Connect with us

កីឡា

កីឡាករវ័យក្មេង ៥ នាក់ ត្រូវគេចាត់ទុកលេចធ្លោបំផុតនៅ World Cup 2026

បានផុស

នៅ

ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup) តែងតែជាទីន្លែង ធ្វើឱ្យរះឡើងនៃអាជីពកីឡាករបាល់ទាត់របស់កីឡាករជាច្រើន ជាពិសេសកីឡាករក្មេងៗ ដែលមានសមត្ថភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ងាកមកកាន់ព្រឹត្តិការណ៍ World Cup 2026 វិញ កាន់តែខិតជិតចូលមកដល់ហើយ ពោលនៅសល់ត្រឹមតែជាង ១ សប្តាហ៍ទៀតប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្រុមជម្រើសជាតិនីមួយៗ ដែលទទួលបានកៅអីចូលប្រកួតប្រជែង ក៏បានប្រកាសបញ្ជីឈ្មោះតាមក្រុមនីមួយៗរួចរាល់ហើយដែរ។

បន្ទាប់ពីការប្រកាសបញ្ជីឈ្មោះរួចរាល់ ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករវ័យក្មេងលេចធ្លោ ៥ នាក់ ដែលទើបបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍ World Cup ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។

ទី ៥. កីឡាករ Nico Paz៖ កីឡាករ Nico Paz ជាកីឡាកររបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន ដែលបានកោះហៅមកពីក្រុម Como នៃលីគកំពូល អ៉ីតាលី។ ខ្សែបម្រើប្រយុទ្ធវ័យ ២១ ឆ្នាំ ត្រូវបានគេរំពឹង ថា នឹងក្លាយជាកម្លាំង​ដ៏សំខាន់ម្នាក់របស់ក្រុមពពកសនៅព្រឹត្តិការណ៍ World Cup 2026។

កីឡាករនៅវ័យក្មេងក៏ពិតមែន ប៉ុន្តែរូបគេបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោជាមួយក្រុម Como កាលពីរដូវកាល ២០២៥-២០២៦។ Nico Paz បង្ហាញខ្លួនសរុបបានចំនួន ៤០ ប្រកួត ក្នុងនោះរកបាន ១៣ គ្រាប់ និង ៨ បញ្ជូន ហើយរឿងដ៏ពិសេស គឺកីឡាករបានរួមចំណែកយ៉ាងធំធេងជួយឱ្យ Como ឈរលេខ ៤ ក្នុងលីគ ដើម្បីទទួលបានកៅអី Champions League នៅរដូវកាលក្រោយ ២០២៦-២០២៧។

ទី ៤. កីឡាករ Arda Guler៖ ជាកីឡាករដែលមានទេពកោលស្យម្នាក់របស់ក្រុមជម្រើសជាតិ តួកគី។ រូបគេក៏ជាកីឡាករម្នាក់ ដែលមានគុណសម្បត្តិធំផងដែរ ក្នុងការជួយឱ្យក្រុម តួកគី ឆ្លងផុតវគ្គជម្រុះតាមទ្វីប ឡើងមកកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2026។ ខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះ ត្រូវបានគេរំពឹង ថា នឹងក្លាយជាកីឡាករសំខាន់ ក្នុងការជួយក្រុម តួកគី នៅ World Cup 2026។

ថ្វីដ្បិត Arda Guler មានវ័យក្មេង ប៉ុន្តែរូបគេមានសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ក្នុងការលេងនៅក្រុម Real Madrid កាលពីរដូវកាលមុន។ ទោះបីជាក្រុម Real Madrid មិនបានឈ្នះពាន​អ្វី​សោះ​ ប៉ុន្តែរូបគេបានបង្ហាញស្ថិតិដ៏ល្អ ដោយលេងបាន ៥១ ប្រកួត ក្នុងនោះរកបាន ៦ គ្រាប់ និងបញ្ជូន​បាល់ ១៤ លើក។

ទី ៣. កីឡាករ Desire Doue៖ កីឡាករ​បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យនៅក្រុម Paris Saint-Germain នា ២ រដូវកាលចុងក្រោយ រហូតត្រូវបានក្រុមជម្រើសជាតិ បារាំង កោះហៅទៅលេង World Cup ជាលើកដំបូង។ កីឡាករបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យ PSG ឈ្នះពាន Champions League ២ រដូវកាលជាប់គ្នា ពោលគឺរដូវកាល ២០២៤-២៥ និង ២០២៥-២៦។

Desire Doue ជាកីឡាករម្នាក់ ដែលធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជាច្រើនចាប់អារម្មណ៍ តាមរយៈការបញ្ចេញជំនាញញាក់បាល់​ប្រកប​ដោយ​ទេពកោសល្យ។ សមត្ថភាពនៃការញាក់ រត់ និងស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធស្លាបវ័យ ២០ ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ ថា នឹងលេចធ្លោខ្លាំងនៅ World Cup 2026។

ទី ២. កីឡាករ Joao Neves៖ ខ្សែបម្រើរបស់ជម្រើសជាតិ ព័រទុយហ្គាល់ Joao Neves កំពុងធ្វើឱ្យអ្នកគាំទ្របាល់ទាត់ចាប់អារម្មណ៍ជាខ្លាំង អំពីសមត្ថភាពនាំលេង និងការចែកបាល់របស់រូបគេ។ រូបគេក៏ជាកីឡាករដ៏សំខាន់ម្នាក់ផងដែរ ដែលបានរួមចំណែកជួយឱ្យក្រុម PSG ឈ្នះពាន UCL ២ រដូវកាលជាប់គ្នា។

ភាពឆ្លាត​វៃ និងជំនាញចែកបាល់​ដ៏​ល្អ​ របស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ ត្រូវបានគេរំពឹង ថា នឹងក្លាយជាកីឡាករ ដែលមិនអាចរំលងបានម្នាក់នៅ World Cup 2026។ ជាមួយគ្នានេះ រូបគេក៏ត្រូវបានគេចាត់ទុកជាកម្លាំងចលករដ៏សំខាន់ ដើម្បីជួយដល់ក្រុមបញ្ចខែល ព័រទុយហ្គាល់ ឱ្យឈ្នះពាន World Cup ជាលើកដំបូងនៅឆ្នាំ ២០២៦។

ទី ១. កីឡាករ Lamine Yamal៖ ខ្សែប្រយុទ្ធស្លាប Lamine Yamal នឹងក្លាយជាសរសរទ្រូងដ៏សំខាន់របស់ក្រុមគោជល់ អេស្ប៉ាញ នៅ World Cup 2026។ កីឡាករ​បច្ចុប្បន្នមានវ័យទើប ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាពល្អហួសពីការស្មាន ទាំងការលេងនៅក្លិប Barcelona និងជម្រើសជាតិ អេស្ប៉ាញ។

នៅ Barcelona គឺ Yamal បានបង្ហាញសមត្ថភាពឱ្យអ្នកគាំទ្របានឃើញរួចហើយអំពីសមត្ថភាពរបស់រូបគេ។ រូបគេត្រូវបាន Barcelona តម្លើងមកកាន់ក្រុមធំ ៣ រដូវកាលហើយ ក្នុងនោះបង្ហាញខ្លួនបានចំនួន ១៥១ ប្រកួត រកបាន ៤៩ គ្រាប់ និង ៥២ បញ្ជូន។ ចំណែកនៅជម្រើសជាតិវិញ កីឡាករក៏បានបង្ហាញរួចហើយដែរ តាមរយៈជួយឱ្យក្រុមគោជល់ឈ្នះពាន Euro 2024 និងឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League 2025។ ភស្តុតាងទាំងនេះ បានបង្ហាញ ថា Yamal នឹងក្លាយជាកីឡាករ ដែលអ្នកគាំទ្រតាមដាន និងលេចធ្លោបំផុតនៅ World Cup 2026។

គួរបញ្ជាក់ជាថ្មី ថា កីឡាករ បានបង្ហាញខាងលើ គឺជាកីឡាករវ័យក្មេង ដែលទើបទទួលបានឱកាសចូលលេងនៅ World Cup លើកដំបូង។ យ៉ាងណាមិញ នៅព្រឹត្តិការណ៍ World Cup 2026 គឺនៅមានកីឡាករវ័យក្មេងឆ្នើមៗជាច្រើនទៀត ប៉ុន្តែ «កម្ពុជាថ្មី» បានលើកយកកីឡាករទាំង ៥ នេះ ដោយសារពួកគេលេចធ្លោជាងគេ ហើយរំពឹង ថា នឹងជួយក្រុមដល់វគ្គសំខាន់ៗ ឬវគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម