​រដ្ឋសភា ថ្ងៃទី​១២ ខែ​មីនា លោក ជា វ៉ាន់ដេត មាន​ប្រសាសន៍​ថា​ Verify គឺ​ជា​មោទនភាព​មួយ​របស់​កម្ពុជា​ដែល​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ ខណៈ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​នេះ​ត្រូវ​បាន​ប្រទេស​ភីលីពីន​យក​ទៅ​ប្រើប្រាស់​ និង​កំពុង​ចរចា​យក​ទៅ​ប្រើ​ដោយ​​ទីម័រខាងកើត បង់ក្លាដេស និង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​កណ្ដាល​ផងដែរ​។

លោក​ថា៖ «សាំងហ្គាពួរ​មិន​ដែល​សរសើរ​អ្នកណា​ តែ​រដ្ឋមន្ត្រី​សាំងហ្គាពួរ​គឺ​សរសើរ​ខ្មែរ​! ថា​ខ្មែរ​មាន​សមត្ថភាព​ជជែក​គ្នា​ពី​សមត្ថភាព​ AI នៅ​ក្នុង​ក្រុម​បច្ចេកទេស​។ រដ្ឋមន្ត្រី​សាំងហ្គាពួរ​ពេល​ប្រកួត​ប្រជែង​ម្ដងៗ តែងតែ​សួរ​ខ្ញុំ​ថា​កម្ពុជា​ជាប់​អី​ទៀត​ហើយ ព្រោះ​យើង​បាន​ជាប់​ Verify មួយ​ដែល​គាត់​នឹង​ស្មាន​មិន​ដល់​ហើយ​ Verify យើង​ក្លាយ​ជា​​ហេដ្ឋារចនាសម្ព័ន្ធ​ទី​៤​របស់​ពិភព​លោក។ ខ្មែរ​អាច​ធ្វើ​បាន​​»

រដ្ឋមន្ត្រី ជា វ៉ាន់ដេត (ស្ដាំ) និងតំណាង​ UNDP ប្រចាំកម្ពុជាលោកស្រី Vladanka Andreeva

លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​ធនាគារ​ពិភពលោក​កំពុង​សិក្សា​ដើម្បី​យក​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​កម្ពុជា​នេះ​ទៅ​ប្រើប្រាស់​នៅ​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​មាន​៥​គឺ ការ​តភ្ជាប់​ទិន្នន័យ​ឌីជីថល​ ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ យន្ត​ការ​អត្តសញ្ញាណ​ឌីជីថល ការ​ទូទាត់​ឌីជីថល និង​ប្រព័ន្ធ​សន្តិសុខ​សាយប័រ។ ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​កម្ពុជា​បាន​ទទួល​ពាន​រង្វាន់​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ឌីជីថល​អាស៊ាន​កាល​ពី​ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​​ថា ជា​ថ្នាល​ឌីជីថល​ដ៏​ពិសេស​បំផុត​សម្រាប់​ការ​ផ្ដល់​សេវា​សាធារណៈ​នៅ​ក្នុង​អាស៊ាន៕



​អត្ថបទ​ដោយ ហ៊ុន ​សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម