ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ផ្ញើសារទៅ អ្នកវិនិយោគបរទេស កុំចំណាយពេលមក សុំដាំកញ្ឆានៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារទៅ អ្នកវិនិយោគបរទេស កុំចំណាយពេលជិះយន្តហោះមក ស្នើសុំសម្ដេច ដើម្បីវិនិយោគដាំកញ្ឆានៅកម្ពុជា។

ការផ្ញើសារនេះ ធ្វើឡើង ក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា បញ្ហាមិនអនុញ្ញាតដាំកញ្ឆានៅកម្ពុជា សម្ដេចចធ្លាប់បានចេញសារតាមហ្វេសប៊ុករួចហើយ ប៉ុន្តែថ្មីៗនេះ មានបុគ្គល ២ ៣នាក់ បានសុំច្បាប់វិនិយោគដាំកញ្ឆានៅកម្ពុជា ដើម្បីបម្រើវិស័យសុខាភិបាល ខណៈប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ ក៏បានធ្វើរួចហើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្តថា៖ “សម្រាប់ខ្ញុំ ខ្ញុំប្រាប់ថា ដរាបណា ហ៊ុន ម៉ាណែត នៅតែជានាយករដ្ឋមន្ត្រី ច្បាប់នេះ ខ្ញុំអត់ឯកភាពទេ។ ចំពោះការគ្រប់គ្រង សួរថា គ្រប់គ្រងបានអត់? ខ្ញុំធ្លាប់ឃើញព័ត៌មានមួយនៅអាមេរិក ប្រទេសមហាអំណាចធំជាងយើង រដ្ឋខ្លះគាត់ឱ្យសិទ្ធិដាំ តែគ្រប់គ្រងអត់រួចដោយសារបញ្ហា២។ ទី១ គ្រប់គ្រងការប្រើប្រាស់អត់បាន ទី២ លួចដាំ លើសអាជ្ញាបណ្ណ”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបន្ថែមថា រឿងកញ្ឆានេះពាក់ព័ន្ធគ្រឿងញៀន ហើយបើតាមព័ត៌មាននៃការប្រើប្រាស់គ្រឿងញៀននៅសិង្ហបុរី ដែលមានជាង ៤០% គឺបានប្រើតាំងពីក្រោមអាយុ ១៨ឆ្នាំ ហើយក្នុងនោះមាន ៥០% បានចាប់ផ្ដើមប្រើគ្រឿងញៀន ដោយប្រើកញ្ឆា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “សម្រាប់កម្ពុជា ខ្ញុំថា មិនសំខាន់អីទេ! វាអត់ចំណេញអីទៅវិនិយោគធ្វើកសិកម្មរាប់រយ រាប់ពាន់ រាប់ម៉ឺនហិកតាដាំកញ្ឆា ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនផលិតថ្នាំនៅកាណាដា ទេ។ អ៊ីចឹង សរុបសេចក្ដី ហើយខ្ញុំជូនសារទៅផង គឺភាគច្រើនអ្នកចង់វិនិយោគមកពីក្រៅប្រទេសដែលសុំវិនិយោគដាំកញ្ឆានៅកម្ពុជា សុំកុំចំណាយពេលជិះកប៉ាល់ហោះមកកម្ពុជា គឺអត់ប្រយោជន៍ ជូនព័ត៌មាន មិនបាច់មកទេ”។

គួរបញ្ជាក់ថា គ្រឿងញៀន បានក្លាយទៅជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភនៅក្នុងសង្គមកម្ពុជា បន្ទាប់ពីការជួញដូរ និងការប្រើប្រាស់មានសភាពកាន់ធ្ងន់ធ្ងរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកិច្ចការដ៏ចាំបាច់មួយសម្រាប់កិច្ចការសន្តិសុខសង្គម ហើយសម្តេចបានដាក់ចេញបទបញ្ជាក្តៅឱ្យអាជ្ញាធរពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងឱ្យមានប្រសិទ្ធភាព។ ដើម្បីការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសិទ្ធភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកែសម្រួលសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានតែងតាំង ឧបនាយករដ្ឋមន្ត្រី ៤រូប ជាថ្នាក់ដឹកនាំអាជ្ញាធរនេះ ហើយមានថ្នាក់ដឹកនាំមកពី ក្រសួង ស្ថាប័នរបស់រដ្ឋចំនួន ១៤ រូបផ្សេងទៀត ជាសមាជិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសចាត់វិធានការក្តៅទៅលើស្ថាប័នកងកម្លាំងប្រដាប់អាវុធមានកងទ័ព និងនគរបាលជាតិ ដោយបណ្តេញចេញពីក្របខណ្ឌ បើរកឃើញមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្នុងនោះមាន កម្លាំងយោធា និងនគរបាលជាតិមួយចំនួន ត្រូវបានបណ្តេញចេញពីក្របខណ្ឌផងដែរ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ របាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ អាជ្ញាធរ បង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨ ០៦៣ ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០ ០០២ នាក់។ ចាប់បានគ្រឿងញៀនជិត ៣ តោន។ រឹបអូសសារធាតុគីមីផ្សំបាន ១ តោន និង ៤៦៩ គីឡូក្រាម។ ដុតកម្ទេច និងបន្សាបគ្រឿងញៀន និងសារធាតុពាក់ព័ន្ធជាង ៣៤៧ តោន និង ១ ២០៧ គ្រាប់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


