Connect with us

កីឡា

អាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យ​ចាប់អារម្មណ៍

បានផុស

នៅ

ការជួបគ្នារវាងក្រុមជម្រើសជាតិ អាហ្សង់ទីន និង អេស្ប៉ាញ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2026 នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ២០ ខែ កក្កដា ត្រូវបានគេចាត់ទុកជាការប្រកួតដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ហើយការប្រកួតនេះទៀតសោត ក៏មានរឿងពិសេស ៣ យ៉ាងគួរឱ្យចាប់អារម្មណ៍ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងចាប់អារម្មណ៍ទី ១ គឺជំនួបនេះ នឹងកំណត់ឱ្យខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal ជួបជាមួយវីរបុរស Lionel Messi។ ការប្រកួតនេះ ជាការប្រកួត ដែលអ្នកគាំទ្រទូទាំងពិភពលោកចង់ឃើញ ដោយសារតែ អេស្ប៉ាញ មានកីឡាករលំដាប់ពិភពលោកវ័យក្មេង Yamal ខណៈ អាហ្សង់ទីនមាន Messi។

មែនទែនទៅ ក្រុមទាំង ២ ក៏ដូចជាកីឡាករទាំង ២ ស្ទើរតែវបានជួបគ្នារួចទៅហើយ នៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន Finalissima ដែលគ្រោងធ្វើកាលពីខែ មីនា ឆ្នាំ ២០២៦ នៅប្រទេស កាតា ប៉ុន្តែត្រូវបានរំសាយទៅវិញ ដោយសារបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា។ ចុងក្រោយ ក្រុមទាំង ២ បែរជាមកបានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ World Cup 2026 ទៅវិញ។

រឿងចាប់អារម្មណ៍ទី ២ គឺជាការជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup រវាងក្រុមជើង អឺរ៉ុប (Euro) និងជើងឯកអាមេរិកខាងត្បូង (Copa America)។ អាហ្សង់ទីន បានមកលេងនៅ World Cup 2026 នេះ ក្នុងនាមជាជើងឯកពាន Copa America 2024 ខណៈ អេស្ប៉ាញ គឺជាជើងឯក Euro 2024។ ជំនួបនេះ ក៏នឹងក្លាយជាការវាយតម្លៃដ៏ធំមួយផងដែរ ថា ក្រុមជើងឯក អឺរ៉ុប ខ្លាំងជាង ឬ ជើងឯក អាមេរិកខាងត្បូង ខ្លាំងជាង។

រឿងចាប់អារម្មណ៍ទី ៣ គឺប្រវត្តិជួបគ្នា។ ការជួបគ្នារវាងក្រុមទាំង ២ នឹងកាន់តែជក់ចិត្ត បន្ទាប់ពីស្ថិតិជួបគ្នាកន្លងមក ពួកគេមានស្ថិតិស្មើគ្នាតែម្តង។ ក្រុមទាំង ២ ធ្លាប់ជួបគ្នាចំនួន ១៤ លើក ក្នុងនោះ អាហ្សង់ទីន ឈ្នះ ៦ លើក ខណៈ អេស្ប៉ាញ ក៏ឈ្នះ ៦ លើក និងស្មើគ្នា ២ លើក។

សូមរម្លឹកអំពីស្ថិតិនៅ World Cup 2026 នេះ គឺក្រុមទាំង ២ សុទ្ធតែធ្វើបានល្អដូចគ្នា។ អាហ្សង់ទីន បានបញ្ចប់ការប្រកួតក្នុងពូល ដោយស្ថិតនៅកំពូលតារាងពូល J។ នៅវគ្គ ៣២ ក្រុម ពួកគេបានឈ្នះ កាបវែរ ៣-២, វគ្គ ១៦ ក្រុមឈ្នះក្រុម អេហ្ស៊ីប ៣-២, វគ្គ ៨ ក្រុមឈ្នះក្រុម ស្វីស ៣-១ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈ្នះក្រុម អង់គ្លេស ២-១។

ចំណែក អេស្ប៉ាញ បានបញ្ចប់ការប្រកួតក្នុងពូល ដោយស្ថិតនៅកំពូលតារាងពូល H។ នៅវគ្គ ៣២ ក្រុម ពួកគេបានឈ្នះក្រុម អូទ្រីស ៣-០, វគ្គ ១៦ ក្រុមបានឈ្នះក្រុម ព័រទុយហ្គាល់ ១-០, វគ្គ ៨ ក្រុមបានឈ្នះក្រុម ប៊ែលហ្ស៊ិក ២-១ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឈ្នះក្រុម បារាំង ២-០៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម