Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ជួប​មនុស្សជំនិតរបស់​ត្រាំ ត្រៀមរៀបចំផែនការសន្តិភាពធំ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសដោយក្តីសង្ឃឹមខ្ពស់កាលពីថ្ងៃចន្ទ ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៦ ជុំវិញលទ្ធផលដ៏ផ្អែមល្ហែមនៃកិច្ចពិភាក្សាជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff និងលោក Jared Kushner ដែលត្រូវជាកូនប្រសាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក ហ្សេលេនស្គី ក្នុង​ជំនួប​ជាមួយ​បេសកជន​អាមេរិក (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ France24 លោក ហ្សេលេនស្គី បានកោតសរសើរមិនដាច់ពីមាត់ ចំពោះការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីអាមេរិក ក្នុងការលូកដៃជួយដោះស្រាយ និងបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន ឱ្យចេញជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហោះសារនៅលើ​គណនី Telegram ទាំងអារម្មណ៍រំភើបថា វាគឺជាកិច្ចសន្ទនាដ៏មានផ្លែផ្កា និងវិជ្ជមានបំផុត។ លោកបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកជនអាមេរិកទាំងពីររូប ដែលបានប្តេជ្ញាចិត្តចូលខ្លួនមកធ្វើការងារយ៉ាងសកម្មបំផុត ចាប់ពីពេលនេះតទៅ ដើម្បីជំរុញ​យន្តការការទូតឱ្យកាន់តែលឿន សំដៅបិទបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន។

ការទម្លាយសារផ្អែមល្ហែមនេះ បានធ្វើឡើងខណៈពេលដែលលោក ហ្សេលេនស្គី កំពុងធ្វើដំណើរត្រឡប់មកទីក្រុងកៀវវិញ បន្ទាប់ពីលោកបានបញ្ចប់កិច្ចចរចាដ៏សំខាន់នៅទីក្រុងឡុងដ៍ ជាមួយមេដឹកនាំមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីស្វែងរកច្រកចេញនៃសង្គ្រាមដែលបានអូសបន្លាយពេលអស់រយៈពេល​ជាង ៤ឆ្នាំមកនេះ។ ក្នុងជំនួបនៅអឺរ៉ុបនោះ មេដឹកនាំទាំងបីប្រទេស បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះសំណើដែលចង់ឱ្យមានជំនួបពិភាក្សាផ្ទាល់រវាងលោក ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងបំណងស្វែងរកបទឈប់បាញ់ ហើយបណ្តាប្រទេសអឺរ៉ុបក៏នឹងចូលរួមចំណែកដើរតួនាទីយ៉ាងសំខាន់ក្នុងរឿងនេះផងដែរ។

កន្លងមក កិច្ចចរចាសន្តិភាព ដែលមានអាមេរិកជាអ្នកសម្របសម្រួល ក្រោមការដឹកនាំរបស់លោក Witkoff និងលោក Kushner មានភាពគាំងស្ទះ និងមិនទៅមុខទាល់តែសោះ ដោយសារតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានងាកទៅផ្តោតអារម្មណ៍ខ្លាំងលើជម្លោះដ៏ក្តៅគគុក នៅក្នុងប្រទេសអ៊ីរ៉ង់វិញ។ ជុំវិញបញ្ហានេះ លោក ហ្សេលេនស្គី បានបង្ហើបថា លោកពិតជាយល់ច្បាស់ថា ខណៈពេលនេះខ្សែភ្នែកពិភពលោកទាំងមូល កំពុង​សម្លឹង​ទៅរកប្រទេសអ៊ីរ៉ង់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គោលដៅរួមក្នុងការបង្កើតសន្តិភាពនៅលើទឹកដីអឺរ៉ុប ក៏ត្រូវតែស្ថិតនៅលើតុចរចាជានិច្ចដែរ។ ជាមួយគ្នានេះ លោក និងបេសកជនអាមេរិក ក៏បានជជែកគ្នាពីឱកាស និងលទ្ធភាពនៃការជួបចរចាបន្ថែមនៅក្នុងកិច្ចប្រជុំកំពូល G7 នាពេលខាងមុខ នៅក្នុងទីក្រុងរមណីយដ្ឋាន អេវីយ៉ង់ (Evian) នៃប្រទេសបារាំង ព្រមទាំងបានអរគុណអាមេរិក ដែលបានផ្តល់តម្លៃ និងវាយតម្លៃខ្ពស់ចំពោះជំហររបស់អ៊ុយក្រែន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម