Connect with us

ព័ត៌មានអន្ដរជាតិ

EU ចាប់ផ្ដើមស៊ើបអង្កេតលើទីផ្សារផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្ររបស់ ចិន

បានផុស

នៅ

សហភាពអឺរ៉ុប (EU) បានបើកការស៊ើបអង្កេតលើទីផ្សារផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្ររបស់ប្រទេសចិន បន្ទាប់ពីមានមន្ទិលសង្ស័យថា ក្រុមហ៊ុន និងផលិតផលអឺរ៉ុបមិនត្រូវបានអនុញ្ញាតផ្ដល់សិទ្ធិនាំចូលដោយត្រឹមត្រូវទៅកាន់ប្រទេសចិន ។ នេះបើយោងតាមការចេញផ្សាយរដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៦ ខែមេសា ។

គណៈកម្មការអឺរ៉ុបបានប្រកាសពីការស៊ើបអង្កេតនេះ បន្ទាប់ពីបានរកឃើញថា ប្រទេសចិនបានផ្ដល់អាទិភាពខ្ពស់ខ្លាំងពេកដល់ក្រុមហ៊ុន និងផលិតផលរបស់ខ្លួន ចំណែកការផ្គត់ផ្គង់ផលិតផលរបស់សហភាពអឺរ៉ុប រួមទាំងឧបករណ៍កាំរស្មីអ៊ិច ឧបករណ៍ជំនួយខ្យល់ដកដង្ហើម និងបង់រុំរបួសបែរជាមានភាពមិនប្រក្រតីក្នុងការនាំចូល ។

គណៈកម្មាការនេះបានចង្អុលបង្ហាញថា ការនាំចេញឧបករណ៍វេជ្ជសាស្ត្ររបស់ចិនទៅកាន់អឺរ៉ុបបានកើនឡើងជាង ១០០ ភាគរយនៅចន្លោះឆ្នាំ ២០១៥ និង ២០២៣ ខណៈដែលទីផ្សាររបស់ប្រទេសចិនកាន់តែបិទទ្វារសម្រាប់ក្រុមហ៊ុន និងផលិតផលអឺរ៉ុប ហើយប្រសិនបើផលិតផលអឺរ៉ុបនៅតែមិនត្រូវបានផ្តល់សិទ្ធិនាំចូលដោយយុត្តិធម៌នៅក្នុងប្រទេសចិនទេនោះ EU នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រចិន មិនឲ្យនាំចូលមកទីផ្សារសហភាពអឺរ៉ុបដូចគ្នា ។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានរិះគន់ចំណាត់ការរបស់ EU នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយលើកឡើងថា កន្លងមកលោកបានជំរុញការបើកទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ ។ លោកក៏បានព្រមានដែរថា EU គួរតែបញ្ឈប់ការតាមដាន និងរារាំងក្រុមហ៊ុនចិនក្រោមលេសផ្សេងៗទៀត ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតរួចមកហើយលើរថយន្តអគ្គិសនី (EV) ដែលនាំចូលពីប្រទេសចិន ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ទួរប៊ីនខ្យល់របស់ចិន ដោយសារតែពាក់ព័ន្ធនឹងបញ្ហានេះដូចគ្នា ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម