Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមគាំទ្រយោធា មីយ៉ាន់ម៉ា ចោទ ចិន ថាលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេស​របស់ខ្លួន

បានផុស

នៅ

ក្រុម​អ្នកគាំទ្រ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន ដោយចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងថា បាននិងកំពុងគាំទ្រដល់កងកម្លាំងប្រឆាំងរដ្ឋាភិបាលយោធា ខណៈការប្រយុទ្ធគ្នារវាងកងទ័ពយោធា និងក្រុមសកម្មប្រយុទ្ធជនជាតិភាគតិចនៅតែបន្តឡើងកម្ដៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិនក្នុងទីក្រុងយ៉ាំងហ្គោន ខណៈក្នុងបាតុកម្មនោះ ក្រុម​អ្នក​តវ៉ាក៏​ចោទប្រទេស​ចិនផងដែរ​ថា ​បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​មីយ៉ាន់ម៉ា ។

ទោះយ៉ាងណា ការរិះគន់ជាសាធារណៈទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំងគឺកម្រកើតមានខ្លាំងណាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែចិន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ មានចំណង​ទំនាក់ទំនង​ស្អិតរមួតជាមួយ​យោធា ។

ស្របពេលជាមួយគ្នានេះ ការប្រមូលផ្ដុំធ្វើបាតុកម្មដោយគ្មានការអនុញ្ញាតណាមួយ ក៏ត្រូវបានហាមប្រាមផងដែរ  ពោលចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ នៅពេលដែលយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ។

រហូតមកដល់ពេលនេះ កងកម្លាំងយោធាបាននិងកំពុងតស៊ូក្នុងការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធនៅទូទាំងប្រទេស បន្ទាប់ពីរងការវាយលុកយ៉ាងខ្លាំងក្លានៅផ្នែកខ្លះនៃរដ្ឋ Shan ភាគខាងកើតពីសំណាក់សម្ព័ន្ធភាពនៃជនជាតិភាគតិចចំនួន ៣ ក្រុមដែលបានព្រួតដៃគ្នាជាមួយនឹងក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិតេយ្យ ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់បណ្តោយព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ពលរដ្ឋ ថៃ រាប់រយនាក់កំពុងជម្លៀសចេញពី មីយ៉ាន់ម៉ា តាមប្រទេសចិន ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម