Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ត្រៀមជជែក រឿងលក់អាវុធឱ្យតៃវ៉ាន់ ក្នុងដំណើរទៅជួបមេដឹកនាំចិន

បានផុស

នៅ

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងលើកយកបញ្ហាដ៏រស៊ើប​ ស្តីពីការលក់អាវុធរបស់អាមេរិក ឱ្យកោះតៃវ៉ាន់ ទៅជជែកគ្នា​ដោយផ្ទាល់ជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅក្នុងជំនួបសប្តាហ៍នេះ។

លោក ត្រាំ និងលោក ស៊ី (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយ​ថ្ងៃទី​១២​ ខែ​ឧសភា សារព័ត៌មាន Al Jazeera បាន​ឱ្យ​ដឹង​ថា ទោះបីជាបញ្ហានេះ ជារឿងតានតឹងក៏ដោយ ក៏លោក ត្រាំ នៅតែបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា ជម្លោះរវាងអាមេរិក និងចិន ជុំវិញរឿងកោះតៃវ៉ាន់ នឹងមិនអាចកើតឡើង ក្នុងពេលឆាប់ៗនេះទេ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកដឹងច្បាស់ថា លោកប្រធានាធិបតី ស៊ី ជិនពីង មិនចង់ឱ្យមានការលក់អាវុធនេះឡើយ ប៉ុន្តែលោកនឹងជជែកគ្នាដោយត្រង់ទៅត្រង់មក ព្រោះនេះគ្រាន់តែជាចំណុចមួយ ក្នុងចំណោមរឿងសំខាន់ៗជាច្រើន ដែលនឹង​ត្រូវពិភាក្សា។

តាមការគ្រោងទុក លោក ត្រាំ នឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេល ៩ឆ្នាំមកនេះ ដើម្បីត្រៀមខ្លួនចរចានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ជាយូរមកហើយ ការដែលអាមេរិកផ្តល់ជំនួយយោធាដល់តៃវ៉ាន់ តែងតែធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ព្រោះចិនចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចខ្វះបាននៃទឹកដីរបស់ខ្លួន។ ដោយឡែក ខាងកោះតៃវ៉ាន់ឯណោះវិញ ក៏មិនព្រមចុះចាញ់នឹងការគំរាមកំហែងខាងយោធារបស់ចិនដែរ ដោយពួកគេនៅតែប្រកាន់ជំហរថា ប្រជាជនតៃវ៉ាន់ ត្រូវតែមានសិទ្ធិសេរីភាព ក្នុងការសម្រេចវាសនាដោយខ្លួនឯង។

អាមេរិក គឺជាអ្នកគាំទ្រដ៏ធំធេងបំផុតរបស់តៃវ៉ាន់ ដោយបានផ្គត់ផ្គង់អាវុធសំខាន់ៗ ដើម្បីការពារខ្លួនពីការវាយប្រហារណាមួយ។ កាលពីខែធ្នូ កន្លងទៅ លោក ត្រាំ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយប្រកាសលក់កញ្ចប់អាវុធក្នុងតម្លៃជាង ១១ពាន់លានដុល្លារឱ្យទៅតៃវ៉ាន់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ កាលនោះ ចិនក៏បានឆ្លើយតបវិញភ្លាមៗ ដោយការធ្វើសមយុទ្ធយោធាព័ទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីជាការព្រមានដល់កម្លាំងខាងក្រៅ ដែលចូលមកជួយជ្រោមជ្រែងកោះមួយនេះ។

ដ្បិត​ស្ថានភាពហាក់ដូចជាតានតឹង ប៉ុន្តែសហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរមិនជ្រៀតជ្រែក រឿងអធិបតេយ្យភាពរបស់តៃវ៉ាន់ឡើយ ហើយតែងតែជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហា ដោយសន្តិវិធី។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកមិនបារម្ភពីរឿងផ្ទុះសង្គ្រាមនោះទេ ព្រោះលោកមានទំនាក់ទំនងល្អជាមួយលោក ស៊ី ជិនពីង ហើយលោកជឿថា មេដឹកនាំចិនដឹងយ៉ាងច្បាស់ថា លោកមិនចង់ឱ្យមានរឿងអាក្រក់ណាមួយ កើតឡើងរវាងប្រជាជាតិ​ទាំងពីរនោះឡើយ៕

កងទ័ពតៃវ៉ាន់ (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម