Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព អ៊ីស្រាអែល បើកការវាយប្រហារលើជំរំជនភៀសខ្លួននៅហ្គាហ្សា សម្លាប់មនុស្សយ៉ាងតិច ៩០ នាក់

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៩០ នាក់បានស្លាប់បាត់បង់ជីវិត និងជាង ១០០ នាក់បានរងរបួសនៅក្នុងការវាយប្រហារចុងក្រោយបំផុតពីសំណាក់កងទ័ពអ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួន Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការស្លាប់បាត់បង់ជីវិត ក៏ដូចជាមានអ្នករងរបួសដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គឺដោយសារតែកងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារដ៏សាហាវ និងឃោរឃៅបំផុតទៅលើប្លុកលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Jabalia ។

ទីភ្នាក់ងារ Wafa បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា អ្នកស្លាប់ និងអ្នករងរបួសទាំងនោះភាគច្រើនជាស្ត្រី និងកុមារ ហើយរហូតមកដល់ពេលនេះក៏នៅមានមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួនផងដែរ ។ ទោះយ៉ាងណា អ្នកស្រុកក៏កំពុងញាប់ដៃញាប់ជើងស្វែងរកអ្នករបួស ខណៈសាកសពជាច្រើនទៀតត្រូវបានគេជឿថា ស្ថិតនៅក្រោមគំនរបាក់បែក ។

ស្របពេលជាមួយគ្នានេះ អ្នករងរបួសជាច្រើននាក់ រួមទាំងកុមារផងដែរនោះ ត្រូវបង្ខំចិត្តបញ្ជូនទៅមណ្ឌលសុខភាពក្បែរនោះ បើទោះបីជាមានអ្នកជំងឺច្រើនលើសលប់ផ្សេងទៀតកំពុងសម្រាកព្យាបាលដូចគ្នាក៏ដោយ ។

ចាប់តាំងពីព្រឹត្តិការណ៍វាយឆ្មក់ ៧ តុលាមក អ៊ីស្រាអែលបានអះអាងថា មានមនុស្សប្រហែល ១,២០០ នាក់បានស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងទឹកដីនៃតំបន់ហ្គាហ្សាវិញមានជនជាតិប៉ាឡេស្ទីនជិត ១៩,០០០ ត្រូវបានសម្លាប់ ដោយសារតែការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបង្កើនការបាញ់ផ្លោងកាំភ្លើងធំរបស់ខ្លួនទៅលើតំបន់ហ្គាហ្សាភាគខាងត្បូង ជាពិសេសគឺគោលដៅលើទីក្រុង Khan Younis និងទីក្រុង Rafah ដែលសុទ្ធសឹងតែជាកន្លែងជនភៀសខ្លួនប៉ាឡេស្ទីនភាគច្រើនកំពុងស្នាក់នៅ ។

ទន្ទឹមនោះ សកម្មភាពបង្កើនការទម្លាក់គ្រាប់បែកនៅភាគខាងត្បូង ក៏កំពុងធ្វើឲ្យស្ថានការណ៍មនុស្សធម៌កាន់តែអាក្រក់ទៅៗផងដែរ ដោយមានពលរដ្ឋប្រមាណ ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) ប៉ាន់ប្រមាណថា មនុស្ស ១.៩ លាននាក់ ពោលប្រហែល ៨០ ភាគរយនៃប្រជាជននៅតំបន់ហ្គាហ្សត្រូវបានផ្លាស់ទីលំនៅ ដោយសារសង្រ្គាមដ៏រ៉ាំរ៉ៃមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ អ៊ីស្រាអែល ទម្លាក់ខិត្តប័ណ្ណផ្ដល់រង្វាន់ ៤០ ម៉ឺនដុល្លារសម្រាប់ព័ត៌មានឈាន ដល់ការចាប់ខ្លួនមេក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម