Connect with us

ព័ត៌មានអន្ដរជាតិ

មុនទៅចិន! ត្រាំ ប្រាប់ថា លោកមិនត្រូវការជំនួយ ពីលោក ស៊ី ដើម្បីបញ្ចប់សង្គ្រាម អ៊ីរ៉ង់ ទេ

បានផុស

នៅ

ប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ ប្រាប់ថា លោក នឹងមានកិច្ចសន្ទនាយ៉ាងស៊ីជម្រៅ ជាមួយប្រមុខរដ្ឋចិន ស៊ី ជីនពីង អំពីបញ្ហាសង្គ្រាមអ៊ីរ៉ង់ អំឡុងពេលទៅបំពេញទស្សនកិច្ចទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ។ យ៉ាងណា មុនហោះទៅចិន ប្រមុខសេតវិមាន បានបញ្ជាក់យ៉ាងច្បាស់ថា លោក មិនត្រូវការជំនួយពីលោក ស៊ី ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ នោះទេ។ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦។

លោក ត្រាំ (ឆ្វេង) ចាប់ដៃលោក ស៊ី (រូប៖ Reuters)

ប្រាប់ទៅក្រុមអ្នកសារព័ត៌មាន នៅសេតវិមាន មុនចេញដំណើរទៅប្រទេសចិន លោកត្រាំ និយាយថា៖ «ខ្ញុំគិតថា យើងមិនចាំបាច់ត្រូវការជំនួយអ្វីឡើយ ចំពោះរឿងអ៊ីរ៉ង់។ យើងនឹងឈ្នះ តាមមធ្យោបាយណាមួយ មិនថាដោយសន្តិវិធី ឬតាមវិធីផ្សេងនោះទេ»។

បញ្ហាអ៊ីរ៉ង់នេះ គឺជាប្រធានបទក្តៅ ក្នុងចំណោមប្រធានបទរសើបជាច្រើនទៀត អំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិក ទៅកាន់ទីក្រុងប៉េកាំង ដែលជាការជាន់ដីចិនលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧ មក។

មុននេះដែរ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសរួចហើយថា លោក ក៏នឹងលើកយកបញ្ហាដ៏រស៊ើប​ ស្តីពីការលក់អាវុធរបស់អាមេរិក ឲ្យកោះតៃវ៉ាន់ ទៅជជែកគ្នា​ដោយផ្ទាល់ជាមួយលោក ស៊ី ដែរ។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

ទោះបីជាបញ្ហានេះ ជារឿងតានតឹងក៏ដោយ ក៏លោក ត្រាំ នៅតែបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា ជម្លោះរវាងអាមេរិក និងចិន ជុំវិញរឿងកោះតៃវ៉ាន់ នឹងមិនអាចកើតឡើង ក្នុងពេលឆាប់ៗនេះឡើយ។

លោកប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា លោកដឹងច្បាស់ថា ប្រធានាធិបតីចិន មិនចង់ឲ្យមានការលក់អាវុធនេះឡើយ ប៉ុន្តែលោកនឹងជជែកគ្នា ដោយត្រង់ទៅត្រង់មក ព្រោះនេះគ្រាន់តែជាចំណុចមួយ ក្នុងចំណោមរឿងសំខាន់ៗជាច្រើន ដែលនឹង​ត្រូវពិភាក្សា។

អាមេរិក គឺជាអ្នកគាំទ្រដ៏ធំធេងបំផុត របស់តៃវ៉ាន់ ដោយបានផ្គត់ផ្គង់អាវុធសំខាន់ៗ ដើម្បីការពារខ្លួនពីការវាយប្រហារណាមួយ។ កាលពីខែធ្នូ កន្លងទៅ លោក ត្រាំ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយប្រកាសលក់កញ្ចប់អាវុធក្នុងតម្លៃជាង ១១ពាន់លានដុល្លារ ឲ្យទៅតៃវ៉ាន់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម