Connect with us

ព័ត៌មានជាតិ

​ក្រុង​សំរោងជំរុញ​រៀបចំ​បំពាក់​អំពូល​ភ្លើង​សូឡា​​បំភ្លឺ​តាម​ផ្លូវ​ជាតិ ទី​ប្រជុំ​ជន​​លើក​កម្ពស់​សោភណភាព​ក្រុង​ជាប់​ព្រំដែន

បានផុស

នៅ

ក្រុង​សំរោងនៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យកំពុង​​មាន​ការ​ប្រែប្រួល​មុខមាត់​រីកចម្រើន ខណៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​រៀបចំទី​​ប្រជុំ​ជន​ក្រុង​កាន់​តែ​មាន​សោភណភាព​ និង​ការ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក ប៊ុត វ៉ាន់ដេត អភិបាលរង​នៃ​គណៈ​អភិបាល​ក្រុង​សំរោង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ដោយអនុវត្ត​តាម​ការ​ណែនាំ​ពី​លោក មាន ចាន់យ៉ាដា ​ជា​អភិបាល​ខេត្ត​ បាន​ជំរុញ​ឲ្យ​បណ្តា​រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​​ខិតខំ​កែ​ប្រែ​មុខ​មាត់​​ខេត្ត​តាម​ទស្សនវិស័យ​លែង​​ឲ្យ​ខេត្ត​ឧត្តរមានជ័យ​ជា​ខេត្ត​កម្សត់​ជាង​គេ ហើយ​ត្រូវ​តែ​ជា​ខេត្ត​មានការ​អភិវឌ្ឍ​ប្រកួត​ប្រជែង​ស្មើ​មុខស្មើមាត់​ជាមួយ​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ទៀត។

លោក ប៊ុត វ៉ាន់ដេត បាន​បញ្ជាក់​​ថា ដើម្បី​ជំរុញការ​អភិវឌ្ឍ​ក្រុង​សំរោងដែលនៅកៀកជាប់​ព្រំដែនថៃ​ឲ្យមានសម្រស់​ស្រស់បំព្រងថែមទៀត​​ រដ្ឋបាល​ក្រុង​បានបញ្ចប់​ការ​ដំឡើង​បង្គោល​ភ្លើងបំភ្លឺ​ផ្លូវ​សូឡា​ចាប់​ពី​ព្រំប្រទល់​ស្រុក​ចុងកាល់​ដល់​ទី​ប្រជុំជន​ក្រុង​តាមបណ្តោយ​​ផ្លូវ​ជាតិ​លេខ ៦៨ ដែល​មាន​ប្រវែង​ជិត ១០ គីឡូម៉ែត្រ ដោយ​បាន​ដំឡើង​បញ្ចប់​ចំនួន ៤៥៥ ដើម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ផែន​ការ​បន្ត​​ អាជ្ញាធរ​នឹងរៀបចំ​​ដំឡើង​បង្គោល​ភ្លើងភ្លឺ​​សូឡា​ចាប់​ពី​ទី​ប្រជុំជន​ក្រុង​ឆ្ពោះ​ទៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​​អូរស្មាច់​ដែល​មាន​ប្រវែង​ ៣៣ គីឡូម៉ែត្រ ដែល​ត្រូវការ​បង្គោល​ប្រហែល ១,៣៣៤ ដើម និង​ចាប់​ពី​ប្រជុំជន​ក្រុង​ទៅ​​ស្រុក​បន្ទាយអំពិល​តាម​ផ្លូវ​ជាតិ​លេខ ៥៦ ដែល​មាន​ប្រវែង​ជាង ៩ គីឡូម៉ែត្រ ដែល​ត្រូវការ​បង្គោល​ប្រហែល ៣៨០ ដើម

បើតាមលោក ប៊ុត វ៉ាន់ដេត ការ​រៀបចំ​បង្គោល​ភ្លើង​បំភ្លឺ​សូឡា​ទៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ និង​ទៅ​ស្រុក​បន្ទាយអំពិល ត្រូវ​អនុវត្ត​ជា​ជំហានៗ ហើយ​ក៏​ត្រូវការ​ការ​គាំទ្រ​ពី​សប្បុរសជន​ផង​ដែរ។

លោក ប៊ុត វ៉ាន់ដេត បានបញ្ជាក់ថា ការ​ខិត​ខំ​អភិវឌ្ឍ​កែប្រែមុខមាត់​​ក្រុង​សំរោង​​ឲ្យកាន់តែ​មានសោភណភាព ​ដើម្បី​​ប្រែក្លាយជាបេះដូងនៃសេដ្ឋកិច្ច និងទេសចរណ៍​របស់​ខេត្ត​ឧត្តរមានជ័យ ក៏​ទទួល​​បាន​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​​លោក ផុន ចាន់និល អភិបាល​នៃ​គណៈអភិបាល​ក្រុង​ ខណៈ​ដែល​លោក​តែងតែ​ចុះ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ការងារ​ជា​ប្រចាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម