KPT+
ជីវិតជោគជ័យ និស្សិតស្រីពីខេត្ត ទទួលអាហារូបករណ៍សិក្សាអនុបណ្ឌិត នៅ អាមេរិក
ប្រយោគថា “កូនស្រីមុជមិនជ្រៅ ទៅមិនឆ្ងាយ” បានក្លាយជាពំនោលហួសសម័យ និងលែងមានឥទ្ធពលសម្ពាធទៀតហើយ សម្រាប់មនុស្សទាំងឡាយក្នុងយុគអ៊ិនធឺណេត សតវត្សរ៍ទី២១នេះ។ ជាក់ស្ដែង មាស សុជាតា ជានិស្សិតស្រី មកពីខេត្ត ដែលតែងបានជោគជ័យក្នុងការសិក្សាតាំងពីមធ្យមសិក្សា និងបានទទួលអាហារូបករណ៍សិក្សានានា រហូតបានទៅសិក្សាថ្នាក់អនុបណ្ឌិត នៅសហេដ្ឋអាមេរិក ដែលជាក្ដីប្រាថ្នារបស់អ្នកសិក្សាស្ទើគ្រប់រូប។
តើ កញ្ញា មាស សុជាតា ទទួលបានលទ្ធផលល្អពីការសិក្សាអ្វីខ្លះ? តើនិស្សិតស្រីឆ្នើមរូបនេះ អាចដោះស្រាយបញ្ហាប្រឈមអ្វីខ្លះ ពេលសិក្សានៅបរទេសតែម្នាក់ឯង ឆ្ងាយពីគ្រួសារ?

កញ្ញា មាស សុជាតា មានវ័យ២២ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ (AUPP) ជំនាញ កិច្ចការសាកល (Global Affairs) និងបានទទួលអាហារូបករណ៍ បន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក វិទ្យាសាស្ត្រនយោបាយ (Political Science) នៅសាកលវិទ្យាល័យ Northern Illinois ក្នុងសហរដ្ឋអាមេរិក រយៈពេល ២ឆ្នាំ។
និស្សិតស្រីឆ្នើមរូបនេះ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ឪពុកឈ្មោះ មាស ចាប ម្តាយឈ្មោះ ស៊ឹម ស៊ីណា មុខរបរលក់ចាប់ហួយ នាងជាកូនទី១ មានបងប្អូន ៣នាក់ ស្រី ២នាក់ និងប្រុសម្នាក់។
ប្រវិត្តការសិក្សា និង ការទទួលបានអាហារូបករណ៍ផ្សេងៗ
នៅថ្នាក់វិទ្យាល័យ កញ្ញា មាស សុជាតា តែងសិក្សាទទួលបានចំណាត់ថ្នាក់ លេខ ២ ឬ លេខ៣ ជារៀងរាល់ខែ។ នៅថ្នាក់ទី៩ សុជាតា បានប្រឡងជាប់សិស្សពូកែផ្នែក រូបវិទ្យាទូទាំងខេត្ត និងទទួលបានមេដាយប្រាក់។ មិនតែប៉ុណ្ណោះ សុជាតា ទទួលបាន និទ្ទេស A នៃការប្រលងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០១៧។
កញ្ញា សុជាតា បានលើកឡើងបន្តថា៖ “នោពេលដែលចូលរៀនសាកលវិទ្យាល័យ ខ្ញុំទទួលបាន GPA (Grade Point Average មធ្យម ភាគពិន្ទុជាមធ្យមនៅក្នុងថ្នាក់មហាវិទ្យាល័យ) ៣,៧៥ ឬ ពេលខ្លះអាចទទួលបាន ៤,០០។ នៅពេលបញ្ចប់ការសិក្សានៅ AUPP ខ្ញុំក៏ទទួលបាន ចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមនិស្សិតដែលទទួលបានពិន្ទុខ្ពស់នៅសាកលវិទ្យាល័យ”។

ក្រោយពីចប់ថ្នាក់វិទ្យាល័យ កញ្ញា មាស សុជាតា បានទទួលអាហារូបករណ៍ Harpswell Foundation ដែលផ្តល់ជាកន្លែងស្នាក់នៅ អាហារ ៣ពេល ការរៀនភាសាអង់គ្លេស និងថ្នាក់ភាពជាអ្នកដឹកនាំ។ បន្ទាប់មក នាងបានទទួលអាហារូបករណ៍របស់ សម្តេចតេជោ ហ៊ុន សែន រួចបានដាក់ពាក្យ ទៅសាកលវិទ្យាល័យ AUPP និងបានជាប់អាហារូបករណ៍ ១០០% នៅទីនោះ រយៈពេល ៤ឆ្នាំ ផ្នែក Global Affairs។ មិនតែប៉ុណ្ណោះ និស្សិតឆ្នើមរូបនេះ ទទួលបានអាហារូបករណ៍ សិក្សាភាសាអង់គ្លេសនៅ មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល (ACE) មួយឆ្នាំពេញថែមទៀត។
កញ្ញា មាស សុជាតា បានលើកឡើងបន្ថែមថា៖ “ខ្ញុំធ្លាប់ទទួលបានប្រាក់អាហារូបត្ថម្ភជាទឹកប្រាក់ពី ខនរ៉ាក់ $២០០ ក្នុងមួយខែរយៈពេលមួយឆ្នាំ។ ក្រោយពីបានអាហាររូបករណ៍ នៅ AUPP រយៈពេល ៤ឆ្នាំរួច ក៏ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ វិទ្យាសាស្ត្រនយោបាយ នៅសហរដ្ឋអាមេរិក ២ឆ្នាំ តាមរយៈសាលា AUPP”។
របត់ជីវិតថ្មី និងការសិក្សានៅបរទេស
កញ្ញា មាស សុជាតា បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា ការណ៍ទៅសិក្សានៅសហរដ្ឋអាមេិក គឺជារឿងពិបាកចំពោះនិស្សិតបរទេស ពីព្រោះទាក់ទងនឹងបញ្ហាភាសាដែលគេប្រើប្រាស់នៅសាលា និងឯកសារផ្សេងៗសុទ្ធតែជាភាសាអង់គ្លេស។ ចំពោះប្រព័ន្ធសិក្សា ក៏ខុសគ្នាខ្លាំងនៅកម្ពុជា ដ្បិតរៀនមួយថ្ងៃតែ ៣ម៉ោងមែន ប៉ុន្តែនិស្សិតត្រូវអានសៀវភៅដោយខ្លួនឯង និងធ្វើការស្រាវជ្រាវខ្លួនឯង មុននឹងចូលទៅថ្នាក់រៀន ដើម្បីមានប្រធានបទយកទៅនិយាយជាមួយគ្រូ និងមិត្តរួមថ្នាក់ ដើម្បីយកពិន្ទុ។

កញ្ញា មាស សុជាតា បាននិយាយថា៖ “ខ្ញុំនៅអាមេរិក គឺឯករាជ្យលើខ្លួនឯងទាំងអស់ ទាំងម្ហូបអាហារ សម្ភារៈផ្សេងៗ គឺយើងត្រូវមើលការខុសត្រូវខ្លួនឯង ដោយគ្មានឪពុកម្តាយចាំនៅមើលនោះទេ។ ម៉្យាងវិញទៀត ចំពោះនិស្សិតបរទេសដែលគ្មានឡានខ្លួនឯងទេ គឺត្រូវជិះឡានក្រុងទៅសាលា។ ដូច្នេះមានបញ្ហាចំពោះខ្ញុំដែរ ព្រោះយើងត្រូវចាំឡាន ហើយនៅខ្មែរមិនដែរធ្វើបែបនេះ វាជារឿងថ្មីមួយ ប៉ុន្តែក៏មិនមានបញ្ហាអ្វីប៉ះពាល់ដល់ការរៀនសូត្ររបស់ខ្ញុំដែរ”។
សុជាតា បានលើកឡើងបន្តថា៖ “ចំពោះនិស្សិតដែលកំពុងរៀននៅសាកលវិទ្យល័យ ឬទើបនឹងរៀននៅសាកលវិទ្យាល័យ គួរគួប្បីស្វះស្វែងរកការងារស្ម័គ្រចិត្ត ឬការងារហាត់ការឱ្យបានច្រើន ព្រោះវាជួយយើងរៀនបានច្រើន និងទុកជាបទពិសោធន៍ពីការងារទាំងនោះ។ ការរៀនតែនៅសាកលវិទ្យាល័យមួយមុខ មិនបានជួយយើងបានច្រើនទេ សំខាន់លើការអនុវត្តរបស់យើងតែម្តង។ មួយវិញទៀត ប្រសិនបើយើងចង់ដាក់អាហារូបករណ៍អ្វីមួយ ក៏មានភាពងាយស្រួលដែរ”។
គម្រោងបន្ទាប់ពីបញ្ចប់ការសិក្សា
កញ្ញា មាស សុជាតា បានឱ្យដឹងថា នៅពេលនាងបញ្ចប់ការសិក្សានៅបរទេស នាងមិនទាន់ច្បាស់នៅឡើយទេ ថាតើគួរបន្តការសិក្សាថ្នាក់បណ្ឌិតនៅបរទេសទៀត ឬយ៉ាងណា។ ប៉ុន្តែ សុជាតា ច្បាស់ថា នឹងត្រឡប់មកកម្ពុជាវិញ ដោយមានគម្រោងចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ ខាងផ្នែក បង្កើតគោលនយោបាយ ( Policy making )។
កញ្ញា មាស សុជាតិ ពោលថា៖ “ខ្ញុំចង់ចូលម្រើការជាមួយរដ្ឋាភិបាល ជាពិសេសផ្នែក ការបង្កើតគោលនយោបាយ នេះ គឺខ្ញុំចង់ចូលរួមចំណែកក្នុងការជួយទៅដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ដោយការសរសេរនូវគោលនយោបាយណាមួយ ដែលអាចមានប្រសិទ្ធភាព និងសក្តានុពលដល់ប្រទេសជាតិ”។
គន្លឹះក្នុងការរៀនពូកែ
កញ្ញា មាស សុជាតា បានចែករំលែកនូវគន្លឹះមួយចំនួនក្នុងការរៀនឱ្យបានពូកែមាន ការមើលមេរៀនដោយខ្លួនឯង ឬ ស្វ័យសិក្សាជាមួយមិត្តភក្តិ ព្រោះការសិក្សានៅសាលាតែមួយមុខ មិនអាចឱ្យយើងចេះចាំបាននោះទេ អាស្រ័យទៅលើការខិតខំប្រឹងប្រែង ដែលកើតចេញពីខ្លួនយើងដែរ។ ទោះបីមនុស្សគ្រប់រូបមានក្តីស្រមៃ ប៉ុន្តែត្រូវមានឆន្ទៈក្នុងការដើររកក្តីស្រមៃនោះផងដែរ។
ទន្ទឹមនឹងនេះ ត្រូវមានភាពក្លាហានក្នុងការសួរគ្រូ សួររៀមច្បង ឬមិត្តភក្តិនូវចំណុចដែលខ្លួនមិនច្បាស់ ឬមិនទាន់យល់ពីមេរៀនណាមួយ។ ជាពិសេស នៅពេលចេញពីរៀន គួររំលឹកមេរៀនម្តងទៀតមុនចូលគេង ហើយព្យាយាមធ្វើបែបណាឱ្យខួរក្បាលបានសម្រាក កុំបង្ខំពេក កុំដាក់សម្ពាធលើខ្លួនឯងពេក។

ការប្រកួត និងជ័យលាភីនានា
កញ្ញា មាស សុជាតា បានចូលរួមប្រកួតការតស៊ូដេញដាលមតិ របស់អង្គការតម្លាភាព ដោយទទួលបាន ជ័យលាភី លេខ២ និងទឹកប្រាក់ ២លាន ៨សែនរៀល និង នាងទទួលបាន ជ័យជម្នះលើការប្រកួតដេញដាលមតិ និងប្រកួតលើការប្រកួតប្រជែងគម្រោង របស់ Harpswell Foundation ។
ប្រវត្តិនៃការហាត់ការតាមស្ថាប័នផ្សេងៗ
កញ្ញា មាស សុជាតា មិនត្រឹមតែជានិស្សិតឆ្នើមប៉ុណ្ណោះទេ នាងក៏ជាមនុស្សម្នាក់ដែលមានការចូលរូមក្នុង កិច្ចការងារសង្គមច្រើន ជាពិសេស សុជាតា បានហាត់ការងាររហូតទៅដល់ ៤ កន្លែង។ ទី១ ហាត់ការនៅកាសែត កោះសន្តិភាព ផ្នែកធនធានមនុស្សរយៈពេល ៣ខែ ទី២ ហាត់ការនៅស្ថានទូតអាមេរិក រយៈពេល ៣ខែ ក្នុងឆ្នាំ២០១៩ ទី៣ ហាត់ការនៅក្រសួងការបរទេសរយៈ ៣ខែ នៅឆ្នាំ ២០២១ និងទី៤ ហាត់ការនៅអង្គការតម្លាភាពរយៈពេល ៦ខែ នៅឆ្នាំ២០២១ និងមានការងារ ស្ម័គ្រចិត្តជាច្រើនទៀត។
កញ្ញា មាស សុជាតា បានផ្ដាំផ្ញើថា និស្សិតគ្រប់រូបគួរខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានប្រសើរ កុំមានការអន់ចិត្តនៅពេលឃើញសិស្សពូកែ ឬមិត្តភក្តិមានគុណសម្បត្តិច្រើនជាងខ្លួន ព្រោះមនុស្សម្នាក់ៗមានសមត្ថភាព និងចំណេះដឹងខុសៗគ្នា។
វិជ្ជា ជាប្រទីបបំភ្លឺផ្លូវនាំជនានុជនគ្រប់រូបទៅដល់អនាគតដ៏ភ្លឺស្វាង។ យុវជនជាសរសរទ្រូងនៃប្រទេសជាតិ ប្រទេសជាតិសម្បូរដោយធនធានមនុស្ស នាំឱ្យប្រទេសជាតិនោះ រីកចម្រើនយ៉ាងឆាប់រហ័ស៕
អត្ថបទ៖ អុន ស្រីមាន

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1