វប្បធម៌ ជំនឿ
កម្ពុជាបន្តធ្វើកិច្ចសហប្រតិបត្តិការស្នើសុំវត្ថុបុរាណពីប្រទេស ២ទៀត នៅអាស៊ី
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ស្ថានទូតអាមេរិកនៅភ្នំពេញ ទើបបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងលើកទី៥ ស្ដីពី កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក រយៈពេល ៥ឆ្នាំបន្តទៀត ទាក់ទងនឹង “ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា នៃប្រទេសកម្ពុជា និងកាត់បន្ថយការលួចប្លន់ នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។ ជាមួយគ្នានេះ កម្ពុជា កំពុងសហការជាមួយប្រទេស ២ទៀត នៅទ្វីបអាស៊ី ផងដែរ។

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រៅពីសហរដ្ឋអាមេរិក កម្ពុជាមានកិច្ចសហប្រតិបត្តិការស្នើសុំវត្ថុបុរាណមកវិញពីប្រទេស ដូចជាប្រទេសថៃ និងប្រទេសចិន។ បណ្ឌិតសភាចារ្យ បញ្ជាក់ថា គ្រាន់តែកិច្ចសហប្រតិបត្តិការនេះ មិនទាន់សកម្មនៅឡើយ។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍បន្តថា៖ “ព្រោះទើបចុះកិច្ចព្រមព្រៀងថ្មី។ យើងធ្លាប់ទទួលបានវត្ថុបុរាណពីថៃមួយចំនួនដែរ ចំណែកប្រទេសចិន គឺទើបចុះហត្ថលេខាជាមួយគ្នា។ ជាមួយគ្នានេះ កម្ពុជា នឹងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតដែរ ឱ្យតែគេយល់ព្រម”។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា វត្ថុបុរាណខ្មែរ គឺជា ព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំកន្លងទៅនេះ។

អ្នកស្រី ភឿង សកុណា មានប្រសាសន៍ថា៖ “មូលហេតុដែលវត្ថុបុរាណកម្ពុជាមានវត្តមាននៅបរទេស ដោយសារពេលកម្ពុជាមានសង្គ្រាម មានគេលួចទៅ ដែលឆ្លងដែនរហូតដល់ប្រទេសឆ្ងាយៗ។ វត្ថុបុរាណទាំងនេះថ្លៃ អ៊ីចឹងមានតែប្រទេសអ្នកមានដែលមានលុយទិញ។ ដល់ឥឡូវកម្ពុជាមានសន្តិភាព មានភាពរីកចម្រើន យើងមានលទ្ធភាពស្វែងរក និងស្គាល់ជាវត្ថុបុរាណរបស់យើង យើងធ្វើការទាមទារ។ វត្ថុបុរាណកម្ពុជាភាគច្រើនមាននៅ សហរដ្ឋអាមេរិក និងប្រទេសតំបន់អឺរ៉ុប”។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលវត្ថុបុរាណរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានលួច និងទទួលទិញដោយ អ្នកធ្វើការប្រមូលជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំងពិភពលោក។ វត្ថុសិល្បៈច្រើនរាប់មិនអស់រួមមាន វត្ថុបុរាណខ្មែរនានា រូបបដិមា គ្រឿងលម្អស្ថាបត្យកម្ម និងវត្ថុសិល្បៈជាប្រភេទ កុលាលភាជន៍ និងធ្វើពីសំរិទ្ធ ត្រូវបានគេលក់ និងនៅបន្តដាក់លក់ដោយខុសច្បាប់នៅលើទីផ្សារវត្ថុ សិល្បៈអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការជួញដូរខុសច្បាប់នូវវត្ថុបុរាណ និងសម្បត្តិវប្បធម៌ គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងភាគីពាក់ព័ន្ធសំខាន់ៗ។ បណ្ឌិតសភាចារ្យ ភឿង សកុណា លើកទឹកចិត្តដល់បុគ្គលឯកជន ដល់សារមន្ទីរ ក៏ដូចជាស្ថាប័ននានាលើសាកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។

គួររម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជា បានទទួលវត្ថុបុរាណចំនួន ៧៧ ពីប្រទេសអង់គ្លេស។ វត្ថុបុរាណទាំងនេះជាប្រភេទគ្រឿងអលង្ការបុរាណខ្មែរ ដែលទទួលបានពីក្រុមគ្រួសាររបស់លោក Douglas Latchford អ្នករក្សាទុកវត្ថុបុរាណជនជាតិអង់គ្លេស។ គ្រឿងអលង្ការបុរាណខ្មែរទាំងនោះ មានដូចជាក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួន៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា