វប្បធម៌ ជំនឿ
បុរាណវិទូអាជ្ញាធរជាតិអប្សរា បង្ហាញចម្លាក់គុនខ្មែរ តាមខឿនប្រាសាទនានា
បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ នេះបើតាមការផ្ដល់ព័ត៌មានពីអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទៅទី៣០ ខែមករា ឆ្នាំ២០២៣នេះ។

លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ ៨រូប បានឆ្លាក់តម្រៀបគ្នាជាជួរ ដោយមានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក។ល។ ក្រៅពីនោះ មានឆ្លាក់ដាច់ពីគេនៅផ្នែកខាងត្បូងនៃ ប្រាសាទនេះផងដែរ។

នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបាន លោក ភឹង តារា យល់ថាជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញយកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះ កុំឱ្យមកត្រូវមុខបាន។

អ្នកស្រាវជ្រាវ យល់ថា នេះប្រហែលជាការប្រកួតនៅក្នុងការហាត់សមប៉ុណ្ណោះ ដ្បិតអីនៅប៉ែកខាងស្តាំនៃរូប ឃើញមានមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ យកដៃចង្អុលមកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។

ចំណែកចម្លាក់នៅជញ្ជាំងប្រាសាទព្រះខ័នវិញ លោក ភឹង តារា ពន្យល់ថា ឃើញនៅលើសសរផ្អោប មានមនុស្សពីរនាក់ចាប់ឱបកាច់គ្នា ដោយអ្នកខាងឆ្វេងចាប់កាច់ កគូប្រកួតមកក្រោម តែអ្នកស្តាំក៏ខំឱបចាប់ភ្លៅដៃគូខ្លួនជាប់ ដើម្បីកុំឱ្យកាច់ផ្តួលខ្លួនបាន។ ដោយសារជាចម្លាក់ល្អិត ដូច្នេះចម្លាក់ទាំងនោះ ពុំសូវមានអ្នកស្គាល់ និងចាប់អារម្មណ៍ទេ។ ពួកគេតែងទៅ និងមកហួសជានិច្ច។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា ក្បាច់គុនល្បុកតោ ដែលមានអាយុកាលជាង ២០០០ឆ្នាំ ត្រូវបានចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ ជាផ្លូវការ តាមការសម្រេចក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ UNESCO ធ្វើឡើងនៅប្រទេសម៉ារ៉ុក បន្ទាប់ពីកម្ពុជាបានបញ្ជូនសំណុំឯកសារចុះឈ្មោះ កាលពីឆ្នាំ២០១៣៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


