ព័ត៌មានជាតិ
ប្រធានសមាគមអំពាវនាវពលរដ្ឋខ្មែរគាំទ្រសាច់ជ្រូកចិញ្ចឹមក្នុងស្រុកចៀសវាងប្រើសាច់បង្កកនាំឱ្យប៉ះពាល់សុខភាព
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ស្ថានភាពទីផ្សារជ្រូកនៅកម្ពុជា នាពេលបច្ចុប្បន្ន មិនសូវល្អប្រសើរប៉ុន្មានទេ ដោយសារការចិញ្ចឹមលើសតម្រូវការ បណ្តាលឱ្យសល់ ធ្វើឱ្យអ្នកចិញ្ចឹមត្អូញត្អែរពីការខាតបង់ប្រាក់។

ស្របពេលដែលរដូវនេះ មានកម្មវិធីច្រើន លោក ស៊្រុន ពៅ បានអំពាវនាវដល់ពលរដ្ឋដែលមានពិធីការ បុណ្យ និងម្ចាស់ភោជនីយដ្ឋាន ជួយផ្គត់ផ្គង់សាច់ជ្រូក ដែលចិញ្ចឹមក្នុងស្រុក មានគុណភាពល្អ ដើម្បីរួមចំណែកជួយទីផ្សារសម្រាប់កសិករ និងអ្នកចិញ្ចឹម។
ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ចំណីអាហារនៅតាមកម្មវិធីការបុណ្យ និងភោជនីយដ្ឋាន មានសារៈសំខាន់ សូមកុំប្រើប្រាស់សាច់ដែលគ្មានគុណភាពនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លោកបានបញ្ជាក់ដូច្នេះថា« ផលិតផលក្នុងស្រុកយើងធ្វើបានហើយលក់អត់ដាច់ ដោយសារផលិតផលយើងផលិតថ្លៃ រីឯរបស់នាំចូល(សាច់បង្កក) អត់ស្តង់ដារ របស់ដែលគេទុកចោល យើងយកមកលក់ឱ្យប្រជាពលរដ្ឋ យកមកធ្វើចំណីអាហារ និងប្រើប្រាស់នៅក្នុងពិធីបុណ្យការផ្សេងៗ»។

បើតាមលោក ស៊ុ្រន ពៅ កន្លងមកសមាគមបានពិនិត្យឃើញថា មានការនាំចូលសាច់បង្កកខូចគុណភាព ដោយត្រូវបានសមាគមឃាត់ទុក និងកម្ទេចចោលជាបន្តបន្ទាប់។ លោកថា « សូមម្ចាស់ដើមបុណ្យ ម្ចាស់ដើមការ មេត្តាជួយមើលចុងភៅ កុំឱ្យគាត់ទៅទិញយកសាច់ដែលគេចោល ឬមិនត្រឹមត្រូវយកមកស្លឱ្យភ្ញៀវហូប ដើម្បីចំណេញ នាំឱ្យខូសសុខភាពអ្នកបរិភោគ»។
មិនពិបាកមើលនោះទេ ផលិតផលក្នុងស្រុកដូចជា ជ្រូក មាន់ ទា មានសាច់ទន់ស្រស់ ខុសពីសាច់ក្លាសេ មានសភាពរឹង តែបើទន់ ក៏ទន់ស្លេក និងខ្មៅ។ នេះជាការពន្យល់របស់លោក ស៊្រុន ពៅ។

លោកលើកឡើងថា សាច់ជ្រូកមានសារៈសំខាន់ណាស់ ក្នុងវិស័យចំណីអាហារនៅកម្ពុជា។ លោកថា ទោះជាអ្នកខ្សត់ខ្សោយយ៉ាងណា ក៏អាចមានលទ្ធភាពទិញសាច់ជ្រូកបរិភោគបានដែរ។
ដោយសារការចិញ្ចឹមជ្រូកនៅកម្ពុជាច្រើនហូរហៀ ធ្វើឱ្យមានកំណើនលើសតម្រូវការទីផ្សារ រហូតដល់មានការនាំចេញទៅប្រទេសជិតខាងថែមទៀត។ ប៉ុន្តែកំណើននៃការនាំចេញនេះ មានចំនួនតិចតួចប៉ុណ្ណោះ។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ជ្រូករស់លក់បានតម្លៃ ៨០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកចិញ្ចឹមខាតអស់ប្រហែល ៥០ដុល្លារ ក្នុងជ្រូកមួយក្បាល។ លោកថា ការខាតបង់នេះ ដោយសារវត្ថុធាតុដើម ដូចជា ចំណីឡើងថ្លៃ រួមផ្សំនឹងវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យតម្លៃជ្រូកលើទីផ្សារធ្លាក់ចុះ នាំការចិញ្ចឹមរបស់ពលរដ្ឋសល់ច្រើនលើសតម្រូវការ។
ទាក់ទិននឹងការនាំចូលសាច់បង្កក កន្លងមកគេសង្កេតឃើញថា មន្រ្តីពាក់ព័ន្ធតែងតែធ្វើការបង្រ្កាបជាហូរហែ ប៉ុន្តែបញ្ហានេះ នៅតែមិនទាន់បញ្ចប់នៅឡើយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


