Connect with us

KPT+

ប្លុកទេសចរណ៍ដ៏ទាក់ទាញ រដូវកាលទេសចរណ៍បៃតង នៃទឹកដីខេត្តកំពង់ស្ពឺ

បានផុស

នៅ

នៅពេលរដូវវស្សាចូលមកដល់ ទឹកដីខេត្តកំពង់ស្ពឺ ក៏ចាប់ផ្តើមស្រស់បំព្រងដោយពណ៌បៃតងខ្ចីគ្របដណ្តប់លើភ្នំ ព្រៃឈើ និងដងអូរ បង្កើតបានជាទេសភាពដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរឱ្យធ្វើដំណើរទៅលំហែកាយច្រើនកុះករ។ ខេត្តមួយនេះ ត្រូវបានគេចាត់ទុកថា ជាតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប មានទាំងទឹកធ្លាក់ ភ្នំ ព្រៃឈើ ឧទ្យានជាតិ និងរមណីយដ្ឋានធម្មជាតិដ៏កម្រមួយចំនួន ដែលមិនអាចរំលងបានក្នុងរដូវកាលទេសចរណ៍បៃតងនេះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមគោលដៅទេសចរណ៍ល្បីៗ «ទេទឹកពុះ» គឺជារមណីយដ្ឋានធម្មជាតិដ៏កម្រមួយ ដែលទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាច្រើន។ ទឹកក្តៅធម្មជាតិដែលពុះឡើងពីក្រោមដី បង្កើតជាផ្សែងស្រទន់ៗនៅកណ្ដាលព្រៃ ធ្វើឱ្យទីតាំងនេះមានសម្រស់ប្លែកភ្នែក និងពោរពេញដោយអាថ៌កំបាំងនៃធម្មជាតិ។

ក្រៅពីនេះ ខេត្តកំពង់ស្ពឺ ក៏ល្បីល្បាញខាងតំបន់ទឹកធ្លាក់ធម្មជាតិជាច្រើនផងដែរ។ ក្នុងនោះមាន ទឹកធ្លាក់ជ្រាវ ទឹកធ្លាក់ចំការក្រូច ទឹកធ្លាក់ចំការមៀន និងទឹកធ្លាក់អន្លង់ស្វាយ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកថ្ពង និងស្រុកទឹកផុស។ ទីតាំងទាំងនេះ មានទឹកហូរត្រជាក់ស្រាយ អមដោយព្រៃឈើខៀវស្រងាត់ ជាកន្លែងស័ក្តិសមសម្រាប់ការលេងទឹក បោះតង់ និងសម្រាកលំហែជាមួយក្រុមគ្រួសារ។


រីឯតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) ក៏ជាគោលដៅដ៏ពេញនិយមមួយផងដែរ។ នៅទីនោះ មានទឹកធ្លាក់ឆៃយ៉ា ទឹកធ្លាក់ចំបក់ និងបឹងចំការតែ ដែលសុទ្ធតែមានសម្រស់ធម្មជាតិទាក់ទាញ ជាមួយអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ។ ជាពិសេសនៅរដូវវស្សា ទឹកធ្លាក់ហូរខ្លាំង បង្កើតបានជាទេសភាពដ៏អស្ចារ្យ និងសំឡេងទឹកធ្លាក់លាន់ឮពេញព្រៃភ្នំ ធ្វើឱ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយ និងជិតស្និទ្ធជាមួយធម្មជាតិ។

ដោយឡែក ទឹកធ្លាក់អូរគគី ដែលស្ថិតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ក៏បានក្លាយជាទិសដៅទេសចរណ៍ទាក់ទាញថ្មីមួយផងដែរ។ កាលពីមុន ទីតាំងនេះជាតំបន់ស្ងាត់ជ្រងំ ដែលអ្នកដំណើរឆ្លងកាត់មិនសូវហ៊ានឈប់កម្សាន្តឡើយ ប៉ុន្តែបច្ចុប្បន្ន វាបានប្រែក្លាយជាកន្លែងទាក់ទាញភ្ញៀវជាច្រើន ដោយសារទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងទឹកហូរថ្លាឈ្វេងដែលអាចលេងកម្សាន្តបានយ៉ាងរីករាយ។

ក្រៅពីតំបន់ទឹកធ្លាក់ ខ្នងផ្សារ ក៏ជាកន្លែងបោះតង់ដ៏ពេញនិយមសម្រាប់យុវវ័យ និងអ្នកចូលចិត្តដំណើរផ្សងព្រេងផងដែរ។ ទីតាំងនេះ មានទេសភាពភ្នំជួរបន្តបន្ទាប់ សមុទ្រអ័ព្ទ និងខ្យល់ត្រជាក់ពេញមួយឆ្នាំ។ ទេសចរជាច្រើន និយមឡើងទៅបោះតង់មើលថ្ងៃរះ និងស្រូបយកបរិយាកាសធម្មជាតិដ៏ស្ងប់ស្ងាត់ ដែលពិបាករកបាននៅតំបន់ទីក្រុង។

ដូច្នេះសម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរ និងស្វែងរកខ្យល់អាកាសបរិសុទ្ធនារដូវកាលបៃតងនេះ ខេត្តកំពង់ស្ពឺ គឺជាជម្រើសដ៏ល្អបំផុតមួយ ដែលអាចផ្តល់ទាំងភាពស្រស់ស្រាយ ការផ្សងព្រេង និងអនុស្សាវរីយ៍ល្អៗជាមួយធម្មជាតិដ៏អស្ចារ្យរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម