ព័ត៌មានជាតិ
ករណីស្លាប់ដោយផ្តាសាបក្សី៖ អាជ្ញាធរខេត្តស្វាយរៀង ចាត់វិធានការបន្ទាន់ដោយកម្ទេចចោលបក្សីដែលពាក់ព័ន្ធ
ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃចន្ទនេះ បានចុះអនុវត្តវិធានការបសុព្យាបាលនៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ ទីតាំងនេះ គឺមានករណីវិជ្ជមានជំងឺផ្តាសាយបក្សីលើមាន់០១ក្បាលកាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ក្នុងចំណោមមាន់ទាសរុប៣៤ក្បាល ងាប់២០ក្បាល របស់គ្រួសារឈ្មោះ ចិន សុខ។

បន្ទាប់ពីចុះដល់ទីតាំងជាក់ស្តែង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តស្វាយរៀង បានអនុវត្តវិធានការបន្ទាន់ដំបូង គឺទី១.ដុតកម្ទេចចោលបក្សីចំនួន១៤ក្បាល របស់គ្រួសារខាងលើដែលមានមាន់ ១ក្បាលបានរកឃើញវិជ្ជមានវីរុសផ្តាសាយបក្សី និងបានអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគ និងណែនាំដល់ក្រុមគ្រួសារ។ ទី២ គឺចំពោះទីតាំងគេហដ្ឋានដែលមានមនុស្សស្លាប់ ក្រុមការងារកំពុងអនុវត្តវិធានការបសុព្យាបាល និងទី៣ គឺក្រុមការងារកំពុងចុះពិនិត្យស្ថានភាពចិញ្ចឹមបក្សីនៅតំបន់ជុំវិញ ជាពិសេសនៅតំបន់ជុំវិញមានករណីមនុស្សស្លាប់ ដើម្បីអនុវត្តការចចារកម្ទេចចោលបក្សី និងអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគ។

ជាមួយនេះ ក្រុមការងារ ក៏បានបន្តចុះបាញ់ថ្នាំ និងប្រមូលបក្សីយកមកដុតបំផ្លាញចោល និងយកសំណាក សរុប២៦ក្បាល ក្នុងនោះ បានដុតកំទេចចោលចំនួន២១ក្បាល (មាន់ចំនួន ១៧ក្បាល និងទា ៤ក្បាល) និងយកសំណាកទៅពិនិត្យចំនួន៤ក្បាល(មាន់៣ក្បាល ទា១ក្បាល។

ការចាត់វិធានការបន្ទាន់របស់អាជ្ញាធរខេត្តស្វាយរៀងនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បុរសម្នាក់អាយុ ៥០ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី (H5N1) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ បុរសរូបនេះ មានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សីប្រភេទហាស់ ៥ អ៊ុន ១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ប្រឈមនឹងបញ្ហានេះ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើននូវប្រុងប្រយ័ត្ន ហើយប្រសិនបើបានឃើញមានសត្វឈឺ ឬងាប់ សូមកុំប៉ះពាល់ ត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចុះទៅពិនិត្យ និងចាត់វិធានការភ្លាមៗ បានទាន់ពេលវេលា៕
A
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


