ព័ត៌មានជាតិ
អាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
អាជ្ញាធរជាតិអប្សរាបានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod ដែលផ្សាយខុសពីការពិតពាក់ព័ន្ធនឹងការអប់រំអាជីវករនៅតំបន់ប្រាសាទឱ្យយល់ដឹងពីការថែរក្សា និងលើកតម្លៃសម្លៀកបំពាក់ប្រពៃណីខ្មែរ។

ក្នុងអត្ថបទដែលចុះផ្សាយដោយសារព័ត៌មានកាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា សារព័ត៌មាន Khaosod បានចុះផ្សាយក្រោមចំណងជើងថា «អង្គរវត្តហាមឃាត់ការស្លៀកពាក់ឈុតបុរាណខ្មែរដែលមិនត្រឹមត្រូវតាមលក្ខណៈដើម» ដោយថាការហាមឃាត់នេះដោយធ្វើតាមច្បាប់ថ្មីមិនឱ្យអ្នកដែលស្លៀកពាក់មិនត្រឹមត្រូវបានលក្ខណៈដើមចូលប្រាសាទ។
ការចុះផ្សាយបែបនេះត្រូវបានអាជ្ញាធរអប្សរាថាបានប្រាសចាកពីការពិត ខ្លឹមសារ និងគោលបំណងដើមរបស់ខ្លួន។
តាមការបញ្ជាក់នៅថ្ងៃសៅរ៍នេះ អាជ្ញាធរអប្សរាបានបញ្ជាក់ថាគោលបំណងពិតប្រាកដរបស់អាជ្ញាធរមិនមែនជាការហាមឃាត់ទេ តែជាការអប់រំណែនាំកុំឱ្យអាជីវករលក់ផលិតផលខ្វះគុណភាព តម្លៃហួសហេតុ ឬសម្លៀកបំពាក់ជួល/លក់ខុសទម្រង់ដើមប៉ុណ្ណោះ។ រាល់ការទស្សនាដោយស្លៀកពាក់សមរម្យ (ទាំងបែបសម័យ ឬបុរាណ) សុទ្ធតែបង្ហាញពីការគោរពដូនតា និងបេតិកភណ្ឌជាតិ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា៖ «កិច្ចការពារវប្បធម៌ខ្មែរជាកាតព្វកិច្ចរួមគ្មានទីបញ្ចប់ ដែលត្រូវការកិច្ចសហការអន្តរវិស័យរវាងស្ថាប័នរដ្ឋ (នគរបាល ក្រសួងពាក់ព័ន្ធ) និងវិស័យឯកជន។ តាំងពីឆ្នាំ២០១៦ មក អាជ្ញាធរជាតិអប្សរាបានដាក់ចេញក្រមប្រតិបត្តិអង្គរ ដើម្បីណែនាំការស្លៀកពាក់ឱ្យសមរម្យនៅក្នុងទីសក្ការៈអង្គរ និងសុវត្ថិភាពភ្ញៀវទេសចរផងដែរ»។

សម្លៀកបំពាក់បុរាណខ្មែរ មានអត្តសញ្ញាណ និងលក្ខណៈពិសេសច្បាស់លាស់ មានឯកសារស្រាវជ្រាវត្រឹមត្រូវ ដែលអាចរកបាននៅក្រសួង/មន្ទីរវប្បធម៌ សារមន្ទីរជាតិ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គេហទំព័រ និងហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា។ រីឯការចុះផ្សព្វផ្សាយ និងតម្រង់ទិសពីការស្លៀកពាក់ និងការទស្សនានៅរមណីយដ្ឋានអង្គរ គឺដើម្បីរក្សាតម្លៃដើម បង្កើនមោទនភាពជាតិ និងគោរពដល់ទីសក្ការៈ។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅមន្ត្រីអាជ្ញាធរជាតិអប្សរា បានសហការជាមួយមន្ទីរវប្បធម៌ខេត្តសៀមរាប បានចុះជួបជាមួយអាជីវករដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបខ្មែរបុរាណឱ្យភ្ញៀវទេសចរ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការចុះអប់រំនោះគឺដើម្បីធ្វើឱ្យមានការគោរពក្បួនខ្នាតខ្មែរឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការប្រើប្រាស់កំណាត់ដែលនាំចូលពីប្រទេសថៃនៅឆ្នាំ២០២៧ខាងមុខ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


