ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ ៖ ទេសន្តរប្រវេសន៍កម្លាំងពលកម្ម ជាកាតាលីករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា សម្រាប់កម្ពុជា ទេសន្តរប្រវេសន៍កម្លាំងពលកម្ម ជាកាតាលីករជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា សម្រាប់ឆ្នាំ ២០៣០ និង ២០៥០។

ថ្លែងក្នុងកិច្ចសន្ទនាមេគង្គលើកទី ២ ស្ដីពីបម្លាស់ទីកម្លាំងពលកម្ម កាលពីថ្ងៃទី ២៦ មេសា នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ហ៊ូ វឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រី ហេង សួរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការបញ្ជូនពលកររបស់កម្ពុជា ទៅធ្វើការក្នុងប្រទេស មហាអនុតំបន់ទន្លេមេគង្គ (GMS) បានបង្ហាញពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ ដែលមានភាពទូលំទូលាយ សមាហរណកម្ម និរន្តរភាព និងបរិយាបន្ន ដែលនឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ក៏ដូចជាលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងពង្រឹងការការពារវដ្ត នៃដំណើរការទេសន្តរប្រវេសន៍ទាំងមូល។
លោករដ្ឋលេខាធិការ បានបន្តទៀតថា អង្គកិច្ចសន្ទនា បានពិភាក្សា និងចែករំលែកចំណេះដឹង ក៏ដូចជាឧត្តមានុវត្ត ស្តីពី ការជំរុញទេសន្តរប្រវេសន៍ការងារដោយស្របច្បាប់ ទំនាក់ទំនងរវាងបម្រែបម្រួលអាកាសធាតុ និងបម្លាស់ទីកម្លាំងពលកម្ម និង ប្រាក់បញ្ញើត្រឡប់មកវិញ និងការធ្វើបរិយាបន្នហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ អង្គកិច្ចសន្ទនា បានកំណត់ទិសដៅរួម ក្នុងការការផ្តល់អាទិភាពដល់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ការអភិវឌ្ឍធនធានមនុស្ស ពង្រីកសក្ដានុពលទីផ្សារការងារ និងជំរុញការធ្វើចល័តភាព នៃអត្ថប្រយោជន៍ និងការការពារសន្តិសុខសង្គម ក៏ដូចជាការលើកកម្ពស់សិទ្ធិទេសន្តរប្រវេសករ និងការដោះស្រាយគម្លាតជំនាញក្នុងបណ្តាប្រទេស GMS។

លោករដ្ឋលេខាធិការ បានបន្ថែមថា លទ្ធផល នៃកិច្ចសន្ទនាមេគង្គលើកទី ២ នេះ គឺការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ នៃបណ្តាប្រទេស GMS ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខុមាលភាពរបស់ទេសន្តរប្រវេសករក្នុងតំបន់ ដែលចាត់ទុកការអនុវត្តកិច្ចគាំពារ និងការពារសិទ្ធិការងារ ជាការអនុវត្តសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា កិច្ចសន្ទនាមេគង្គលើកទី ២ ស្តីពីបម្លាស់ទីកម្លាំងពលកម្មរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ជាវេទិការួមមួយសម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធក្នុងការចែករំលែក ពិភាក្សា និងកំណត់ដំណោះស្រាយនូវហានិភ័យ និងបញ្ហាប្រឈមដែលទេសន្តរប្រវេសករជួបប្រទះ នៅគ្រប់ដំណាក់កាល នៃការធ្វើទេសន្តរប្រវេសន៍ ដែលជាកត្តាជំរុញសមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


