ព័ត៌មានជាតិ
អ្នកប្រើ ប.ស.ស. ជិត ១,២លាននាក់ ទទួលសេវាថែទាំសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួង
បើគិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកត្រឹម ខែកញ្ញា ឆ្នាំ២០២៣ មានអ្នកជំងឺជិត ១,២លាននាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង។ នេះបើតាមការបញ្ជាក់ពី លោកស្រី ឃួន វ៉ាន់ឌី អនុប្រធានការិយាល័យផ្នែក ប.ស.ស. នៃមន្ទីរពេទ្យព្រះអង្គឌួង។

លោកស្រី ឃួន វ៉ាន់ឌី ចាត់ទុកថា ទោះបីជាប្រជាពលរដ្ឋដែលប្រើប័ណ្ណ ប.ស.ស. រឺ ប័ណ្ណសមធម៌ រឺអ្នកត្រូវបង់លុយដើម្បីទទួលសេវាពិនិត្យ និងព្យាបាលជំងឺក្តី គឺសុទ្ធតែជាអ្នកជំងឺរបស់មន្ទីរពេទ្យដូចគ្នាទាំងអស់។ ដូចនេះ សម្រាប់អ្នកជំងឺដែលប្រើប័ណ្ណ ប.ស.ស. ក៏ទទួលបានការយកចិត្តទុកដាក់ដូចគ្នាពីក្រុមគ្រូពេទ្យ។ លោកស្រី បញ្ជាក់ថា គ្រូពេទ្យ នៃមន្ទីរពេទ្យព្រះអង្គឌួង និងមន្ត្រីផ្នែក ប.ស.ស. ដែលប្រចាំការក្នុងមន្ទីរពេទ្យនេះ សហការគ្នាយ៉ាងល្អក្នុងការសម្របសម្រួលឱ្យមានភាពងាយស្រួល និងរហ័ស សម្រាប់អ្នកជំងឺមកទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺ។ លោកស្រី លើកទឹកចិត្តដល់អ្នកមានប័ណ្ណ ប.ស.ស. ទាំងអស់មកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់គ្រប់ផ្នែកទាំងអស់ រួមមាន ផ្នែកច្រមុះ បំពង់ក ផ្នែកភ្នែក ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកមាត់ធ្មេញ និងផ្នែកជំងឺទូទៅជាដើម។

ចំណែក លោក ម៉ៅ សុភក្តី ប្រធានក្រុមភ្នាក់ងារ ប.ស.ស. ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង បញ្ជាក់ថា ជាមធ្យមក្នុងថ្ងៃធម្មតា មានអ្នកជំងឺប្រមាណ ៦០០នាក់ មកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យនេះ ដោយប្រើប្រាស់ ប័ណ្ណ ប.ស.ស.។ ដោយឡែក សម្រាប់ថ្ងៃអាទិត្យ អាចកើនដល់ជាង ១ពាន់នាក់។ លោក មើលឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកប្រើប័ណ្ណ ប.ស.ស. មកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ កាន់តែកើនឡើង ដោយជាមធ្យមក្នុងមួយខែមានប្រហែលជា ៣ម៉ឺននាក់។ ដូចនេះ ទើបមន្ត្រីផ្នែក ប.ស.ស. ត្រូវប្រចាំការឆ្លាស់វេនគ្នា ២៤ម៉ោង លើ ២៤ម៉ោង ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងនេះ ដើម្បីរង់ចាំសម្រួលដល់អ្នកមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដែលមានប័ណ្ណ ប.ស.ស.។

ចំពោះ លោកស្រី ជា ស៊ីវន ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលបានមកទទួលសេវាពិនិត្យ និង ព្យាបាលជំងឺចំនួន ៤ដងមកហើយ នៅមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា ការប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺទទួលអត្ថប្រយោជន៍ និងចំណេញថវិកាច្រើន ព្រោះមុនពេលចូលជាសមាជិក ប.ស.ស. លោកស្រី ត្រូវចំណាយលុយប្រមាណ ៧០០ដុល្លារ ក្នុងការព្យាបាលជំងឺភ្នែក ប៉ុន្តែក្រោយពេលលោកស្រី បានបង់ភាគទានប្រចាំខែប្រមាណ ១៥៦០០រៀល ក្នុងមួយខែ ដើម្បីចូលជាសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ បានរយៈពេល ៤ខែមកនេះ លោកស្រីនៅតែបន្តមកពិនិត្យ និងព្យាបាលជំងឺ ដោយមិនមានចំណាយលុយអ្វីទាំងអស់ ហើយក៏ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យទៀតផង។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់វិស័យឯកជន (កម្មករនិយោជិត) ចាប់ពីឆ្នាំ២០១៦ និងសម្រាប់វិស័យសាធារណៈ (មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន) ចាប់ពីឆ្នាំ២០១៨។ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ សមាជិកដែលប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មានសរុបចំនួនជាង ៣,២លាននាក់។ ក្នុងនោះ ក្នុងឆមាសទី១ ឆ្នាំ២០២៣ អ្នកដែលបានប្រើប្រាស់ ប័ណ្ណ ប.ស.ស. សម្រាប់ទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងឯកជន មានចំនួនជិត ២,២លាននាក់។ គិតត្រឹម ខែកញ្ញា ឆ្នាំ២០២៣ មានមូលដ្ឋានសុខាភិបាលចំនួន ១៥១៨ បានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នៅទូទាំងប្រទេសកម្ពុជា ដែលរួមមានទាំងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមូលដ្ឋានសុខាភិបាលឯកជន៕
អត្ថបទ៖ មករា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


