Connect with us

ព័ត៌មានជាតិ

លោក ហង់ជួន ណារ៉ុន ៖ ការវិនិយោគលើការអប់រំសុវត្ថិភាពចរាចរណ៍ គឺជាការវិនិយោគលើអនាគតកុមារ និងយុវជនកម្ពុជា

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការវិនិយោគលើការអប់រំសុវត្ថិភាពចរាចរណ៍ គឺជាការវិនិយោគលើអនាគតរបស់កុមារ និងយុវជនកម្ពុជា ដើម្បីរួម​ចំណែក​កសាងសហគមន៍មួយប្រកបដោយសុវត្ថិភាពនិងទំនួលខុសត្រូវខ្ពស់ចំពោះសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡានិងសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ (IATSS) នៃប្រទេសជប៉ុន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍កាលពីថ្ងៃទី៥ ខែមិថុនា។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋាភិបាលជប៉ុន តាមរយៈ IATSS ក្នុងការពង្រឹងការអប់រំសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងយុវជនកម្ពុជាដែលជាធនធានមនុស្ស និងអនាគតរបស់ប្រទេសជាតិ។

លោកបានបន្តថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ភាគីទាំងពីរបានព្រមព្រៀងពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការលើការអប់រំសុវត្ថិភាពចរាចរណ៍ តាមរយៈបេសកកម្មសំខាន់ៗជាច្រើន រួមមាន ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងសកម្មភាពកសាងសមត្ថភាពផ្សេងៗ ការស្រាវជ្រាវរួមគ្នាលើវិស័យសុវត្ថិភាពចរាចរណ៍ ការប្រមូល និងវិភាគទិន្នន័យ ព្រមទាំងការរៀបចំសន្និសីទសិក្ខាសាលា បណ្តាញសហការវិជ្ជាជីវៈ និងព្រឹត្តិការណ៍ពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកសាស្ត្រាចារ្យបណ្ឌិត TAKEUCHI Kazuhiko និងគណៈប្រតិភូ IATSS ព្រមទាំងតំណាងទីភ្នាក់ងារ JICA និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងការរីកចម្រើនជាបន្តបន្ទាប់រវាងកម្ពុជា និងជប៉ុន ក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

លោកបានបញ្ជាក់ថា តាមរយៈ IATSS និងទីភ្នាក់ងារ JICA ភាគីជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក IATSS បានក្លាយជាដៃគូដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញការអប់រំសុវត្ថិភាពចរាចរណ៍។ចាប់តាំងពីឆ្នាំ២០១៥ មក អង្គការនេះបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីភ្នាក់ងារJICA និងដៃគូពាក់ព័ន្ធផ្សេងៗ ដើម្បីអភិវឌ្ឍសម្ភារអប់រំ ធ្វើការស្រាវជ្រាវ ពង្រឹងសមត្ថភាពគ្រូបង្រៀន និងអនុវត្តកម្មវិធីជាក់ស្តែងនានា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ក្នុងចំណោមយុវជន។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យបណ្ឌិត TAKEUCHI Kazuhiko ប្រធានសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ (IATSS) នៃប្រទេសជប៉ុន បានបង្ហាញក្តីសោមនស្សរីករាយចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

លោកបានលើកឡើងថា បញ្ហាចរាចរណ៍មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយកត្តាសង្គមជាច្រើន។ ដោយហេតុនេះ IATSS បានអនុវត្តវិធីសាស្ត្រ «អន្តរកម្មសិក្សា» ដោយប្រមូលផ្តុំអ្នកស្រាវជ្រាវ និងអ្នកជំនាញមកពីវិស័យផ្សេងៗ ដើម្បីរួមគ្នាស្វែងរក និងបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់បញ្ហាសុវត្ថិភាពចរាចរណ៍៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម