ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កាកបាទក្រហម អំពាវនាវកម្មកររោងចក្រ ប្រើចានស្រាក់ដាក់ម្ហូបជំនួសថង់ប្លាស្ទិក
មន្ត្រីជាន់ខ្ពស់កាកបាទក្រហមកម្ពុជា បានធ្វើការអំពាវនាវដល់កម្មករ-កម្មការិនី បម្រើការងារនៅតាមសហគ្រាសរោងចក្រនានា ងាកមកប្រើប្រាស់ចានស្រាក់សម្រាប់ដាក់ចំណីអាហារជំនួសការប្រើថង់ប្លាស្ទិកដែលអាចប៉ះពាល់ដល់សុខភាព។

ថ្លែងក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ក្រោមប្រធានបទ ៖ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ” នៅមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក កាលពីថ្ងៃទី ៣ ឧសភា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានមានប្រសាសន៍ថា «ឃើញកម្មករ-កម្មការិនីសោកស្ដាយគ្នាអត់មានពេលចម្អិនចំណីអាហារទេ ពេលម៉ោងបាយថ្ងៃត្រង់ចេញមកតែងតែទិញដោយទិញដាក់ថង់ប្លាស្ទិក ហើយអត់ដឹងថាថង់ប្លាស្ទិកហ្នឹងហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនឯងផង និងសុខភាពកូននៅក្នុងផ្ទៃផង។ កន្លងមកចាស់ៗ បុរាណ ធ្លាប់ប្រើចានស្រាក់យួរទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ហេតុអ្វីក្មួយៗ មិនទិញចានស្រាក់សម្រាប់ដាក់ចំណីអាហារ ហើយចានស្រាក់នេះអាចប្រើបានមួយជីវិត»។
លោកស្រី បានអំពាវនាវដល់កម្មករ-និយោជិត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដាក់ចំណីអាហារក្តៅ ហើយការលើកឡើងនេះ មិនមែនគិតតែពីរឿងក្នុងកំឡុងពេលការប្រែប្រួលអាកាសធាតុនេះទេ ។ ថង់ប្លាស្ទិកនេះ ពេលប្រើរួចបន្សល់ទុកនូវសំរាមដែលភាគច្រើនជាថង់ប្លាស្ទិក។ ដូចនេះ សូមកម្មករ-និយោជិត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ របស់ណាអាចកែច្នៃបាន គេយកសម្រាប់ប្រើប្រាស់ឡើងវិញ និងសំរាមខ្លះត្រូវកម្ទេចចោលដើម្បីការពារសុខុមាលភាពប្រជាជន។

លោកស្រី បានបញ្ជាក់ថា ក្នុងករណីមិនមានចានស្រាក់ទេ កម្មករ-និយោជិត អាចវេចខ្ចប់អាហារ ពិសេសអាហារក្តៅដោយស្លឹកចេក ឬស្លឹកឈូកក៏បាន ដើម្បីការពារសុខភាពខ្លួនឯងផង ហើយចំពោះអ្នកមានផ្ទៃពោះ ក៏អាចការពារដល់កូនក្នុងផ្ទៃបានផងដែរ។
ស្របពេលនឹងបរិបទប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ លោកស្រី ក៏បានផ្ដាំផ្ញើឱ្យស្ត្រីជាមាតាពិសាទឹកឱ្យបានច្រើន យ៉ាងហោចណាស់ ២ លីត្រ ក្នុងមួយថ្ងៃ ដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


