ព័ត៌មានជាតិ
សាលាមួយនៅភ្នំពេញ ជាគោលដៅសិស្សគ្រប់ខេត្តក្រុង ចង់បន្តសិក្សានៅមហាវិទ្យាល័យ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាសាកលវិទ្យាល័យមួយដែលមានវ័យចំណាស់ជាងគេ ហើយក៏គ្រឹះស្ថានសិក្សាដែលទទួលបានការគាំទ្រពីសិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី១២ ឡើងមកបន្តសិក្សានៅគ្រប់មុខជំនាញ។ ហេតុអ្វីបានជាសិស្សនិស្សិតភាគច្រើន ជ្រើសរើសមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ?
កញ្ញា ជា ស្រីម៉ិច ជានិសិ្សតអាហារូបករណ៍ឆ្នាំទី៣ ជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) បានឱ្យ “កម្ពុជាថ្មី” ដឹងពីមូលហេតុដែលកញ្ញាមកសិក្សានៅ RUPP នេះថា ដោយសារជាសាកលវិទ្យាល័យមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានវ័យចំណាស់បង្កើតឡើងមុនគេ ជាហេតុធ្វើឱ្យមានការទុកចិត្តពីស្តង់ដារ និងគុណភាពនៃការបង្រៀន។

និស្សិត ជា ស្រីម៉ិច បាននិយាយថា៖ “ខ្ញុំមករៀននៅភូមិន្ទព្រោះសាលានឹងល្បីខ្លាំង។ នៅខេត្តភាគច្រើននរណាក៏ស្គាល់ ហើយដោយសារមានការណែនាំពីគ្រូនៅវិទ្យាល័យដែលបញ្ចប់ការសិក្សាផង ខ្ញុំក៏សម្រេចចិត្តថាដាក់អាហារូបករណ៍នៅភូមិន្ទ។ ម៉្យាងទៀតនៅភូមិន្ទមិនរញ៉េរញ៉ៃច្រើន ពេលជាប់អាហារូបករណ៍មក គឺបានអាហារូបករណ៍តែម្តង មិនដូចសាលាមួយចំនួន ទោះជាប់ក៏យើងត្រូវប្រឡងចូលម្តងទៀត ធ្វើឱ្យយើងខាតពេលវេលាសម្រាប់សិក្សា”។
ដោយឡែកលោក លីម អាស៊ីគីន ជានិស្សិតបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអក្សរសាស្រ្តខ្មែរ និងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញវិទ្យាសាស្ត្រអប់រំ។ ធ្លាប់ជាអតីតទទួលការសិក្សានៅសាកលវិទ្យាល័យភូមិន្ទ ហើយសព្វថ្ងៃក៏ជាគ្រូបង្រៀននៅដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផងនោះបានប្រាប់ “កម្ពុជាថ្មី” ពីគោលបំណងដែលជ្រើសរើសយកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះ លោកឃើញថា នៅភូមិន្ទភ្នំពេញសម្បូរទៅដោយសាស្ត្រាចារ្យដែលមានបទពិសោធ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតពីក្រៅប្រទេសច្រើន ជាពិសេសក៏សម្បូរទៅដោយធនធានមនុស្សល្អៗ។

ក្រោយពីបញ្ចប់ការសិក្សានៅ RUPP និស្សិតម្នាក់ៗចេញទៅប្រកបការងារតែង មានឈ្មោះបោះសំឡេង និងល្បីល្បាញក្នុងសង្គម ដោយនិស្សិតមួយចំនួនធំអាចមានឱកាសទៅបន្តការសិក្សានៅបរទេសច្រើន និងមានអ្នកទទួលស្គាល់ពីគុណភាពនិងស្តង់ដារនៃការបង្រៀនរបស់សាកលវិទ្យាល័យ។
ចំពោះលោក ម៉េង ហៃ ជាអតីតនិស្សិតផ្នែក IT នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ចប់ការសិក្សាឆ្នាំ២០១៨ និង បច្ចុប្បន្នជាអ្នកគ្រប់គ្រងទិន្នន័យក្នុងស្ថាប័នមួយកន្លែងបានប្រាប់ “កម្ពុជាថ្មី”ថា លោកជ្រើសរើសសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះជាសាលាមួយដែលល្បីល្បាញជាងគេ គុណភាពនិងតម្លៃសិក្សាក៏ល្អ បើធៀបនឹងសាលា ផ្សេងៗ។ ចំពោះជំនាញ អាយធី នៅភូមិន្ទពូកែខ្លាំងខាងសរសេរកូដ និងរៀនពីជំនាញមួយៗច្បាស់លាស់ មិនបញ្ចូលកម្មវិធីសិក្សាវគ្គខ្លីៗឱ្យនិស្សិតពិបាកយល់។
លោកនិយាយថា៖ “ចំពោះគ្រូបង្រៀនវិញ ទោះបីនៅភូមិន្ទមិនមានគ្រូបរទេស តែគ្រូសុទ្ធតែបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ហើយតម្លៃសិក្សាវិញសមរម្យ អាចឱ្យសិស្សមកពីខេត្តសិក្សាបាន។ ម្យ៉ាងនៅសាលាផ្សេងក៏មានគ្រូពីភូមិន្ទទៅបង្រៀនច្រើន ដូច្នេះទើបខ្ញុំជ្រើសរើសសិក្សានៅភូមិន្ទ”។

ក្រឡែកមកកញ្ញា វង្ស ចិន្តា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២០ ជំនាញរូបវិទ្យាថ្នាក់អាហារូបករណ៍។ សព្វថ្ងៃកញ្ញាបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសកូរ៉េខាងត្បូងជំនាញរូបវិទ្យា ហើយកញ្ញាបានប្រាប់ពីមូលហេតុដែល សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ដោយសារនៅ RUPP ទី១៖ មានជំនាញដែលខ្លួនចង់ រៀននិងពូកែ បើធៀបនឹងសាលាផ្សេង។ ទី២៖ មានឱកាសអាហារូបករណ៍ច្រើនបែប ដូចជា អាហារូបករណ៍សិស្សពូកែ អាហាររូបករណ៍ ក្រីក្រ អាហារូបករណ៍និសិ្សតនារី និង អាហាររូបករណ៍និសិត្យដាច់ស្រយាល ក៏ដូចជាអាហារូបករណ៍ផ្សេងៗទៀត។
កញ្ញា ចិន្តា បាននិយាយថា “នៅភូមិន្ទ និស្សិតមានឱកាសដាក់ និង ជាប់អាហារូបករណ៍ច្រើន ចំពោះកេរ្តិ៍ឈ្មោះសាលាក៏ល្បីល្បាញ មានការទទួលស្គាល់ពីអន្តរជាតិ និង មានការសហការពីសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស សម្រាប់ធ្វើជាដៃគូឱ្យសិស្សទៅ សិក្សានៅបរទេសច្រើន”។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យមួយដែលមានវ័យ ចំណាស់ជាងគេក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦០ ត្រូវបានទទួលស្គាល់ពីសំណាក់ជាតិនិងអន្តរជាតិពីគុណភាព និង ស្តង់ដារ ព្រមទាំងសំបូរ ដោយសាស្រ្តាចារ្យដែលមានជំនាញនិងបញ្ចប់ការសិក្សាពីបរទេសមក៕


អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ