Connect with us

ព័ត៌មានអន្ដរជាតិ

​ភ្នាក់ងារ​​ស៊ើបការណ៍៖ ជាមធ្យម​ រុស្ស៊ី​អាច​បាញ់​មីស៊ីល​ប្លោង​ប្រមាណ​១០០គ្រាប់​​​ក្នុង១ខែ ចូលអ៊ុយ​ក្រែន​

បានផុស

នៅ

​ការ​វាយ​តម្លៃ​របស់ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធាអ៊ុយ​ក្រែន (HUR) បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​អាចបាញ់មីស៊ីល​ផ្លោង​រហូតដល់ ​១០០គ្រាប់ក្នុងមួយខែ វាយ​ប្រហារ​មក​លើ​ទឹក​ដី​​អ៊ុយ​ក្រែន ខណៈទី​ក្រុង​មូស្គូ​​នៅ​តែ​រក្សាបាននូវសន្និុធិ​​អាវុធ​ទាំង​នោះ​​យ៉ាង​មានស្ថិរភាព​។ នេះ​បើ​យោង​តាម​សារព័ត៌មាន Kyiv Post ផ្សាយ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៦ ។

ជាការឆ្លើយ​តប​ទៅនឹង​​សេចក្តីរាយការណ៍​របស់​​ Ukrainska Pravda ចេញ​ផ្សាយ​នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ទី​ភ្នាក់​ងារ​សម្ងាត់អ៊ុយក្រែន HUR បាន​​លើក​ឡើង​​ថា​​ ឧស្សាហកម្ម​​យោធា​​ដ៏សម្បូរបែប​របស់រុស្ស៊ី​​មាន​គម្រោង​ផលិត​មីស៊ីលផ្លោង 9M723 ប្រហែល ៧០០គ្រាប់​ សម្រាប់​ប្រព័ន្ធ​មីស៊ីល​យុទ្ធសាស្ត្រ Iskander ក្នុងឆ្នាំ២០២៦ ដែល​មាន​កម្រិត​ដូច​គ្នា​នឹង​ឆ្នាំ​មុន។

មីស៊ីល​បាលីស្ទិក​រុស្ស៊ី។ រូបភាព៖ The New York Post
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមទីភ្នាក់ងារ​សម្ងាត់​នេះ រុស្ស៊ី​កំពុងផលិតមីស៊ីលផ្លោង ​Iskander ចន្លោះពី៥៥ ទៅ ៦០​គ្រាប់ ក្នុងមួយខែ។

ភ្នាក់​ងារ​ HUR និយាយថា៖ « ដោយ​សារ​អត្រាផលិត​ទាំងនោះ​ សត្រូវ​អាច​ប្រើប្រាស់មីស៊ីល​​ផ្លោងរហូតដល់ ១០០គ្រាប់ក្នុង​មួយខែ​ ប្រឆាំង​នឹង​គោលដៅ​នៅ​លើទឹកដីអ៊ុយក្រែន ខណៈ​ពួក​គេ​នៅ​តែ​រក្សា​បានកម្រិត​បម្រុង​ដែលមានស្ថេរភាព»។

ចារកម្មយោធា ​ក៏បានរាយការណ៍​ពីការកើនឡើង​យ៉ាងខ្លាំង​នៃការផលិត​មីស៊ីល RM-48U ប្រើប្រាស់​ដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស S-300PM និង S-400 ដែល​រុស្ស៊ីបាន​ប្រើកាន់តែច្រើន​ក្នុង​ការ​វាយ​ប្រហារ​​ផ្ទាល់​ដីប្រឆាំង​នឹងគោលដៅអ៊ុយក្រែន។

យោង​តាម ​​HUR រុស្ស៊ីមានគម្រោងផលិតមីស៊ីលទាំងនោះ​ជាង ៤៨០ គ្រាប់ ​នៅឆ្នាំ២០២៦ បើប្រៀបធៀប​ទៅនឹង ២០០គ្រាប់​ កាល​ពី​ឆ្នាំ ២០២៥ ។​

អត្រា​ផលិតកម្ម​បច្ចុប្បន្ន​ត្រូវបានប៉ាន់ប្រមាណ​ថាមានរហូតដល់ ៥០គ្រាប់ក្នុងមួយខែ។

យោងតាម​ការវាយតម្លៃ​ចារកម្ម រុស្ស៊ីក៏មានគម្រោង​ផលិតមីស៊ីលបាលីស្ទិកល្បឿនលឿន​ជាងសំឡេង Kinzhal រហូតដល់ ៦០គ្រាប់ ក្នុង​ឆ្នាំនេះផងដែរ។

តួលេខ​ខាង​លើ​បង្ហាញថា ទីក្រុងមូស្គូកំពុង​បន្តពង្រីកសមត្ថភាពផលិត​មីស៊ីលរបស់ខ្លួន​ ទោះបីជាមានទណ្ឌកម្ម​ពីលោកខាងលិចនិងកិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បីរឹតត្បិត​ការចូលប្រើប្រាស់សមាសធាតុ​សំខាន់ៗក៏ដោយ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម