ព័ត៌មានជាតិ
លោក មុត ចន្ថា ៖ សិទ្ធិ ដែលសំខាន់ជាងគេបំផុត សម្រាប់មនុស្ស គឺ «សិទ្ធិរស់រានមានជីវិត»
លោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា សិទ្ធិដែលសំខាន់ជាងគេបំផុតសម្រាប់មនុស្ស គឺ «សិទ្ធិរស់រានមានជីវិត(right to life)» ដូច្នេះបើគ្មានសិទ្ធិនេះទេ មនុស្សគ្រប់រូបគ្មានសិទ្ធិអ្វីទាំងអស់។
ការលើកឡើងរបស់ខាងលើនេះ គឺស្របគ្នាទៅនឹងការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានថ្លែងថា សិទ្ធិដែលដំបូងបំផុត ដែលប្រជាពលរដ្ឋ ត្រូវទទួលបានមុនគេ មិនមែនសិទ្ធិបញ្ចេញមតិ ឬក៏ប្រជាធិបតេយ្យឡើយ គឺ «សិទ្ធិរស់រានមានជីវិត»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលអញ្ជើញ ទៅទទួលវ៉ាក់សាំង Astra Zeneca ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ដោយបានបញ្ជាក់ទៅកាន់មតិមួយចំនួនថា មរតករបស់សម្ដេច មិនមែនមានត្រឹមតែវ៉ាក់សាំងនោះទេ ពោលគឺមរតករបស់សម្ដេចមានច្រើនទៀត ដូចជា៖ ការរំដោះប្រជាជន ចេញពីការស្លាប់នៃរបបខ្មែរក្រហម, ការយកប្រជាជនកម្ពុជា ចេញផុតពីសង្គ្រាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ និងមានមរតកជាច្រើនផ្សេងទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «មរតកហ៊ុន សែន មានច្រើនទៀត ក៏ប៉ុន្តែខ្ញុំគ្រាន់តែរំលឹកថា នេះខ្ញុំមិនចង់បានមរតក ឬមិនមរតកទេ តែអ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺសុខុមាលភាពរបស់ប្រជាជន ជីវិតរបស់ប្រជាជន ត្រូវបានធានា ហើយជីវិតដំបូងបំផុត មិនមែនសិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យទេ គឺសិទ្ធិរស់រានមានជីវិត ដែលត្រូវតែទទួលបានមុនគេ….ដូច្នេះទោះបីអ្នកណា ចង់និយាយពីអី ក៏និយាយ តិទៀនច្បាប់កម្ពុជា ក៏តិទៀនទៅចុះ តែច្បាប់របស់កម្ពុជា ធ្វើដើម្បីការពារជីវិតមនុស្ស អ្នកចង់និយាយពីអ្វី គឺនិយាយតាមអ្នកចិត្តចង់ ក៏ប៉ុន្តែអ្វីដែលខ្ញុំ បាននឹងកំពុងធ្វើ គឺការពារជីវិតប្រជាជន កុំឲ្យស្លាប់»។
លោក មុត ចន្ថា ដែលបានអះអាងថា រូបលោកជាមេធាវីសិទ្ធិមនុស្ស និងធ្លាប់ធ្វើការ លើវិស័យសិទ្ធិមនុស្ស ជាមួយ UN ទាំងក្នុង និងក្រៅប្រទេសជិត២០ឆ្នាំ។ នៅលើគណនីហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានលើកឡើង ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការ ដោយ «ស្ម័គ្រចិត្ត» និងដោយ «កាតព្វកិច្ច» តើមួយណារំលោភសិទ្ធិមនុស្ស?

អតីតមន្ត្រីបក្សប្រឆាំងរូបនេះ បានសរសេរថា «សិទ្ធិដែលសំខាន់ជាងគេបំផុតសម្រាប់មនុស្ស គឺ «សិទ្ធិរស់រានមានជីវិត(right to life)» ដូច្នេះបើគ្មានសិទ្ធិនេះទេ មនុស្សគ្រប់រូបគ្មានសិទ្ធិអ្វីទាំងអស់។ ចំណែកសិទ្ធិសុខភាព (rights to health) គឺមានតម្លៃស្មើនឹងសិទ្ធិរស់រានមានជីវិត ដែលត្រូវបានកំណត់ជាកាតព្វកិច្ចរបស់រដ្ឋក្នុងការធានាឱ្យប្រជាពលរដ្ឋទទួល បាននូវការត្រួតពិនិត្យសុខភាព និងការព្យាបាលនៅពេលមានជំងឺ តាមរយៈការបង្កើត ឱ្យមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ឧបករណ៍និងបរិក្ខាវិជ្ជសាស្រ្ត ឱសថ និងក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលដែលមានគុណភាពនិងវិជ្ជាជីវៈ»។
លោកថា ដូច្នេះការកំណត់ជាកាតព្វកិច្ច សម្រាប់ការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ បង្ការ និងការពារចំពោះជំងឺឆ្លង ឬរោគរាតត្បាត គឺជាកាតព្វកិច្ច និងករណីកិច្ចរបស់រដ្ឋ ដែលត្រូវបានប្បញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដូចជា «កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ» និង «កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»។ រដ្ឋមានសិទ្ធិអធិបតេយ្យ ក្នុងការរៀបចំយន្តការ និងវិធានការ ដើម្បីការពារអាយុជិវិត របស់ប្រជាពលរដ្ឋខ្លួនពីជំងឺឆ្លង ឬរោគរាតត្បាតនានា វៀរលែងតែការ ធ្វើពិសោធន៍ខាងវិជ្ជសាស្រ្ត ត្រូវបានហាមឃាត់។
លោក មុត ចន្ថា បានសរសេរបន្តថា ការតម្រូវឱ្យចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង មិនមែនទើបតែអនុវត្តនៅពេលនេះទេ ប៉ុន្តែវ៉ាក់សាំងមួយចំនួន ត្រូវបានអង្គការសុខភាពពិភពលោក តម្រូវឱ្យរដ្ឋនីមួយៗ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដូចជា៖ វ៉ាក់សាំងៈ ស្វិតដៃជើង (polio) កញ្ជ្រឹល អុតស្វាយ រលាកស្រោមខួរ ផ្តាសាយ ។ល។
លោកបានលើកឡើងថា កាលពីពេលថ្មីៗនេះ នៅសហរដ្ឋអាមេរិក ក៏មានការស្ទង់មតិ ក្នុងចំណោមអ្នកជំនាញ អំពីវ៉ាក់សាំងបង្ការកូវីដកាតព្វកិច្ច ដោយហេតុថា ប្រជាជនអាមេរិកជិតពាក់កណ្តាល មិនព្រមចាក់វ៉ាក់សាំង (ភាគច្រើនជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ) ដែលត្រូវបានរកឃើញថា ជាក្រុមមនុស្សងាយ នឹងការឆ្លងកូវីដ-១៩ និងវីរ៉ុសបំប្លែងថ្មី Delta និងជាប្រភពចម្លងផងដែរ។ ខណៈដែលចំនួនអ្នកឆ្លងថ្មី បានកើនឡើងពីជាង ២ម៉ឺន ទៅជាង ៨ម៉ឺននាក់។ មតិភាគច្រើន នៃក្រុមជំនាញយល់ថា គួរតែកំណត់វ៉ាក់សាំងកាតព្វកិច្ច។
លោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា «សរុបមកវិញ តាមគោការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ស្តីពី ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ត្រូវផ្អែកលើគោលការណ៍ «សុវត្ថិភាព» និង «ប្រសិទ្ធភាព»។ ចំណែកគោលការណ៍សិទ្ធិមនុស្ស ហាមការធ្វើពិសោធន៍ផ្នែកវិជ្ជសាស្រ្ត ទៅលើមនុស្ស។ ដូច្នេះបើសិន ជាវ៉ាក់សាំងអនុញ្ញាតដោយ WHO ដែលធានាពីសុវត្ថិភាព និងប្រសិទ្ធភាព និងគ្មានការធ្វើពិសោធន៍ផ្នែកវិជ្ជសាស្រ្ត ទោះការចាក់វ៉ាក់សាំងបង្ការ ដោយស្ម័គ្រចិត្ត ឬកាតព្វកិច្ច មិនសំខាន់នោះទេ ឱ្យតែអាចការពារនិងសង្រ្គោះជីវិតមនុស្ស បានពីរោគរាតត្បាត ឬវីរ៉ិសកាចសាហាវ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


