Connect with us

ព័ត៌មានជាតិ

ITUC-AP គាំទ្រការកសាងសមត្ថភាពសហជីពកម្ពុជា ក្នុងយន្តការត្រីភាគី

បានផុស

នៅ

លោក Shoya Yoshida អគ្គលេខាធិការ នៃ (ITUC-AP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការគាំទ្រការកសាងសមត្ថភាពសហជីពកម្ពុជា ដើម្បីឲ្យការចូលរួមរបស់សហជីពក្នុងយន្តការត្រីភាគីមានគុណភាព ការស្ថាបនា និង ផ្តោតលើផលប្រយោជន៍រួមរបស់កម្មករ-និយោជិត និង សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញចំណាប់អារម្មណ៍​នេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក Atle Hoie អគ្គលេខាធិការ នៃសហព័ន្ធសហជីពសកល IndustriALL និង លោក Shoya Yoshida អគ្គលេខាធិការ នៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ITUC-AP) ក្នុងអំឡុងពេលកិច្ចប្រជុំ នៃសន្និសីទអន្តរជាតិខាងការងារ លើកទី ១១៤ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហការឲ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គម សេរីភាពក្នុងការបង្កើតសមាគម និង ការកសាងសមត្ថភាពសហជីព ក៏ដូចជាពិភាក្សាអំពីការពង្រឹងការអនុលោមភាព កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Atle Hoie លោក ហេង សួរ បានសង្កត់ធ្ងន់លើរចនាសម្ព័ន្ធត្រីភាគីដ៏រឹងមាំរបស់កម្ពុជា រួមមាន ៖ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និង គណៈកម្មាធិការជាតិសុវត្ថិភាព និង សុខភាពការងារ ដែលជាគ្រឹះស្ថានបម្រើដល់កិច្ចសន្ទនាសង្គម។ ក្នុងនោះ លោកក៏បានលើកឡើងពីកំណើន នៃអង្គការវិជ្ជាជីវៈ ដែលបានចុះបញ្ជីនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំ នៃការរីកចម្រើន នៃសេរីភាពអង្គការវិជ្ជាជីវៈ និង ការចរចាជាសមូហភាពនៅកម្ពុជា។

លោក Atle Hoie បានស្វាគមន៍ចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងការពង្រឹងយន្តការត្រីភាគី និង ទំនាក់ទំនងវិជ្ជាជីវៈ ហើយលោកក៏បានបញ្ជាក់ពីឆន្ទៈរបស់ IndustriALL ក្នុងការបន្តសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្ពុជា និង លើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និង កាបូប។

ភាគីទាំងពីរ ក៏បានពិភាក្សាលើការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និង ការត្រួតពិនិត្យអនុលោមភាពក្នុងខ្សែចង្វាក់ផលិតកម្ម (Supply Chain Due Diligence) រួមទាំងការចូលរួមរបស់កម្ពុជាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ស្ដីពីសហគ្រាសពហុជាតិសាសន៍ និង គោលនយោបាយសង្គមរបស់អង្គការ ILO , គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និង សិទ្ធិមនុស្ស និង គោលការណ៍ណែនាំរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់សហគ្រាសពហុជាតិ។

ដោយឡែក នៅក្នុងជំនួបជាមួយលោក Shoya Yoshida វិញ លោករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់របស់ ITUC ដែលជាតំណាងសំឡេងសកលរបស់កម្មករ-និយោជិត នៅក្នុងវេទិកាជាសកលជាមួយសមាសភាពត្រីភាគីនានា ក្នុងគោលដៅសម្រេចឲ្យបានយុត្តិធម៌សង្គមសម្រាប់គ្រប់គ្នា។ លោកបានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈយន្តការត្រីភាគី និង កិច្ចសន្ទនាសង្គម ដែលជាមូលដ្ឋានគ្រឹះនៅក្នុងកម្មវិធីការងារសមរម្យប្រចាំប្រទេស (Decent Work Country Programme) ឆ្នាំ ២០២៤-២០២៨។

លោកក៏បានលើកសំណើឲ្យមានសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមមាន ៖ ការគាំទ្រសមត្ថភាពរបស់សហព័ន្ធសហជីព នៃក្រុមប្រឹក្សា ITUC-កម្ពុជា ដើម្បីធានាតួនាទីដ៏មានសារៈសំខាន់របស់សហជីព ដែលជាផ្នែកមួយដ៏ចាំបាច់នៅក្នុងយន្តការត្រីភាគី ការបណ្តុះបណ្តាលសម្រាប់ថ្នាក់ដឹកនាំសហជីពស្តីពីបទដ្ឋានអន្តរជាតិខាងការងារ និង ការរួមសហការគ្នាជំរុញលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនាសង្គមនៅក្នុងតំបន់អាស៊ាន។

លោក Shoya Yoshida បានវាយតម្លៃខ្ពស់ចំពោះការបើកចំហរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសន្ទនាសង្គមជាមួយសហជីព និង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការគាំទ្រការកសាងសមត្ថភាពសហជីពកម្ពុជា ដើម្បីឲ្យការចូលរួមរបស់សហជីពក្នុងយន្តការត្រីភាគីមានគុណភាព ការស្ថាបនា និង ផ្តោតលើផលប្រយោជន៍រួមរបស់កម្មករ-និយោជិត និង សេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តរួមគ្នា ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីប្រកបដោយតម្លាភាព ដែលជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់សិទ្ធិការងារ និង សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម