Connect with us

នយោបាយ

ទូតបារាំងប្រចាំកម្ពុជា៖ បារាំង និងកម្ពុជា ជា«គូស្នេហ៍ចំណាស់មួយគូ» ដែលមិនអាចបំបែកបាន

បានផុស

នៅ

លោក អូលីវីយេ រីឆា (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានចាត់ទុកទំនាក់ទំនងទេ្វភាគីបារាំង-កម្ពុជាថា ជា«គូស្នេហ៍ចំណាស់មួយគូ» ដែលគ្មានរណា ឬអ្វីមួយ អាចមកបំបែកបានឡើយ។ លោកឯកអគ្គរដ្ឋទូតបារាំងអះអាងបែបនេះ នៅមុខមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបនៅក្នុងពិធីអបអរសាទរទិវាបុណ្យជាតិបារាំង ថ្ងៃទី១៤ កក្កដា នៅក្នុងស្ថានទូតបារាំងនៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូលីវីយេ រីឆា (Olivier Richard) និយាយទៅកាន់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបទេសកម្ពុជានៅឆាកអបអរសាទទិវាបុណ្យជាតិបារាំងថា៖ «ឯកឧត្តម! យើងជា គូស្នេហ៍ចំណាស់មួយគូ មិនមែនខ្ញុំ និងឯកឧត្តមទេ ប៉ុន្តែ ពិតណាស់ គឺប្រទេសយើងទាំងពីរ។ ប្រវត្តិសាស្ត្រពោរពេញដោយភាពប្រែប្រួល និងសោកនាដកម្មជាច្រើន ប៉ុន្តែ រឿងរ៉ាវទាំងនេះ មិនដែលបំបែកយើងចេញពីគ្នាឡើយ ហើយពេលវេលាដ៏រីករាយ និងពេលវេលារួមគ្នាក៏មិនដែលបាត់បង់ដែរ ហើយនៅតែមានជានិច្ចសម្រាប់ប្រទេសយើងទាំងពីរ»។

បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូតបារាំង ក៏អះអាងដែរថា បច្ចុប្បន្ននេះ ពិភពលោកកំពុងមានភាពតានតឹង ហើយក៏ពោរពេញទៅដោយភាពមិនប្រាកដប្រជា។ ប្រទេសកម្ពុជា ប្រឈមមុខនឹងស្ថានភាពលំបាកមួយតាមបណ្តោយព្រំដែនរបស់ខ្លួន ហើយត្រូវជួបប្រទះនឹងឧក្រិដ្ឋកម្មមួយចំនួនដែលអាចបង្កឱ្យមានអស្ថិរភាព។ ប្រទេសបារាំង ក៏មានបញ្ហាប្រឈមផ្ទាល់ខ្លួនផងដែរ។ ប៉ុន្តែ «គូស្នេហ៍ចំណាស់» នៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ និងប្រសើរឡើង ពីព្រោះចំណងមិត្តភាពរវាងបារាំង-កម្ពុជា មានភាពស៊ីជម្រៅ និងរឹងមាំណាស់ ដែលមិនអាចនាំឱ្យមានលទ្ធផលផ្សេងពីនេះបានឡើយ។

លោក ប្រាក់ សុខុន វិញ បានអះអាងថា មិត្តភាពរវាងកម្ពុជា និងបារាំង បានចាក់ឬសយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទំនុកចិត្តទៅវិញទៅមក និងឆន្ទៈដ៏មុតមាំរួមមួយ ក្នុងការកសាងអនាគតជាមួយគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋាននៃកិច្ចសន្ទនានយោបាយប្រកបដោយគុណតម្លៃខ្ពស់ និងកិច្ចសហប្រតិបត្តិការដែលបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេស ព្រះរាជដំណើរទស្សនកិច្ចទៅប្រទេសបារាំងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ ក្នុងឱកាសកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) បានឆ្លុះបញ្ចាំងពីថាមវ័ន្ដនៃទំនាក់ទំនង និងបានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

លោកប្រមុខការទូតកម្ពុជា ក៏បញ្ជាក់ដែរថា ឆ្នាំ២០២៦ នេះ គឺជាឆ្នាំដ៏មានអត្ថន័យដ៏ពិសេសបំផុតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង។ កម្ពុជា មានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នាខែវិច្ឆិកាខាងមុខនេះ ដែលនេះជាដំណើរទស្សនកិច្ច៦០ឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ ឆាល ដឺហ្គោល និងជាង៣០ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ហ្វ្រង់ស្វ័រ មីតេរ៉ង់។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង និងផ្តល់សន្ទុះដ៏សំខាន់ដល់មហិច្ឆតារួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។

ចំពោះលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាវិញ ការមកធ្វើទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅកម្ពុជានាពេលខាងមុខនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាឱកាសដ៏មានតម្លៃផងដែរ។ លោកថា នេះ ជាឱកាសមួយដើម្បីគូសបញ្ជាក់ទិសដៅ និងកំណត់ទស្សនវិស័យនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរឡើងវិញ។ សម្រាប់លោកទូតបារាំង ប្រទេសកម្ពុជាបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ និងថា ប្រទេសទាំងពីរអាចមានមោទនភាពចំពោះអ្វីដែលបារាំង-កម្ពុជា បានធ្វើ និងកសាងរួមគ្នាចាប់តាំងពីប្រទេសកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម