ព័ត៌មានជាតិ
ទូតអូស្ត្រាលី បញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា អំពីការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាល អូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ការជម្រាបជូននេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឲ្យលោក ចាស្ទីន ខេវិន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះលោក ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោក ក៏បានចូលរួមអបអរសាទរ ចំពោះភាពជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតីនៅប្រទេសបារាំង និងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ផងដែរ។

លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជូននូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាព ក្នុងវិស័យការពារជាតិ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់លោក ចាស្ទីន ខេវិន វ៉ាយអេត និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលី ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការនៃការស្វែងរកនូវសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនលោកអគ្គរដ្ឋទូត អំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពទាក់ទាញនៃច្បាប់ ស្តីពីវិនិយោគ និងគោលនយោបាយលើកទឹកចិត្ត សម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពអាចព្យាករណ៍បាន និងភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគ ប្រកបដោយភាពអនុគ្រោះ នៅកម្ពុជា។
មុននឹងបញ្ចប់ សម្តេចធិបតី និងលោកអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការងារមួយចំនួន ពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួម រវាងកម្ពុជា-អូស្រ្តាលី ដែលទាំងកម្ពុជា និងអូស្រា្តលី អាចនឹងបង្កើន និងពង្រឹងនូវតួនាទីរបស់ខ្លួន នៅក្នុងវេទិកាតំបន់ និងសកល ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


