Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រៃសណីយ៍បង្កើតមូលនិធិ​ផ្ដល់​កម្ចី​សិក្សាគ្មានការប្រាក់​​ដល់​និស្សិត​ដែល​ចូល​​រៀន​ផ្នែក​បច្ចេកវិទ្យា​​ឌីជីថល

បានផុស

នៅ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បាន​បង្កើត​មូលនិធិ​មួយ​ដើម្បី​ផ្ដល់​កម្ចី​សិក្សា​ដែល​គ្មាន​ការ​ប្រាក់​​ដល់​សិស្ស​ដែល​ប្រឡង​អាហារូបករណ៍​ក្រសួង​មិន​ជាប់ និង​សិស្ស​ពូកែ​ផ្សេង​ទៀត​ដែល​ចាប់​អារម្មណ៍​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​នៅ​ថ្នាក់​ឧត្ដមសិក្សា។ រដ្ឋមន្ត្រី​ ជា​ វ៉ានដេត បាន​បញ្ជាក់​ថា​ការ​ធ្វើ​បែប​នេះ​ដោយ​លោក​សង្ឃឹម​ថា​ថ្ងៃ​អនាគត​កម្ពុជា​នឹង​មាន​​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ ​សន្តិសុខ​ឌីជីថល​គ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សិក្ខា​សាលា​ស្ដីពី ភាព​ធន់​កម្ពុជា​នៅ​វិមាន​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា លោក ជា វ៉ានដេត បាន​លើក​ឡើង​ថា​ ការ​ខ្វះ​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល​នៅ​កម្ពុជា​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​ក្នុង​ពេល​ដែល​ពិភព​លោក​ដើរ​ដល់​សម័យ​ទំនើប​នេះ​។ លោក​បន្ថែម​ថា​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ក្រសួង​បាន​ផ្ដល់​អាហារូបករណ៍​ដែល​តម្រូវ​ឱ្យ​សិស្ស​ប្រឡង​យក​ហើយ​ក្នុង​​រយៈពេល​៥​ឆ្នាំ​មក​នេះ​មាន​ចំនួន​ជាង​២០០០នាក់​ហើយ​ដែល​បាន​អាហារូបករណ៍​កំពុង​សិក្សា​នឹង​អាច​បញ្ចេញ​ជា​បន្តបន្ទាប់​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា​។ ​

លោក​បន្ថែម​ថា​ក្រៅ​ពី​ផ្ដល់​អាហារូបករណ៍​នេះ ក្រសួង​ក៏​មាន​មូលនិធិ​សម្រាប់​ផ្ដល់​កម្ចី​ដល់​និស្សិត​ដែល​បាន​ប្រឡង​អាហារូបករណ៍​ធ្លាក់​ និង​សិស្ស​ពូកែ​ដទៃ​ទៀត ដែល​ចង់​ចូល​រៀន​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​នេះ​ផង​ដែរ​។ លោក​បញ្ជាក់​ថា​ ប្រាក់​កម្ចី​ដែល​បាន​ផ្ដល់​គឺ​ជា​កម្ចី​ដែល​គ្មាន​ការប្រាក់ ហើយ​និស្សិត​នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​ក្រសួង​បន្ថែម​ដើម្បី​ឆាប់​ទទួល​បាន​ការងារ​ធ្វើ​ថែម​ទៀត​។

លោក​ថា៖ «ខ្ចី​ហើយ​រៀន​ចប់​គឺ​យើង​ឱ្យ​គាត់​សង​វិញ​នៅ​ពេល​ដែល​គាត់​បាន​ទទួល​ប្រាក់​ខែ​៥០០ដុល្លារ បើ​ក្រោម​៥០០ដុល្លារ​អត់​សង​ទេ។ ហើយ​សង​តែ​២០%​នៃ​ប្រាក់​ខែ​៥០០​ដុល្លារ​របស់​គាត់។ ក្នុង​រយៈពេល​រៀន​ដើម្បី​ឱ្យ​គាត់​ទទួល​បាន​ជោគជ័យ​យើង​បាន​កៀរគរ​អ្នក​ស្ម័គ្រ​ចិត្ត​ ៣០០៤០០នាក់​មក​ធ្វើ​ជា​គ្រូ​បង្វឹក​ជូន​គាត់​ដើម្បី​ធ្វើ​មិច​ធានា​គាត់​រៀន​ចប់​បាន​ចូល​ធ្វើ​ការ ហើយ​មាន​ថវិកា​សង​មក​ក្រសួង​វិញ​»

បើ​តាម​លោក​ ជា វ៉ាន់ដេត ពេល​​លោក​ចូល​កាន់​ដំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ដំបូង​ អ្នក​មាន​ជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល​នៅ​កម្ពុជា​មាន​តែ​៣​នាក់​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​មាន​ ​១៥​នាក់​ ហើយ​ក្រសួង​ក៏​ខិត​ខំ​សហការ​ជាមួយ​សាកល​វិទ្យាល័យ​នានា​បណ្ដុះ​បណ្ដាល​និស្សិត​ជាង​៤០០នាក់ និង​មាន​បញ្ជូន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ប្រហែល​១០នាក់ផងដែរ​។ កង្វះ​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល និង​សន្តិសុខ​ឌីជីថល​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ប៉ះពាល់​ខ្លះ​ក្នុង​ពេល​ដែល​មាន​សង្គ្រាម​ជាមួយ​ថៃ​កាល​ពី​ឆ្នាំ​២០២៥ ដែល​ក្រុម​ចោរ​បច្ចេកវិទ្យា​បាន​វាយ​ប្រហារ​ជា​ច្រើន​មក​ស្ថាប័ន​ជាតិ​៕

អត្ថបទ​ដោយ ហ៊ុន ​សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម