វប្បធម៌ ជំនឿ
អ្នកភូមិបង្កោង ខេត្តសៀមរាប បន្តទំនៀមចាប់ត្រីរួមគ្នា ឡើងអ្នកតា
ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។ នេះបើតាមការឱ្យដឹងពី ការិយាល័យផ្សព្វផ្សាយ របស់អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តងក្នុងឱកាស ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។

លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិលបានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងនៅ ថ្ងៃទី១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១១កើត ខែមាឃ ឆ្នាំនេះត្បិតទឹកនៅក្នុងបឹង មានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ។

លោកបន្តថា នៅព្រឹកព្រលឹមស្រាងៗ ជាពលរដ្ឋមានចាស់ក្មេង ប្រុសស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង ៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុមសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅក្នុងពីធីឡើងមាឃ។

ដោយឡែក ត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។ អ្នកមានសិទ្ធិចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន។

យុវជនយឿន ដារ៉ា អាយុ ២៤ឆ្នាំ រស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីចាប់ត្រីរួមគា្នក្នុងបឹងអភិរក្សនេះ ជាទំនៀមទម្លាប់របស់អ្នកភូមិបង្កោងតាំងពីបុរាណមក ពីព្រោះលោកបានឃើញអ្នកភូមិធ្វើពីធីនេះតាំងពីលោកធំដឹងក្តីមក។

លោកបន្តថា ក្នុងមួយឆ្នាំអ្នកភូមិនៅទីនេះ អាចចាប់ត្រីរួមគ្នាបានតែម្តងប៉ុណ្ណោះ ដើម្បីយកត្រីទាំងនោះទៅធ្វើម្ហូបអាហារ ឬទឹកសម្លនំបញ្ចុក សម្រាប់ពិធីឡើងមាឃនៅក្នុងភូមិ នេះក៏ជាការបង្ហាញឱ្យឃើញអំពីការរួបរួមសាមគ្គីភាពគ្នារវាងប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ក្នុងនាមយុវជនជំនាន់ក្រោយ លោក ដារ៉ា ប្តេជ្ញាបន្តថែរក្សាប្រពៃណីវប្បធម៌ ដែលដូនតាបានបន្សល់ទុកនេះ ជារៀងរហូត ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋជាអ្នកស្រុកអង្គរ មកដល់បច្ចុប្បន្ននេះ នៅតែបន្តថែរក្សាប្រពៃណីវប្បធម៍ទាំងរូបិយ និងអរូបិយ ដែលបន្សល់ពីដូនតាមក ក្នុងនោះជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋតែងរួមគ្នាមកប្រារព្ធពិធីផ្សេងៗ ជុំវិញតំបន់អង្គរ ដូចជា៖ ពិធីឡើងមាឃ ឡើងអ្នកតា ពិធីកោជុប និងពិធីប្រពៃណីសាសនាជាច្រើនទៀត ដែលប្រពៃណីទំនៀមទម្លាប់ទាំងអស់នេះហើយ ជាការបន្តនូវអត្តសញ្ញាណរបស់អង្គរឱ្យមានជីវិតរស់រវើក៕

រូបភាព៖ លោក ហ៊ុំ រិទ្ធី និងលោក ជា វណ្ណៈ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


