ព័ត៌មានជាតិ
តំបន់មួយនៅជាយក្រុងភ្នំពេញ ពលរដ្ឋធ្វើនំបញ្ចុកលក់តជំនាន់
ភ្នំពេញ ៖ នំបញ្ចុកគឺជាមុខម្ហូបមួយប្រភេទកើតឡើងដោយការរួមផ្សំអំពីភោគផលដែលមានសម្បូរហូរ ហៀរនៅក្នុងប្រទេសកម្ពុជា ហើយបច្ចប្បន្នបានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមនិយមចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលនិយមបរិភោគនំបញ្ចុក បន្ទាប់ពីបាយដែលជាអាហារប្រចាំថ្ងៃ។

លោកឃឹម លាភ ជាអ្នកធ្វើនំបញ្ចុកម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀតក្នុងភូមិគ្រោះ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា របរធ្វើនំបញ្ចុក វាជារបរមួយសាមញ្ញដែលប្រើប្រាស់នូវឧបករណ៍ធម្មតាក៍បាន ដែលមានដូចជាប៉ែន កញ្ជ្រែង កញ្ជើ កន្ត្រង ត្បាល់បុក ត្បាល់ជាន់ ត្បាល់កិន ឆ្នាំងជាដើម។ ម្យ៉ាងទៀតពុំចាំបាច់ មានចំណេះវិជ្ជាជ្រៅជ្រះទេគឺប្រើប្រាស់ត្រឹមកម្លាំងកាយ និងការអំណត់ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់នោះជាកាស្រេច។
លោកឃឹម លាភ ប្រាប់ឲ្យដឹងទៀតថា របៀបធ្វើនំបញ្ចុកមុនដំបូងគេយកអង្ករទៅត្រាំទឹកឲ្យបាន២យប់ រួចហើយគេយកមកកិនឲ្យទៅជាម្សៅ បន្ទាប់មកគេយកម្សៅនោះទៅចម្រោះឲ្យស្ងួតទឹក បន្ទាប់មកទៀតគេយកទៅស្ងោរ ហើយគេយកទៅច្រកក្នុងប៉ែនទើបយកស្នូលឈើ ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន បន្ទាប់មកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាល ឬកញ្ច្រែង ទុកឲ្យស្រស់ទឹកជាការស្រេច។


នំបញ្ចុកភាគច្រើនគេឃើញយកទៅទទួលនៅក្នុងកម្មវិធីជប់លៀង បុណ្យនិងកម្មវិធីផ្សេងៗជាច្រើនទៀត។ លោកបញ្ជាក់ថា ភូមិគ្រោះ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៍ជាកន្លែងផលិតនំបញ្ចុកដែលទទួលបានជោគជ័យ និងច្រើនផងដែរនាពេលបច្ចប្បន្ននេះ។
នំបញ្ចុកគឺជាមុខម្ហូបមួយប្រភេទ ដែលមានឱជារសច្រើនយ៉ាង ដោយសារគេកែច្នៃគ្រឿងផ្សំផ្សេងៗដទៃផ្សេងៗគ្នា មានទឹកសម្លប្រហើរ ទឹកសម្លខ្ទិះ ឬការី និងអាចទទួលទានបានជាច្រើនមុខបន្ថែមទៀត បន្ថែមរសជាតិឲ្យកាន់តែឆ្ងុយឆ្ងាញ់ទៅទៀតនោះគេទទួលទានលាយជាមួយរបោយបន្លែទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និងតាមតំបន់នីមួយៗ ដែលនិយមទទួលទាននំបញ្ចុកខ្មែរ។
នំបញ្ចុកសឹងជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាចឬប្រើជំនួសបាយម្តងម្កាលថែមទៀតផង។ មិនតែប៉ុណ្ណោះនំបញ្ចុក កាន់តែបានទទួលនូវការនិយមជាទូទៅ និងខ្លាំងឡើង ទៀតក្នុងគ្រប់ស្រទាប់ប្រជាជន ដែលបានកែច្នៃគ្រឿងផ្សំសម្រាប់ ទទួលទានបានជាច្រើនមុខថែមទៀត ដូចជា ទទួលទានជាមួយសម្លខ្ទិះ(ការី) ផ្ទាប់ជាមួយសាច់ផ្សេងៗ និងទឹកសម្លប្រហើរដែលអមទៅដោយត្រី ព្រមទាំងទឹកគ្រឿងជាច្រើនទៀត។ល។និង។ល។ ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបបានជា«ការធ្វើនំបញ្ចុក» ក្លាយជាមុខ របរមួយដ៏ប្រសើរ ប្រចាំជីវភាពគ្រួសារ របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ហើយវាក៍ជារបរមួយសាមញ្ញ ប្រើប្រាស់នូវឧបករណ៍ធម្មតាក៍បាន ប្រើប្រាស់នូវឧបករណ៍កែច្នៃធ្វើដោយម៉ាស៊ីនក៍បាន។
អ្នកស្រីម៉ម សុខែម ដៃកំពុងចាប់ចង្វាយនំបានប្រាប់ឲ្យដឹងថា នំបញ្ចុកបច្ចប្បន្ន បានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមនិយមចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៍ដូចជាជនបរទេសជាច្រើនដែលនិយមបរិភោគនំបញ្ចុក បន្ទាប់ពីបាយដែលជាអាហារប្រចាំថ្ងៃ និងភាគច្រើនគេឃើញយកទៅទទួលនៅក្នុងកម្មវិធីជប់លៀង បុណ្យនិងកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ។
អ្នកស្រីបន្តថា របរធ្វើនំបញ្ចុកនេះ វាជារបរតមកពីដូនតា ហើយអ្នកស្រីចេះតពីម្តាយមកក្នុងទស្សវត្តឆ្នាំ៨០។ នៅក្នុងភូមិគ្រោះនេះមានអ្នកប្រកបរបរនេះ តាមគ្នាច្រើនដែលបង្កើតឡើងទទួលបានជោគជ័យ តែក៍មានអ្នកខ្លះដួលបះជើងក៏ច្រើនដែរ នៅក្នុងមុខរបរនេះ ពីព្រោះវាមានចំនួនអ្នកធ្វើច្រើនដែលដេញជើងគ្នាបញ្ចុះតម្លៃដណ្តើមម៉ូយនោះ។
អ្នកស្រីបញ្ជាក់ថា ក្នុងការធ្វើវាមិនស្រួលហើយក៍មិនពិបាកប៉ុន្មានទេ កម្មករត្រូវការច្រើនគឺអ្នកចាប់ចង្វាយ ក្រៅពីនោះមានតែកម្លាំងមនុស្សប្រុស២ទៅ៣នាក់គ្រប់គ្រាន់ហើយ ខណៈយើងធ្វើត្រឹមអង្ក៥ទៅ៦រយគីឡូក្រាម ស្មើនឹងប្រមាណជាង១ពាន់គីឡូនំបញ្ចុកនោះ រីឯប្រាក់ចំណូលគឺយើងទទួលបានសមរម្យទៅតាមលត្ថភាពដែលយើងធ្វើ។ អ្នកស្រីបន្តទៀតថា ពី១ឆ្នាំទៅ១ឆ្នាំបើម៉ូយដាក់អង្ករល្អឲ្យដោយធ្វើម្សៅមិនខូចនោះ យើងមិនភ័យព្រួយខ្លាចខាតនោះឡើយ ព្រោះបច្ចប្បន្នបើលក់រាយ ក្នុង១គីឡូក្រាមបានតម្លៃ២៥០០រៀល រីឯបោះដុំឲ្យម៉ូយជារៀងរាល់ថ្ងៃបានតម្លៃ១៥០០រៀលផងដែរ។

អ្នកស្រីម៉ម សុខែម ប្រាប់ឲ្យដឹងទៀតថា របរធ្វើនំបញ្ចុកនេះ អ្នកខ្លះមើលមកថាសាមញ្ញទេ តែបើអ្នកដឹងវិញនោះក៍មិនធម្មតាដែរ បើយើងធ្វើក្នុង១ថ្ងៃបានចាប់ពី៥រយគីឡូក្រាមអង្ក ឡើងទៅ គឺអាចទទួលបានប្រាក់ចំណេញ ដែលធ្វើឲ្យជីវភាពគ្រួសាររស់នៅបានសមរម្យ ហើយបើមានកូនរៀនត្រឹមមហាវិទ្យាល័យម្នាក់ ឫពីរនាក់ក៍មិនលំបាកភ័យព្រួយក្នុងការផ្គត់ផ្គង់នោះឡើយ។
អ្នកស្រីបញ្ជាក់ថា កន្លងមកអ្នកស្រីមានកូនស្រី៤នាក់នៅក្នុងបន្ទុក រៀនមហាវិទ្យាល័យ២នាក់រៀនវិទ្យាល័យ២នាក់ ដោយកូនបានរៀនចប់ទាំងអស់។ បើទោះជាក្នុងខណៈការរីករាលដាលនៃជំងឺកូវីដ១៩ មិនសូវមានអ្នកកុម្មង់ច្រើនដូចមុនមែន តែតទៅថ្ងៃមុខរបរធ្វើនំបញ្ចុកដែលអ្នកស្រីទទួលបានជោគជ័យកន្លងមកនេះ អ្នកស្រីមិនប្តូរឡើយ ព្រោះថាអ្នកស្រីប្រកបរបរនេះតមកពីឪពុកម្តាយផង និងជាកេរ្តិ៍តំណែងពីដូនតាមកផង ដូច្នេះរបរមួយនេះ អ្នកស្រីនឹងបន្តទៅឲ្យកូនម្នាក់ណាដែលគេចង់ធ្វើជាបន្តទៀត៕
អត្ថបទ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ