ព័ត៌មានអន្ដរជាតិ
បង្ហាញមុខ និងតួនាទីមេដឹកនាំកំពូលៗ របស់ក្រុម តាលីបង់
ក្រុមតាលីបង់ បានប្រយុទ្ធជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយលោកខាងលិច ចាប់តាំងពីខ្លួនត្រូវបានដកអំណាច ក្នុងឆ្នាំ២០០១មកម្ល៉េះ។
ដើមឡើយ ក្រុមនេះ បានទាក់ទាញសមាជិកមកពីក្រុមយុទ្ធជនមានការគាំទ្រពីសហរដ្ឋអាមេរិកឈ្មោះ “Mujahideen” ដែលបានបណ្តេញកងកម្លាំងសូវៀតនៅទសវត្សរ៍ឆ្នាំ ១៩៨០។

ក្រុមនេះ បានលេចវត្តមាននៅឆ្នាំ១៩៩៤ ជាក្រុមមួយដែលប្រយុទ្ធក្នុងសង្រ្គាមស៊ីវិល ហើយបានបន្តគ្រប់គ្រងភាគច្រើននៃប្រទេសក្នុងឆ្នាំ ១៩៩៦ នៅពេលដែលខ្លួនបានដាក់ចេញច្បាប់ Sharia ឬច្បាប់ឥស្លាម។
ក្រុមប្រឆាំងនិង ពួកបស្ចិមប្រទេស បានចោទប្រកាន់តាលីបង់ថា បានអនុវត្តច្បាប់ឥស្លាមរបស់ខ្លួនយ៉ាងឃោរឃៅនិងបង្ក្រាបលើជនជាតិភាគតិចសាសនា។

ស្ថាបនិករបស់ក្រុមតាលីបង់គឺឈ្មោះ Mullah Mohammad Omar។ គាត់បានលាក់ខ្លួនបន្ទាប់ពីក្រុមតាលីបង់ត្រូវបានផ្តួលរំលំដោយកងកម្លាំងមូលដ្ឋានដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ លើសហរដ្ឋអាមេរិក។
ក្រុមតាលីបង់ បានពង្រឹងកម្លាំងរបស់ខ្លួនជាថ្មីម្តងទៀតនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។

ចាប់តាំងពីកងទ័ពបរទេសចាប់ផ្តើមដកថយ ខ្លួនបានដណ្តើមយកទឹកដីភាគច្រើនរបស់ប្រទេសនេះ។
ខាងក្រោមនេះគឺជាតួអង្គសំខាន់មួយចំនួននៅក្នុងចលនានេះ៖
Haibatullah Akhunzada

ដោយត្រូវបានគេស្គាល់ថាជា “មេដឹកនាំនៃភាពស្មោះត្រង់” អ្នកប្រាជ្ញផ្នែកច្បាប់ឥស្លាមរូបនេះ គឺជាមេដឹកនាំកំពូលរបស់ក្រុមតាលីបង់ ដែលកាន់អំណាចចុងក្រោយ លើកិច្ចការនយោបាយ សាសនានិងយោធា។
លោក Akhunzada បានឡើងក្តាប់អំណាច នៅពេលដែលអ្នកកាន់តំណែងមុនរបស់គាត់ឈ្មោះ Akhtar Mansour ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ជិតព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថានក្នុងឆ្នាំ ២០១៦។
អស់រយៈពេល ១៥ ឆ្នាំរហូតដល់ការបាត់ខ្លួនភ្លាមៗរបស់គាត់នៅខែឧសភាឆ្នាំ២០១៦ លោក Akhunzada បានបង្រៀននិងផ្តល់ឱវាទនៅវិហារឥស្លាមមួយ ក្នុងទីក្រុង Kuchlak នៅភាគនិរតីប្រទេសប៉ាគីស្ថាន។
គាត់ត្រូវបានគេជឿថា មានអាយុប្រហែល ៦០ ឆ្នាំហើយកន្លែងស្នាក់នៅរបស់គាត់ មិនត្រូវបានគេដឹងទេ។
Mullah Mohammad Yaqoob

ក្នុងនាមជាកូនប្រុសរបស់ស្ថាបនិកតាលីបង់, លោក Yaqoob បានត្រួតពិនិត្យប្រតិបត្តិការយោធារបស់ក្រុមនេះ ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា គាត់កំពុងស្ថិតនៅខាងក្នុងប្រទេសអាហ្វហ្គានីស្ថាន។
គាត់ត្រូវបានគេស្នើឲ្យធ្វើជាមេដឹកនាំទូទៅនៃចលនានេះ ក្នុងកំឡុងពេលមានភាពចម្រូងចម្រាស។
ប៉ុន្តែគាត់បានរើសយកលោក Akhunzada វិញនៅឆ្នាំ២០១៦ ដោយសារតែគាត់មានអារម្មណ៍ថា គាត់ខ្វះបទពិសោធន៍ក្នុងសមរភូមិហើយនៅក្មេងពេក។
Yaqoob ត្រូវបានគេជឿថា ស្ថិតក្នុងវ័យ៣០ឆ្នាំស្តើង។
Sirajuddin Haqqani

ជាកូនប្រុសរបស់មេបញ្ជាការ Jalaluddin Haqqani, លោក Sirajuddin បានដឹកនាំបណ្តាញ Haqqani ដែលជាក្រុមត្រួតពិនិត្យទ្រព្យសម្បត្តិហិរញ្ញវត្ថុនិងយោធារបស់តាលីបង់ នៅទូទាំងព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។
លោក Haqqanis ត្រូវបានអ្នកជំនាញខ្លះជឿជាក់ថា បានណែនាំឲ្យមានការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយត្រូវបានគេស្តីបន្ទោសចំពោះការវាយប្រហារកក្រើកជាច្រើនលើកនៅអាហ្វហ្គានីស្ថាន រួមទាំងការវាយឆ្មក់លើសណ្ឋាគារកំពូលរបស់ទីក្រុងកាប៊ុល ការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតី Hamid Karzai និងការវាយប្រហារអត្តឃាតទៅលើ ស្ថានទូតឥណ្ឌាផងដែរ។
លោក Haqqani ត្រូវបានគេជឿថា ស្ថិតក្នុងវ័យ ៤០ឆ្នាំក្រាស់ឬ ៥០ឆ្នាំស្តើង។ កន្លែងស្នាក់នៅរបស់គាត់ មិនត្រូវបានគេដឹងទេ។
Mullah Abdul Ghani Baradar

ជាម្នាក់ក្នុងចំណោមសហស្ថាបនិករបស់ក្រុមតាលីបង់ បច្ចុប្បន្ន Baradar កំពុងដឹកនាំការិយាល័យនយោបាយរបស់តាលីបង់ និងជាផ្នែកមួយនៃក្រុមចរចា ដែលក្រុមនេះកំពុងស្ថិតនៅក្នុងទីក្រុងដូហា ប្រទេសកាតា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនយោបាយមួយ ដែលអាចបើកផ្លូវឲ្យមានបទឈប់បាញ់និង សន្តិភាពយូរអង្វែងនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។
ទោះបីជាយ៉ាងណាក៏ដោយ ដំណើរការនេះមិនបានទទួលជោគជ័យទេ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
Baradar ត្រូវបានគេរាយការណ៍ថាជាមេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការដែលលោក Mullah Omar ទុកចិត្តបំផុត។ គាត់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១០ ដោយកងកម្លាំងសន្តិសុខនៅទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ហើយត្រូវបានដោះលែងវិញនៅឆ្នាំ ២០១៨។
Sher Mohammad Abbas Stanikzai

ក្នុងនាមជាអតីតអនុរដ្ឋមន្រ្តីនៅក្នុងរដ្ឋាភិបាលតាលីបង់មុនពេលត្រូវបានដកចេញ, លោក Stanikzai បានរស់នៅក្នុងទីក្រុងដូហាអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ហើយបានក្លាយជាប្រធានការិយាល័យនយោបាយរបស់ក្រុមនេះ នៅទីនោះក្នុងឆ្នាំ ២០១៥។
គាត់បានចូលរួមក្នុងការចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយបានធ្វើជាតំណាងក្រុមតាលីបង់ក្នុងដំណើរទូតទៅកាន់ប្រទេសជាច្រើន។
Abdul Hakim Haqqani

គាត់គឺជាប្រធានក្រុមចរចារបស់តាលីបង់។ អតីតចៅក្រមស៊ើបអង្កេតរបស់ក្រុមតាលីបង់រូបនេះ បានដឹកនាំក្រុមប្រឹក្សាអ្នកប្រាជ្ញសាសនាដ៏មានឥទ្ធិពលរបស់ខ្លួន ហើយត្រូវបានគេជឿថា ជាមនុស្សដែល Akhunzada ទុកចិត្តបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


