Connect with us

សេដ្ឋកិច្ច

ជីផាត តំបន់ទេសចរណ៍ធម្មជាតិ កំពុងបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរ ដ៏ច្រើនកុះករក្នុងរដូវវស្សា

បានផុស

នៅ

តំបន់ទេសចរណ៍ធម្មជាតិ «ជីផាត» កំពុងតែទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តដ៏ច្រើនកុះករ ពិសេសនៅចុងសប្តាហ៍ ដោយសារតែតំបន់នេះកំពុងតែបញ្ចេញសម្រស់ធម្មជាតិដ៏គួរឱ្យទាក់ទងក្នុងរដូវវស្សា ឬហៅថា រដូវកាលបៃតង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន​ សុវណ្ណ​ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត ប្រាប់កម្ពុជាថ្មីថា តាំងពីដើមខែឧសភាមក សហគមន៍ទទួលបានភ្ញៀវទទេសចរក្នុងស្រុកជាច្រើន ទាំងទេសចរណ៍វិលល្ងាច​ និងបោះតង់ ដោយសារតែតំបន់នេះ មានកន្លែងកម្សាន្តធម្មជាតិជាច្រើន។

លោកបានឱ្យដឹងថា៖ «យើងសង្កេតឃើញថា ឆ្នាំនេះប្លែកជាងឆ្នាំមុន ព្រោះកាលពីឆ្នាំមុន ផ្លូវនៅតំបន់ជីផាតនេះ មានការលំបាកក្នុងរដូវវស្សា ដែលផ្តល់ការលំបាកសម្រាប់ភ្ញៀវទេសចរ។ ប៉ុន្តែ បច្ចុប្បន្ន ជីផាតមានផ្លូវស្អាត ហើយចាប់ពីខែឧសភាមក ជីវិតទទួលបានភ្ញៀវទេសចរច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសនៅចុងសប្តាហ៍»។

លោកបានប្រាប់បន្តថា៖ «ពេលខ្លះភ្ញៀវកក់រហូតដល់យើងមិនអាចរកកន្លែងឱ្យស្នាក់នៅបាន។ ជាមធ្យម ភ្ញៀវទេសចរណ៍ធម្មជាតិជីផាត មានចំនួនប្រមាណជា២០០០នាក់ នៅចុងសប្តាហ៍។ សហគមន៍ និងអាជីវករពិតជាសសប្បាយចិត្តណាស់ ដោយសារតែពួកគាត់ទទួលបានផលពីការលក់ផ្លែឈើដូចជា ទុរេន និងសាវម៉ាវ ជាដើម ទៅឱ្យភ្ញៀវទេសចរដ៏ច្រើនបែបនេះ»។

ស្ថិតក្នុង​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង «​ជី​ផាត​» ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​មួយនា​ទិសនិរតី ដែល​អមដោយ​សម្រស់​ទឹកជ្រោះ​ ជិះទូក​គយគន់​ថ្ងៃ​លិច​ អំពិលអំពែក និង​សត្វ​ស្លាប​តាម​ដងព្រែក​សមុទ្រ​ ល្អាង​ប្រចៀ​វ​ ទី​ឈ្វេងយល់​ពាង និង​ផ្នូរ​បុរាណ​ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ​។​

អ្វីដែលកាន់តែពិសេសនោគឺថា ទឹកជ្រោះដែលមានភ្ញៀវទេសចរចូលចិត្តទៅកម្សាន្ត និងមានប្រជាប្រិយភាពជាងគេ​គឺទឹកជ្រោះអូម្លូ តែម្តង ដោយសារតែមានទឹកធ្លាក់ស្អាត ហើយនៅជុំវិញឡោមព័ទ្ធជ្រលងភ្នំ និងព្រៃឈើធម្មជាតិ អមដោយសំឡេងសត្វស្លាបយ៉ាងពិរោះ។

កត្តា​ដែល​ភ្ញៀវទេសចរ​បរទេស​ចូលចិត្ត​ទៅ​កម្សាន្ត​នៅ​ជី​ផាត មួយទៀត គឺការធ្វើទេសចរណ៍​បែប​ផ្សងព្រេង​ បោះតង់ ជាពិសេស​ការ​ឈ្វេងយល់​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នា​តំបន់​ដាច់ស្រយាល​ផងដែរ​។​

ដោយឡែក លោក អ៊ឹម ឈួន ម្ចាស់រមណីយដ្ឋាន​ The Stop Stay ស្ថិតនៅតំបន់ជីផាត ក៏កត់សម្គាល់ឃើញមានការ​កើនឡើងភ្ញៀវចរក្នុងស្រុកគួរឱ្យកត់សម្គាល់ផងដែរ ដោយកន្លែងរបស់លោកទទួលបានភ្ញៀវចន្លោះពី៧០ ទៅ៨០នាក់ នៅចុងសប្តាហ៍។

លោកបានប្រាប់ថា៖ «នៅរដូវវស្សានេះ ខ្ញុំឃើញថា ភ្ញៀវចរក្នុងស្រុកមានចំនួនច្រើន ព្រោះជីផាត ក្នុងរដូវនេះ ក្រៅពីមានទឹកជ្រោះ តំបន់ធម្មជាតិ ព្រៃឈើ និងកន្លែងទាក់ទាញជាច្រើនទៀត យើងក៏មានផ្លែឈើធម្មជាតិ ដូចជា ទុរេន និងសាវម៉ាវ ជាដើម ដែលរដូវនេះ ផ្លែឈើទាំងនោះកំពុងតែទុំ មានរសជាតិឆ្ងាញ់ និងតម្លៃសមរម»។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ដែលចូលចិត្តទៅលេងតំបន់ធម្មជាតិ មិនថា ជីផាត ឬកន្លែងផ្សេងទៀតនៅកម្ពុជាឡើយ គួរតែទៅលេងក្នុងរដូវវស្សា ឬ រដូវកាលបៃតងនេះ​​ ព្រោះតំបន់ទាំងនោះកំពុងតែបញ្ចេញសម្រស់ដ៏ស្រស់ស្អាត។

មិនត្រឹមតែប៉ុណ្ណោះ លោកបានបញ្ជាក់ថា រមណីយដ្ឋានរបស់លោកនឹងមិនឡើងថ្លៃនោះទេ មិនថា ចំថ្ងៃឈប់សម្រាក ឬចុងសប្តាហ៍ក៏ដោយ ប៉ុន្តែ​លោកសំណូមឱ្យភ្ញៀវដែលទៅលេងតំបន់ធម្មជាតិក្នុងរដូវនេះ គួរតែយកអាវភ្ញៀង ថ្នាំការពារសត្វមូស និងសត្វទៀក ព្រោះដោយសារតែរដូវភ្ញៀវ និងមានសត្វកើតតាមទឹកច្រើន។

លោក អ៊ឹម ឈួន បានបន្ថែមថា ភ្ញៀវទេសចរ ដែលគ្រោងមកលេង ជីផាត ក៏គួរតែរកកន្លែងស្នាក់នៅ ឬធ្វើការកក់ទុកជាមុន ជៀសវាងការពិបាករកកន្លែងស្នាក់នៅ ព្រោះនៅរដូវនេះ ភ្ញៀវទេសចរកំពុងតែសម្រុកទៅលេងទៅកាន់តែច្រើន។

ទាំងប្រធានសហគមន៍អេកូទេសចរណ៍ជីផាត និងលោកឈួន ផ្ទាល់ ក៏អំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ដែលទៅលេងតំបន់ជីផាត ចូលរួមរក្សាអម័យទាំងអស់គ្នា តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធ្វើឱ្យតំបន់ទេសចរណ៍ជីផាត មានសម្រស់ស្អាតជានិច្ច និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម