Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងសង្គ្រាមអ៊ីរ៉ង់ ក្លាយជាមេរៀនប្រកាសអាសន្ន រុញឲ្យកូរ៉េខាងជើងសម្រុកពន្លឿនសមត្ថភាពនុយក្លេអ៊ែរ

បានផុស

នៅ

ការវិវត្តយ៉ាងគំហុក នៃស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសយុទ្ធនាការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កំពុងបង្កជាផលប៉ះពាល់ជះឥទ្ធិពលយ៉ាងខ្លាំងដល់ភូមិសាស្ត្រនយោបាយសកលលោក។ ព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះ មិនត្រឹមតែផ្លាស់ប្តូរវាសនារបស់ទីក្រុងតេហេរ៉ង់នោះទេ ប៉ុន្តែវាក៏កំពុងក្លាយជាកតាលីករ និងជាមេរៀនដ៏សំខាន់មួយ ដែលជំរុញ​ឱ្យរបបដឹកនាំក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង ប្រឹងប្រែងបង្កើន និងពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនទ្វេដង ដើម្បីការពារការរស់រានរបស់របបដឹកនាំ។

លោក គីម ជុងអ៊ុន (រូបថត៖ NK News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការវិភាគរបស់ក្រុមអ្នកជំនាញអន្តរជាតិ ការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើរចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ បានបង្កើតជាសម្ពាធផ្លូវចិត្ត និងការព្រួយបារម្ភយ៉ាងខ្លាំងដល់កូរ៉េខាងជើង អំពីសន្តិសុខជាតិរបស់ខ្លួន។ យោងតាមអត្ថបទវិភាគរបស់សារព័ត៌មានសិង្ហបុរី ThinkChina.sg ការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងព្រឹត្តិការណ៍វាយប្រហារតាមអាកាសដ៏ធំ កាល​ពី​ចុង​ខែកុម្ភៈ ឆ្នាំ​២០២៦ កន្លងទៅ បានធ្វើឱ្យទីក្រុងព្យុងយ៉ាង មើលឃើញកាន់តែច្បាស់ថា ប្រទេសដែលមិនទាន់មានអាវុធនុយក្លេអ៊ែរពេញលេញ សម្រាប់ការពារខ្លួន គឺងាយរងគ្រោះបំផុតពីការវាយប្រហារប្តូររបបពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ការណ៍នេះ ធ្វើឱ្យកូរ៉េខាងជើងយល់ឃើញថា យុទ្ធសាស្ត្រពន្លឿនការអភិវឌ្ឍអាវុធមហាប្រល័យ គឺជាជម្រើសតែមួយគត់ ដែលមិនអាចចរចាបាន។

ទាក់ទិននឹងបញ្ហានេះ លោកសាស្រ្តាចារ្យ Eyal Zisser ដែលជាអ្នកជំនាញកិច្ចការមជ្ឈិមបូព៌ាមកពីសាកលវិទ្យាល័យ Tel Aviv បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអ៊ីស្រាអែល The Jerusalem Post ថា បណ្តាប្រទេស ដែលប្រឆាំងនឹងអាមេរិក បានដកស្រង់មេរៀនពីអតីតកាលយ៉ាងច្បាស់។ លោកបានពន្យល់ថា មេដឹកនាំដែលបានយល់ព្រមបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ដូចជា លោក Muammar Gaddafi របស់លីប៊ី និងលោក Saddam Hussein របស់អ៊ីរ៉ាក់ សុទ្ធតែត្រូវបាត់បង់ជីវិត និងរលាយរលត់របបដឹកនាំ ដោយសារតែពួកគេខ្វះខាត «អាវុធសម្រាប់កំញើញ» មហាអំណាច។ ផ្ទុយទៅវិញ លោកសាស្រ្តាចារ្យ Zisser បានសង្កត់ធ្ងន់ថា មេដឹកនាំកូរ៉េខាងជើងដែលមានគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងដៃ បែរជាមាន «ភាពស៊ាំ» និងសុវត្ថិភាពពីការវាយប្រហារយោធាផ្ទាល់ពីខាងក្រៅទៅវិញ។ មេរៀនផ្ទុយគ្នារវាងវាសនារបស់អ៊ីរ៉ង់ លីប៊ី និងកូរ៉េខាងជើងនេះហើយ ដែលជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុត បង្ខំឱ្យកូរ៉េខាងជើងបន្តចាក់លុយ និងធនធាន ដើម្បីពង្រីកឃ្លាំង​អាវុធនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត។

ថ្វីដ្បិត​មានការថ្កោលទោស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីសំណាក់សហគមន៍អន្តរជាតិអស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ក៏កូរ៉េខាងជើង មិនដែលបង្ហាញសញ្ញារកកិច្ចចរចា ដើម្បីរំសាយអាវុធនុយក្លេអ៊ែរពិតប្រាកដនោះទេ។ អ្នកវិភាគយុទ្ធសាស្រ្តយោធា យល់ឃើញថា ដរាបណាជម្លោះនៅមជ្ឈិមបូព៌ា និងការគំរាមកំហែងដល់របបដឹកនាំរបស់ប្រទេសដទៃទៀត នៅតែបន្តកើតមាន នោះទីក្រុងព្យុងយ៉ាងនឹងរឹតតែរឹងរូស និងបន្តអភិវឌ្ឍសមត្ថភាពបាញ់មីស៊ីលឆ្លងទ្វីប ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរឲ្យទៅដល់កណ្តាលទឹកដីសហរដ្ឋអាមេរិក ដើម្បីជាខែលការពារខ្លួនប្រកបដោយប្រសិទ្ធភាពបំផុត។ ផ្សែងភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ មិនត្រឹមតែដុតកម្ដៅ​តំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបន្តចាក់សាំងលើភ្លើងនៃការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ នៅតំបន់អាស៊ីបូព៌ាយ៉ាងពិតប្រាកដ៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម