Connect with us

កីឡា

សម្ដែង​​មាន​ភាព​ទាក់ទាញ​ និង​ប្លែក​ភ្នែក​ជា​និច្ច​បាន​ធ្វើ​ឲ្យ​ក្រុម​តេក្វាន់ដូ​ ITF​ មាន​ការ​ស្នើ​សុំ​ឲ្យ​ចូល​រួម​កម្មវិធី​ធំ-តូច​ជា​ច្រើន​

បានផុស

នៅ

ក្រុម​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​ កែវ​ រ៉េមី​ ជា​ប្រធាន​សហព័ន្ធ​មិន​ត្រឹម​តែ​មាន​សមត្ថភាព​ប្រកួត​ខ្លាំង និង​កេរ្តិ៍ឈ្មោះ​ល្បី​​នោះ​ទេ​ ពោល​ការ​សម្ដែង​ក្នុង​កម្មវិធី​កីឡា​ធំ-តូច​ ក៏​មាន​ការ​គាំទ្រ​ច្រើន​ផង​ដែរ​ និង​ទទួល​បាន​ការ​ស្នើសុំ​ឲ្យ​ចូលរួម​ជា​បន្តបន្ទាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រ៉េមី ប្រធានសហព័ន្ធ

ក្រុម​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី​ កែវ​ រ៉េមី​ នៅ​ក្នុង​មជ្ឈដ្ឋាន​កីឡា​នេះ​គឺ​នរណា​ក៏​ទទួល​ស្គាល់​ពី​សមត្ថភាព​ និង​ភាព​ខ្លាំងក្លា​របស់​កីឡាករ​ កីឡាការិនី​ផង​ដែរ​ តាម​រយៈ​ការ​ដណ្ដើម​បាន​មេដាយគ្រប់​កម្រិត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង។​

ក្រៅ​ពី​សមត្ថភាព​ប្រកួត​ វិន័យ​ក្នុង​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ហើយ​នោះ​ក្រុម​តេក្វាន់ដូ​ ITF ​ក៏​មាន​ឈ្មោះ​ល្បី​ និង​ឧស្សាហ៍​បង្ហាញ​មុខ​ក្នុង​កម្មវិធី​កីឡា​ធំ-តូច​ ជា​ច្រើន​​តាម​រយៈ​ការ​សម្ដែង​ក្បាច់​ស្នៀត​ និង​ឈុត​ឆាក​ប្រយុទ្ធ​ផ្សេងៗ​ដើម្បី​បង្កើន​បរិយាកាស​ឲ្យ​កាន់​តែ​សប្បាយ​រីករាយ។​

ទិដ្ឋភាពសម្ដែងកន្លងទៅ

ដោយ​ភាព​ប៉ិន​ប្រសព្វ​លើ​ការ​រៀបចំ​សម្ដែង​ធ្វើ​ឲ្យ​មាន​សកម្មភាព​ប្លែក​ៗ​ និង​ថ្មី​ពី​មួយ​កម្មវិធី​ទៅ​មួយ​កម្មវិធី​ពីលោក​ ប៉ាល់​ ជីវ័ន​ និង​លោក​ ទ្រី​ វលក្ខណ៍​ ដែល​ជា​គ្រូ​បង្វឹក​នោះ​បាន​ធ្វើ​ឲ្យ​ក្រុម​តេក្វាន់ដូ ITF ​នេះ​មាន​ការ​គាំទ្រ​ច្រើន​ និង​មាន​ការ​ស្នើសុំ​មកកាន់​សហព័ន្ធ​ឲ្យ​ទៅ​សម្ដែង​ជា​បន្តបន្ទាប់​។​

ទិដ្ឋភាពសម្ដែងកន្លងទៅ

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ប៉ាល់​ ជីវ័ន​ នា​ពេលកន្លង​ទៅ​ធ្លាប់​បាន​បញ្ជាក់​ថា​ រាល់​ការ​សម្ដែង​របស់​ក្រុម​តេក្វាន់ដូ​ ITF ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​នេះគឺ​តែងតែ​ព្យាយាម​រក​នូវ​ឈុត​ឆាក​សម្ដែង​ណា​ដែល​ប្លែក​ៗ​ និង​ល្អ​មើល​ជូន​អ្នក​ទស្សនា​បាន​កម្សាន្ត​សប្បាយ​ និង​បាន​ស្គាល់​ពី​ក្បាច់​គុន​នេះ​ផង។​ បើ​ទោះ​ជា​ការ​សម្ដែង​ខ្លះ​ទទួល​បាន​ការ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​ ឬ​មិន​បាន​ឧបត្ថម្ភ​យ៉ាងណា​ក្ដី​ក៏​ក្រុម​កូន​សិស្ស​របស់​លោក​តែងតែ​ចំណាយ​ពេល​ហ្វឹកហាត់​សម​ និង​សម្ដែង​អស់​ពី​ចិត្ត​ជា​និច្ច​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​កីឡា​ផ្សេងៗ​ទាំង​អស់​នោះ​មាន​ការ​គាំទ្រ​ប្រកប​ដោយ​ទស្សនីយភាព​ប្លែក​អារម្មណ៍។​

ទិដ្ឋភាពសម្ដែងកន្លងទៅ

បញ្ជាក់​ដែរ​ថា​ រាល់​ការ​ទទួល​សម្ដែង​របស់​ក្រុម​តេក្វាន់ដូ ITF ​ក្នុង​កម្មវិធី​ផ្សេងៗ​កន្លង​មក​គឺ​តែងតែ​មាន​កីឡាករ កីឡាការិនី​ និង​ថ្នាល​ជា​ច្រើន​នាក់​ និង​បាន​សម្ដែង​ច្រើន​ក្បាច់​ស្នៀត​ជូន​អ្នក​ទស្សនា។​ កីឡាករ​ កីឡាការិនី​ រួម​ទាំង​ថ្នាល​តូច-ធំ​នេះ​គឺ​មក​ពី​ក្រុម​ជម្រើស​ជាតិ​ និង​ក្លឹប​ផ្សេងៗចំណុះ​ឲ្យសហព័ន្ធតេក្វាន់ដូ ITF។ ការ​ដឹកនាំ​សម្ដែង​កន្លង​ទៅ​នេះ​ដោយ​គ្រូ​ជម្រើស​ជាតិ​លោក​ ប៉ាល់​ ជីវ័ន​ លោក​ ទ្រី​ វលក្ខណ៍ និង​បានការ​ចង្អុល​បង្ហាញ​ពីថ្នាក់​ដឹកនាំ​សហព័ន្ធ​ផង​ដែរ។​ បើ​រាប់​ត្រឹម​ ២-៣​ខែ​ចុងក្រោយ​នេះ​ក្រុម​តេក្វាន់ដូ​ ITF កម្ពុជា​បាន​ចូលរួម​សម្ដែង​ក្នុង​ពិធី​បិទ​កីឡា​សិស្សបឋម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៦​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ ចូលរួម​សម្ដែង​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​វិទ្យាល័យ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ចូលរួម​សម្ដែង​បិទ​ការ​ប្រកួត​កីឡាវាយ​សីនគរបាល​អាស៊ីអាគ្នេយ៍​ នៅ​​មជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជាក្នុងបរិវេណសាលាបឋមសិក្សាចៅពញាហុក កាល​ពី​ថ្ងៃ​ទី៣០​ ឧសភា​ និង​គ្រោង​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ឧត្តមសិក្សា​ឆាប់ៗ​នៅ​ពេល​ខាង​មុខ​នេះ​ទៀត៕​

ក្រុមតេក្វាន់ដូ ITF កម្ពុជា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម