សេដ្ឋកិច្ច
សិង្ហបុរី វ៉ាដាច់ក្រុងឡុងដ៍ ក្លាយជាក្រុងអ្នកមានជាងគេបំផុតទី៤លើពិភពលោក
បុគ្គលមានទ្រព្យសម្បត្តិស្តុកស្ដម្ភលើសពី១លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងចំនួន ៣ ៤០០ នាក់កាលពីឆ្នាំមុន ដែលធ្វើឱ្យបុរីរដ្ឋអាស៊ីអាគ្នេយ៍មួយនេះ វ៉ាដាច់ទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ក្លាយជាក្រុងអ្នកមានជាងគេបំផុតទី៤ នៅលើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ស្ត្រេតស៍ ថាមស៍។

របាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់លើការវិនិយោគនៅបរទេស Henley & Partners ដែលមានឈ្មោះថា «ក្រុងមានជាងគេបំផុតប្រចាំឆ្នាំ ២០២៤» បានបង្ហាញថា សិង្ហបុរីបច្ចុប្បន្ននេះ មានសេដ្ឋីទ្រព្យរាប់លានដុល្លារចំនួន ២៤៤ ៨០០ នាក់ សេដ្ឋីទ្រព្យរាប់រយលានដុល្លារចំនួន ៣៣៦ នាក់ និងមហាសេដ្ឋីទ្រព្យរាប់ប៊ីលានដុល្លារចំនួន ៣០ នាក់។
របាយការណ៍បានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ ចំនួនបុគ្គលមានទ្រព្យសម្បត្តិស្តុកស្ដម្ភ (HNWIs) នៅសិង្ហបុរី បានកើនឡើងរហូតដល់ ៦៤ ភាគរយ។ ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹង HNWIs ចំនួន ២៩៨ ៥៨១ នាក់ ដោយធ្លាក់ចុះ ៥ ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ទីក្រុងឡុងដ៍ ដែលជាទីក្រុងមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានបន្តធ្លាក់ចំណាត់ថ្នាក់របស់ខ្លួន ហើយឥឡូវនេះស្ថិតនៅលំដាប់ទី ៥ ដោយមាន HNWIs ចំនួន ២២៧ ៤០៥ នាក់ ដោយធ្លាក់ចុះ ១០ ភាគរយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ចំណែកឯក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកវិញ នៅតែបន្តជាទីក្រុងមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក លំដាប់ទី១ ដោយចំនួន HNWIs កើនឡើង ៤៨ ភាគរយក្នុងទសវត្សរ៍ឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ក្រុងនេះ មានសេដ្ឋីទ្រព្យរាប់លានដុល្លារចំនួន ៣៤៩ ៥០០ នាក់ សេដ្ឋីទ្រព្យរាប់រយលានដុល្លារចំនួន ៧៤៤ នាក់ និងមហាសេដ្ឋីទ្រព្យរាប់ប៊ីលានដុល្លារចំនួន ៦០ នាក់។
បើតាមរបាយការណ៍ដដែល តំបន់ Bay Area នៃរដ្ឋកាលីហ្វូញ៉ា ដែលរួមបញ្ចូលក្រុងសានហ្វ្រង់ស៊ីស្កូ និង Silicon Valley ឈរនៅលំដាប់ក្រុងស្ដុកស្តម្ភបំផុតលើពិលោកលំដាប់ទី២ ដោយមានសរុប HNWIs ចំនួន ៣០៦ ៤៤៣ នាក់។
លោក Juerg Steffen នាយកប្រតិបត្តិនៃក្រុមហ៊ុន Henley & Partners បាននិយាយថា កត្តាសំខាន់ដែលជំរុញឱ្យមានការរីកលូតលាស់នៅក្នុងទីក្រុងដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភជាងគេបំផុតរបស់ពិភពលោក គឺដោយសារដំណើរការដ៏រឹងមាំនៃទីផ្សារហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកបន្ថែមផងដែរថា៖ «ភាពជឿនលឿនយ៉ាងរហ័សនៃបញ្ញាសិប្បនិមិត្ត (AI) មនុស្សយន្ត និងបច្ចេកវិទ្យាប្លុកឆេន បានផ្តល់ឱកាសថ្មីសម្រាប់ការបង្កើត និងប្រមូលទ្រព្យសម្បត្តិ»៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


