Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួបនៅប៉េកាំង៖ លោក ត្រាំ នឹងប្រាប់​​ឱ្យ​លោក ស៊ី ជិនពីង ឈប់​ជួយអ៊ីរ៉ង់

បានផុស

នៅ

នៅក្នុងសប្តាហ៍នេះ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន។ បើតាមមន្ត្រីជាន់ខ្ពស់សេតវិមាន របៀបវារៈសំខាន់បំផុតមួយដែលលោក ត្រាំ នឹងយកទៅជជែកផ្ទាល់មាត់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺការដាក់សម្ពាធឱ្យទីក្រុងប៉េកាំង បញ្ឈប់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់ប្រទេសអ៊ីរ៉ង់។ នេះ​​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Anadolu កាល​ពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៦។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក រដ្ឋបាលលោក ត្រាំ ធ្លាប់​បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយចំនួនរួចមកហើយ ដោយសារតែការបន្តទិញប្រេងឆៅពីអ៊ីរ៉ង់ ប៉ុន្តែមើលទៅទីក្រុងប៉េកាំងហាក់មិនញញើតឡើយ។

តាមទិន្នន័យបានបង្ហាញថា ចិនគឺជាម៉ូយដុំធំជាងគេបំផុត ដែលទិញប្រេងពីអ៊ីរ៉ង់ ដោយមានចំណែករហូតដល់ទៅ ៩០ភាគរយ នៃចំនួនលក់ចេញសរុបរបស់អ៊ីរ៉ង់ឯណោះ។ អ្វីដែលកាន់តែធ្វើ​ឱ្យ​អាមេរិកក្តៅស្លឹកត្រចៀកនោះ គឺកាលពីដើមខែនេះ ចិនបានចេញបញ្ជាឱ្យក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន មិនបាច់ខ្វល់ពីទណ្ឌកម្មរបស់អាមេរិកឡើយ ថែមទាំងប្រើវិធានការច្បាប់ពិសេស ដើម្បីទប់ទល់នឹងច្បាប់បរទេសទៀតផង។ ក្នុងកិច្ចសន្ទនាតាមទូរសព្ទនាពេលកន្លងមក លោក ត្រាំ តែងតែរំឮកលោក ស៊ី ជិនពីង ជារឿយៗអំពីការបារម្ភ ចំពោះលំហូរចំណូល ដែលចិនបានផ្តល់ឱ្យអ៊ីរ៉ង់ រួមទាំងការលក់ទំនិញ ដែលអាចយកទៅកែច្នៃធ្វើជាអាវុធផងដែរ។

សម្រាប់កម្មវិធី​​ដែលបានគ្រោងទុក លោក ត្រាំ នឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅល្ងាចថ្ងៃពុធ សប្ដាហ៍នេះ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ លោកនឹងចូលរួមពិធីទទួលស្វាគមន៍ជាផ្លូវការ និងជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ី ជិនពីង មុនពេលថ្នាក់ដឹកនាំទាំងពីរ នាំគ្នាទៅទស្សនាប្រាសាទមេឃ (Temple of Heaven) ដែលជាកន្លែងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ រួចបន្តទៅពិភាក្សាគ្នាបណ្តើរ និងទទួលទានអាហារពេលល្ងាចបណ្តើរ។ លុះដល់ថ្ងៃសុក្រ មុនពេលចាកចេញ លោកប្រធានាធិបតីទាំងពីរ នឹងចំណាយពេលជជែកគ្នា រួមជាមួយការពិសារតែ និងអាហារថ្ងៃត្រង់ការងារជាមួយគ្នាថែមទៀត។

ក្រៅពីរឿងនយោបាយ និងសន្តិសុខ អ្នកនាំពាក្យសេតវិមានលោកស្រី Anna Kelly បានបញ្ជាក់ថា មេដឹកនាំទាំងពីរក៏ នឹងពិភាក្សាគ្នាអំពីការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងការវិនិយោគ រវាងអាមេរិក និងចិនផងដែរ។ លោកស្រីបានសង្កត់ធ្ងន់ថា ពលរដ្ឋអាមេរិកអាចរំពឹងទុកថា នឹងទទួលបានលទ្ធផលល្អៗពីដំណើរទស្សនកិច្ចនេះ ជាពិសេសគឺកិច្ចព្រមព្រៀង ដែលផ្តល់ផលប្រយោជន៍ដល់កម្មករ កសិករ និងក្រុមគ្រួសារអាមេរិកាំង ព្រមទាំងជួយពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ បន្ទាប់ពីជំនួបនៅចិននេះ លោក ស៊ី ជិនពីង ក៏ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅជួបលោក ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោនវិញ ក្នុងឆ្នាំនេះដែរ ប៉ុន្តែថ្ងៃបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានកំណត់នៅឡើយទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម