ព័ត៌មានជាតិ
ក្រសួងអប់រំ បន្តផ្ដល់កន្លែងស្នាក់នៅ នៅភ្នំពេញ ដល់និស្សិតនារីឆ្នាំទី១ ជាង ១២០ កន្លែង
បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប “សិស្ស” ភាគច្រើនចង់ប្ដូរតួនាទីទៅជា “និស្សិត” ដោយបន្តការសិក្សានៅសាកលវិទ្យាល័យ។ និស្សិតមកពីបណ្ដាខេត្តខ្លះស្នាក់នៅផ្ទះបងប្អូន អ្នកខ្លះស្នាក់នៅបន្ទប់ ឬផ្ទះជួលជុំញាតិមិត្ត ចំណែកបុរសដែលមិនមានញាតិមិត្តរស់នៅភ្នំពេញ ឬខ្វះខាតជីវភាពផងនោះ អាចសុំព្រះសង្ឃស្នាក់នៅតាមវត្តអារាម។ ចំពោះនិស្សិតនារីក្រីក្រពីបណ្ដាខេត្តវិញ ត្រូវបានទទួលការជំរុញ និងការយកទឹកទុកដាក់ឱ្យបន្តការសិក្សាថ្នាក់ឧត្ដមសិក្សាដូចបុរសដែរ ដោយរដ្ឋាភិបាលជួយសម្រួល និងផ្ដល់កន្លែងស្នាក់នៅ នៅរាជធានីភ្នំពេញ ជាង ១២០ កន្លែង។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងែនេះថា ក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តជ្រើសរើសនិស្សិតនារីក្រីក្រពីបណ្តា ២៥រាជធានី-ខេត្ត ចំនួន ១០០ ទៅ ១២០ នាក់ ក្នុងមួយឆ្នាំៗឱ្យមកស្នាក់នៅក្នុង មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានមួយទីតាំងក្បែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ និសិ្សតនារីទាំងនេះ ត្រូវបានជ្រើសរើសឱ្យចូលស្នាក់នៅជំនួសនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ និង ឆ្នាំទី៥ ក្នុងឆ្នាំនីមួយៗ។

លោក រស់ សុវាចា បញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនេះមាន ៧ អគារ ដោយអគារ A, C, F សម្រាប់និស្សិតនារីស្នាក់នៅបានចំនួន ៤៨០ នាក់ សម្រាប់និស្សិតឆ្នាំ១ ដល់ឆ្នំា៥។ អគារ B, E សម្រាប់ និស្សិតសាលាតិចណូស្នាក់នៅបាន ១១៥នាក់/ស្រី ៥៣ នាក់។ ចំណែកអគារ D និង អគារ ៧ ជាន់ សម្រាប់និស្សិតអាហារូបករណ៍បរទេសចិន ឡាវ និងវៀតណាម អាចស្នាក់នៅបាន ១៥០ នាក់/ស្រី ៦៥នាក់។ សរុបទាំងអស់មាននិស្សិតស្នាក់នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតចំនួន ៧៤៥ នាក់/ស្រី ៥៩៨ នាក់ក្នុងមួយឆ្នាំ។

លោក រស់ សុវាចា បញ្ជាក់ថា លក្ខខណ្ឌជ្រើសរើសគឺ ១. បេក្ខជនពិការ ២. កូនកំព្រា ៣. គ្រួសារមានកូនច្រើន ៤. គ្រួសារក្រីក្រ ៥. បេក្ខជនមកពីខេត្តដាច់ស្រយាល និងតំបន់ជួបការលំបាក។ ពេលដាក់ពាក្យស្នើសុំនៅតាមគ្រឹះស្ថានសិក្សា មិនមានការបង់ថ្លៃទេ លុះពេលត្រូវបានជ្រើសរើស និស្សិតត្រូវចូលរួមវិភាគទាន ៣០ ដុល្លារ ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការ ចំណាយបានមួយកម្រិត ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី មានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ ដែលកំពុងសិក្សាតាមរូបភាព អាហារូបករណ៍ និងបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឱ្យចូលស្នាក់នៅសរុបចំនួន ៨០នាក់។ លក្ខខណ្ឌជ្រើសរើស ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានាក្នុងរាជធានីភ្នំពេញ។ ជានិស្សិតនារីក្រីក្រ និងនិស្សិតនារីពិការមកពីខេត្តនានា (ភ្ជាប់លិខិតបញ្ជាក់មេភូមិ និងមេឃុំ) និងបេក្ខជនត្រូវនៅលីវ មានវិន័យ និងសីលធម៌ល្អ។ បេក្ខនារីត្រូវយកពាក្យមកដាក់សុំស្នាក់នៅដោយខ្លួនឯងនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ព័ត៌មានបន្ថែម បេក្ខនារីអាចទាក់ទងទៅលេខទូរសព្ទ ០១២ ៧៧០ ២២៨ ឬ ០១២ ៦៧៥ ៥៩០៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


