ព័ត៌មានជាតិ
សមាគមមើលឃើញអំពីកំណើនទេសចរពេលភ្ជុំបិណ្ឌក្រោយកម្ពុជាមានលក្ខខណ្ឌអំណោយផលជាច្រើន
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា នៅក្នុងរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ កម្ពុជា នឹងមានកំណើនភ្ញៀវទេសចរជាតិ ខណៈទេសចរអន្តរជាតិអាចកើនដែរ តែមិនដូចភ្ញៀវក្នុងស្រុកនោះទេ។

លោកស្រី ឆាយ ស៊ីវលីន អះអាងដូចនេះ ដោយមើលឃើញថា កម្ពុជា បានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើន និងប្រទេសបានបើកទូលាយ ជាពិសេសនៅពេលមានបុណ្យទាននៅតាមរមណីយដ្ឋាននានា បានខិតខំកែច្នៃ និងរៀបចំសណ្ឋាប់ធ្នាប់ សន្តិសុខវត្ថិភាពល្អជាដើម។ «ទំនោររបស់ប្រជាពលរដ្ឋយើង នៅពេលមានបុណ្យទានម្តងៗ តែងតែចេញដើរកម្សាន្តហើយ»។ នេះជាការបន្ថែមរបស់លោក ស្រី ឆាយ ស៊ីវលីន។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបន្តថា ប៉ែកខាងសមុទ្រ និងតំបន់អេកូទេសចរណ៍ នឹងទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តច្រើន។ ជាមួយគ្នានេះ តំបន់ទេសចរណ៍វប្បធម៌ នៅខេត្តសៀមរាប ក៏នឹងអាចទាក់ទាញភ្ញៀវបានច្រើនផងដែរ។ លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប បានខិតខំធ្វើការកិច្ចការងារជាច្រើន ដើម្បីទាក់ទាញវិស័យទេសចរណ៍នេះ ដូចជា ការជំរុញឱ្យមានការងើបឡើងវិញនូវអាជីវកម្មទេសចរណ៍ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានល្អប្រសើរ ការបញ្ចុះតម្លៃសេវាទេសចរណ៍ផ្សេងៗ ជាពិសេសសម្រួលដល់ភ្ញៀវជនបរទេស ដែលរស់នៅកម្ពុជា ២ឆ្នាំ ទទួលបានការលើកទឹកចិត្តអាចចូលលេងតំបន់អង្គរដោយមិនគិតថ្លៃ ជាដើម។

«ចំណែកខេត្តដែលពីមុនមក មិនសូវទទួលបានភ្ញៀវទេសចរច្រើន ចាប់ពីពេលនេះទៅនឹងអាចមានការកើនឡើងហើយ ដោយសារភ្ញៀវក្នុងស្រុកមួយចំនួនធំ បានដើរកម្សាន្តកន្លែងដែលល្បីៗរួចហើយ ដូច្នេះ នៅគោលទៅទេសចរណ៍មួយចំនួនទៀត ដែលពួកគេមិនទាន់បានទៅដល់ គេនឹងទៅលេងនៅពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃឈប់សម្រាកនេះ»។ នេះជាការកត់សម្គាល់របស់លោកស្រី ឆាយ ស៊ីវលីន។
លោកស្រី ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរជាពិសេសវិស័យសណ្ឋាគារ ដែលជាសេវាកម្មដ៏សំខាន់ មានឱកាសស្រូបចំណូលមកវិញតាមរយៈទេសចរក្នុងស្រុក នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវរៀបចំគុណភាពសេវាកម្ម ដោយពង្រឹងធនធានមនុស្សក្នុងវិស័យនេះឱ្យបានល្អ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ ២០២១ មានភ្ញៀវទេសចរប្រមាណ ៦៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋាននានាទូទាំងប្រទេស។ ដោយឡែកឆ្នាំនេះ អ្នកជំនាញទេសចរណ៍មើលឃើញថា នឹងកើនឡើងខ្ពស់ជាងឆ្នាំ ២០២១។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២២នេះ នឹងប្រព្រឹត្តិទៅ ថ្ងៃទី ២៤-២៦ ខែ កញ្ញា ដោយចាប់ផ្តើមដាក់បិណ្ឌ នៅថ្ងៃទី ១១ ខែកញ្ញា គឺជាបិណ្ឌ១៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


