ព័ត៌មានជាតិ
ស្នងការភ្នំពេញ ត្រៀមកម្លាំងជិត ៣ ពាន់នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជិត ៣ ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣១ ឧសភានេះថា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង ២ ៨០០ នាក់ តាមទីតាំងសំខាន់ៗមួយចំនួន ដើម្បីការពារសន្តិសុខថែរក្សាសណ្ដាប់ធ្នាប់នៅក្នុងពិធី។

លោកឧត្ដមសេនីយ៍ត្រី បានបន្តថា កងកម្លាំងជាង ២ ៨០០ នាក់នោះ នឹងដាក់ពង្រាយនៅទីតាំងការប្រកួត ទីតាំងអត្តពលិកស្នាក់នៅ ទីតាំងនៅតាមតម្រាយផ្លូវ និងទីតាំងរមណីយដ្ឋាននានាដែលគណៈប្រតិភូ និងអត្តពលិកទៅកម្សាន្ត។

លោកឧត្ដមសេនីយ៍ត្រី បានបន្តទៀតថា ក្រៅពីនេះក៏មានកម្លាំងអន្តរាគមន៍នៅតាមបណ្ដាខណ្ឌ កម្លាំងអន្តរាគមន៍ពិសេសដើម្បីធ្វើការអន្តរាគមន៍ពេលមានបាតុភាពកើតឡើង និងកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងកម្លាំងរៀបចំសណ្ដាប់ធ្នាប់ និងធ្វើចរាចរណ៍កុំឲ្យកកស្ទះចរាចរណ៍នៅពហុកីឡដ្ឋានមរតកតេជោ និងនៅក្បែរៗនោះ ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលមានមនុស្សចូលរួមទស្សនាច្រើន។

ជាមួយគ្នានេះដែរ លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានឲ្យដឹងទៀតថា «ក្នុងនាមជាសមត្ថកិច្ច និងកងកម្លាំង បានត្រៀមជាប្រចាំក្នុងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដោយមិនបណ្ដែតបណ្ដោយឲ្យ បុគ្គល ឬក្រុមណាមួយ បង្កបាតុភាព ដោយល្មើសច្បាប់ និងគ្មានការអនុញ្ញាតនោះ គឺសមត្ថកិច្ចមានតួនាទីបង្ក្រាបទៅតាមច្បាប់ ដោយគ្មានការលើកលែងឡើយ»។

គួរបញ្ជាក់ថា កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ ខណៈបានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ទទួលបានជោគជ័យរួចមកហើយ កាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


