Connect with us

ព័ត៌មានជាតិ

សិស្សទើបជាប់បាក់ឌុប មានឱកាសទទួលបានអាហារូបករណ៍បរិញ្ញាបត្រជំនាញឌីជីថល៣០០កន្លែង

បានផុស

នៅ

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ឆ្នាំសិក្សា២០២៣-២០២៤ នឹងផ្តល់អាហារូបករណ៍ដល់សិស្សដែលទើបនឹងប្រឡងជាប់បាក់ឌុបដែលចង់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញឌីជីថល ចំនួន៣០០កន្លែង ស្មើនឹងទឹកប្រាក់ ៣១០០ដុល្លារ ដល់២៤២០០ដុល្លារ សម្រាប់សិស្សជាប់និទ្ទេសA B និង C ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍នេះ នឹងរ៉ាប់រងថ្លៃសិក្សា ១០០% ទទួលបានកុំព្យូទ័រយួរដៃ ១ គ្រឿង រៀនជំនាញបច្ចេកវិទ្យាឌីជីថលនៅគ្រឹះស្ថានសិក្សាល្បីៗ ជាមួយនឹងឱកាសការងារល្អ និងប្រាក់ខែខ្ពស់ ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។ សិស្សដែលមកពីតំបន់ដាច់ស្រយាល សិស្សក្រីក្រ សិស្សនារី និងសិស្សមានពិការភាព ត្រូវបានលើកទឹកចិត្ត។  

តាមប្រភពដដែល យុវតី ផល ច័ន្ទធីតា ដែលជានិស្សិតទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានលើកឡើងថា អាហារូបករណ៍នេះបានជួយខ្លួនច្រើនមែនទែន ទាំងការបង់ថ្លៃលើការសិក្សារយៈពេល៤ឆ្នាំពេញ និងមានឱកាសចាប់យកអាជីពដែលខ្លួនស្រឡាញ់ផង។ កញ្ញា បន្តថា ដើម្បីទទួលបានអាហារូបករណ៍នេះ គឺជាសិស្សជាប់និទ្ទេស A B និង C ព្រមទាំងមានការប្រឡងផ្នែកគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស រួមទាំងការសម្ភាសផ្ទាល់មាត់ផង។

អាហារូបករណ៍នេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះសិស្សនិស្សិតដែលទើបតែប្រឡងចប់បាក់ឌុប និងមានចំណាប់អារម្មណ៍ចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថល។ នេះ គឺជាឱកាសមួយដែលសិស្សានុសិស្សមិនគួរមើលរំលងឡើយ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ (https://www.cadt.edu.kh/scholarship ) អាហារូបករណ៍ នឹងឈប់ទទួលពាក្យនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខទូរសព្ទ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧ ឬ តាមរយៈ ( https://mptc.gov.kh/featured-km/32680/)។

សូមជម្រាបថា អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ គឺ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាចំនួន ១៥០កន្លែង។ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២៥កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន២៥កន្លែង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ២៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ចំនួន ៥០កន្លែង និងនៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (PIU) ចំនួន ២៥កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម