នយោបាយ
រដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាប់ប្រទេសG7 ថា សម្តេច ហ៊ុន សែន អញ្ជើញទៅមីយ៉ាន់ម៉ា គឺ ដើម្បីអាស៊ាន
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងថា គម្រោងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារបស់សម្តេចតេជោ ហ៊ុន សែន នៅដើមខែមករា ខាងមុខ គឺដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន។ លោកប្រាក់ សុខុន ថ្លែងបែបនេះទៅកាន់អង្គប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេសG7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស តាមប្រព័ន្ធវីដេអូ។

បើតាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន របៀបវារៈ កំពូលរបស់កម្ពុជានៅមីយ៉ាន់ម៉ា គឺបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងទំនុកចិត្តផ្នែកនយោបាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវមូលដ្ឋានគ្រឹះរួមគ្នាមួយ លើដំណើរការឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា និងទទួលបាននូវការឯកភាពគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ។ ធ្វើបែបនេះ គឺសម្រាប់ការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ទៅដល់អ្នកដែលខ្វះខាតបំផុត។ នេះបើតាមលទ្ធផលពីកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលជាប្រមុខការទូតកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ តាមការអញ្ជើញរបស់លោកជំទាវ Elizabeth Truss រដ្ឋមន្រ្តីការបរទេស កំមិនវែល និងអភិវឌ្ឍន៍ និងជារដ្ឋមន្រ្តីកិច្ចការនារី និងសមភាពនៃចក្រភពអង់គ្លេស។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះបានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីជំរុញឱ្យកាន់ខ្លាំងថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រទេស G7 សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន សម្រាប់សន្តិភាព និងវិបុលភាពរួម។ កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗមួយចំនួន ក៏ត្រូវបានលើកយកមកពិភាក្សា ជាពិសេស មធ្យោបាយ ដើម្បីពន្លឿនការទទួលបានវ៉ាក់សាំង និងការលើកកម្ពស់សន្តិសុខ សុខភាពសកល បច្ចេកវិទ្យាឌីជីថល ការវិនិយោគលើវិស័យហេដ្ឋារចនាសម័្ពន្ធ ការដោះស្រាយបញ្ហានានា ដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ការពង្រីកពាណិជ្ជកម្ម សន្តិសុខតំបន់ រួមទាំង បញ្ហាលំហសមុទ្រផងដែរ។
ឧបនាយករដ្ឋមន្ត្រី បាក់ សុខុន បានគូសបញ្ជាក់ពីសារសំខាន់នៃស្មារតីអាស៊ាន ក្នុងនាមជាគ្រួសាររួបរួមគ្នា ដែលមានសមាជិកចំនួន១០ប្រទេស ដែលស្មារតីនេះ គឺជាកត្តាជំរុញនៃមូលបទរបស់ប្រធានអាស៊ានឆ្នាំ២០២២ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗរបស់កម្ពុជា និងឯកសារសមិទ្ធផល សម្រាប់ដំណើរការកសាងសហគមន៍អាស៊ាននៅឆ្នាំក្រោយ ព្រមទាំងការយកចិត្តទុកដាក់បន្ទាន់ ចំពោះការបង្កើតឱ្យមានដំណើរការប្រកបដោយសន្តិវិធី ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលគួរតែជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ា៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


