Connect with us

ព័ត៌មានជាតិ

លម្អិត​បន្ថែម​​ពីអត្តសញ្ញាណ​ជនជាតិ​ខ្មែរ​​ទាំង ៧ នាក់ ឆ្លង​មេរោគ​បំប្លែង​ខ្លួន​​ថ្មី ​មានប្រភព​មកពី​ឥណ្ឌា

បានផុស

នៅ

ក្រសួងសុខាភិបាលបាន​ចេញ​សេចក្តីជូនព័ត៌មាន​ពី​ការរកឃើញវីរុសកូវីដ-១៩ បំប្លែង​ខ្លួន​ថ្មីប្រភេទ B.1.617-2 (Delta) ប្រភព​មកពី​ឥណ្ឌា​ចំនួន ០៧ នាក់​ជាពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ។

យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជាបាន​រក​ឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែង​ថ្មីប្រភេទ B.1.617-2 (Delta) ចំនួន ០៧នាក់ ជាអ្នកដំណើរ​វិល​ត្រឡប់​មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ។

តាមការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ពីប្រភព​និង​អត្តសញ្ញាណជនរងគ្រោះទាំង ៧ នាក់ដែល​ឆ្លង​មេរោគ​ថ្មីមាន​៖

១. ខេត្តបន្ទាយមានជ័យ (ចំនួន ០១នាក់)៖

-ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានទីលំនៅ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាពលករមកពីប្រទេសថៃ (ខេត្តឈុនបូរី)។​ ស្រ្តី​រូប​នេះមានមុខ​របរ​ជា​កម្មករ​សំណង់រយៈពេល ០១ឆ្នាំនៅប្រទេស​ថៃ ហើយ​បាន​ត្រឡប់ចូលកម្ពុជាតាមច្រកព្រំដែនអូរបីជាន់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត ១ ដោយដាក់ឲ្យនៅដាច់ដោយឡែកតែម្នាក់ឯង។

២. ខេត្តឧត្តរមានជ័យ (ចំនួន ០២នាក់)៖

-បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិម្រើម ឃុំដា ស្រុកចិត្របូរី ខេត្តក្រចេះ មាន​មុខ​របរ​ជាកម្មករសំណង់​ប្រហែលមួយ​ឆ្នាំ​ នៅក្រុមហ៊ុនមួយនៅ​ទីក្រុង​បាងកកជា​តំបន់​ផ្ទុះ​អ្នកកើតកូវីដ-១៩ ច្រើន។ ជនរងគ្រោះ​បានចូល​មក​កម្ពុជាតាមច្រកអូរស្មាច់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។

-បុរស​​ម្នាក់​ទៀត​ជា​ជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប​មាន​មុខរបរ​ជា​កម្មករ​សំណង់​នៅក្រុមហ៊ុនមួយ​នៅទីក្រុង​បាងកក​ធ្វើការ​បាន​ប្រហែលជា ៥ខែ បានចូលមកកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ តាមច្រកអូរស្មាច់។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ខេត្តសៀមរាប (ចំនួន ០២នាក់)៖

-ស្ត្រីជនជាតិខ្មែរ អាយុ ៤០ឆ្នាំ មានអាស័មដ្ឋាននៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាពលករ បានវិលត្រឡប់មកពីប្រទេសថៃ (ឈុនបូរី) តាមច្រកព្រំដែនកម្ពុជា-ថៃ មកដល់កម្ពុជានាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និងស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានទីលំនៅនៅភូមិតាយិក ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាពលករ (នៅទីក្រុងបាងកក) បានវិលត្រឡប់ចូលមកកម្ពុជានៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ តាមច្រកព្រំដែនកម្ពុជា-ថៃ។ បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

៤. ខេត្តកំពង់ចាម (ចំនួន ០១នាក់)៖

-បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិរលាក ឃុំស្រែក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ធ្វើ​ការ​ជាកម្មករសំណង់នៅក្រុងបាងកក​ ប្រទេសថៃ បានចូលមកប្រទេសកម្ពុជា តាមច្រកអូរស្មាច់ នៃខេត្តឧត្តមានជ័យ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

៥. ខេត្ត កំពត (ចំនួន ០១នាក់)៖

– ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានទីលំនៅនៅក្រុងកំពត ខេត្តកំពត មកពីឈុនបូរី ប្រទេសថៃ ឆ្លងចូលមកកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ តាមច្រកព្រំដែនកម្ពុជា-ថៃ។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត តាំងពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម