Connect with us

ព័ត៌មានជាតិ

សិប្បករ៖ ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទី ជាការបើកឱកាសថ្មីសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ

បានផុស

នៅ

ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី បានសម្តែងអារម្មណ៍ថា ការប្រកួតប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ ២០២៤ បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សិប្បករក្នុងការកែលម្អនៅក្នុងឧស្សាហកម្មរបស់ពួកគេ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីឈានជើងចូលទីផ្សារប្រកួតប្រជែងនៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ចែម ធីតា សហស្ថាបនិកនៃក្រុមហ៊ុន 3 CORsEco កែច្នៃគ្រាប់ស្វាយចន្ទី បានកោតសរសើរចំពោះនាយកដ្ឋានកសិកឧស្ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នាំ ២០២៤។ លោកស្រីបានគូសបញ្ជាក់ថា៖‍«ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីស្នាដៃរបស់សិប្បករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងជួយឧបត្ថម្ភដល់សិប្បករក្នុងសិប្បកម្មរបស់ពួកគេបន្ថែមទៀត»។

លោកស្រីបន្ថែមទៀតថា ព្រឹត្តិការណ៍នេះ គឺជាឱកាសមួយសម្រាប់សិប្បកម្មក្នុងការអភិវឌ្ឍន៍ខ្លួន ថាតើ ត្រូវបន្ថែមគុណតម្លៃបែបណាទៅលើផលិតផល និងអភិវឌ្ឍន៍បែបណាទៅលើសិប្បកម្មរបស់ខ្លួន។
ផ្តើមចេញពីលក្ខណៈគ្រួសារចាប់តាំងពីឆ្នាំ ២០១២ រហូតអភិវឌ្ឍន៍ខ្លួនកា្លយជាក្រុមហ៊ុន3 CORsEco នៅឆ្នាំ ២០២៣ ចង់ពង្រីកសង្វាក់ផលិតកម្មកែច្នៃស្វាយចន្ទី និងអាចនាំចេញក្រៅប្រទេស។

អ្នកស្រី ចែម ធីតា ថ្លែងថា៖«ពួកខ្ញុំធ្វើការជាលក្ខណៈសហគមន៍ យើងធ្វើបែបសហគមន៍ មានបទពិសោធន៍ជាមួយចន្ទីតាំងពីឆ្នាំ ២០១២ ប៉ុន្តែសហការជាមួយជប៉ុន ដើម្បីនាំគ្រាប់ទៅប្រទេស។ កាលនាំចេញពេលនោះក្នុងបរិមាណតិច ប៉ុន្តែគិតទៅលើផលិតផលដែលផ្សារភ្ជាប់ជាមួយសហគមន៍ និងយុវជនក្នុងការធ្វើរឿងនេះ»។

អ្នកស្រីបន្ថែមថា ៖«ដោយសារយើងមើលឃើញពីសក្តានុពលចន្ទីកើនឡើង យើងក៏ចាប់ផ្តើមគិតថា ក្នុងនាមជាក្រុមការងារអាចធ្វើអ្វីបន្ថែមដើម្បីលើកកម្ពស់លើការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឱ្យបានច្រើន ព្រោះយើងធ្វើកន្លងមកនេះនៅមានចំនួនតិចតួច។ ដូច្នេះហើយ ក្នុងឆ្នាំ ២០២៣ យើងបានបង្កើតសិប្បកម្ម ៣កូអេកូ នេះឡើង ដើម្បីពង្រីកទីផ្សារឱ្យបានទូលំទូលាយទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។

សង្វាក់ផលិតកម្មនេះ ត្រូវបានផលិតចាប់តាំងពីដើមដល់ចុងក្រោយទាំងគ្រាប់ចន្ទី ពាក់កណ្តាលសម្រេច និងទាំងគ្រាប់សម្រេច និងការកែច្នៃលាយគ្រឿង។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ដែលបានចូលរួមពិធីបើកការប្រកួតនោះបានថ្លែងថា ជាទូទៅតម្លៃចន្ទីមានតម្លៃខ្ពស់នៅពេលដើមរដូវប្រមូលផល ហើយតម្លៃនេះនឹងចុះទាបបន្តិចនៅពេលប្រមូលផលជាន់គ្នា ដែលកត្តាទាំងនេះគឺទាមទារឱ្យមានការកែលម្អខ្សែសង្វាក់តម្លៃទាំងអស់គ្នា តាមរយៈការកែច្នៃចន្ទីឱ្យកាន់តែមានតម្លៃខ្ពស់។

លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ខ្សែសង្វាក់តម្លៃនៃការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីលើកកម្ពស់ការប្រកួតប្រជែងទីផ្សារ។ លោកថា ក្រសួងនឹងផ្តល់ជំនួយបច្ចេកទេសដល់សិប្បករក្នុងវិស័យនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោកថ្លែងថា៖«មន្រ្តីជំនាញក្រសួង ចាំជួយជាបច្ចេកទេសដល់បងប្អូនក្នុងការច្នៃចន្ទី ហើយកម្មវិធីនេះមិនត្រឹមតែប្រកួតប្រជែងទីផ្សារក្នុងស្រុកនោះទេ គឺត្រូវត្រៀមខ្លួនប្រកួតប្រជែងជាមួយអ្នកផលិតប្រទេសផ្សេងដើម្បីពង្រីកទីផ្សារចន្ទីកម្ពុជា»។

គួរជម្រាបថា កម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាចន្ទីឆ្នើម ឆ្នាំ ២០២៤ ត្រូវរៀបចំជាពីរជុំ ដោយជុំទី១ គឺជាវគ្គជម្រុះ នឹងធ្វើឡើងរយៈពេលពីរថ្ងៃ ៩-១០ ឧសភា នៅខេត្តសៀមរាប និងជុំទី២ វគ្គផ្តាច់ព្រាត់នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ ។ ការប្រកួតនេះមាន ២០ សិប្បកម្មចូលរួម ដោយជ័យលាភីលេខ ១ដល់លេខ ៣ នឹងទទួលបានពានរង្វាន់ និងអមដោយប្រាក់រង្វាន់លើកទឹកចិត្ត។

តាមរយៈការប្រកួតនេះ ម្ចាស់សិប្បកម្មនីមួយៗ បានធ្វើបទបង្ហាញពីវត្ថុធាតុដើម ការវេចខ្ចប់ អនុវត្តតាមក្បូនអនាម័យ ការបកសំបក និងបទបង្ហាញពីការលក់នៅលើទីផ្សារជាដើម។

កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ជាពិសេសការកែច្នៃផលិតផផលគ្រាប់ស្វាយចន្ទី ក្នុងគោលបំណង ផ្សព្វផ្សាយ និងស្វែងរកសហគ្រិនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមបំផុត ជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទីតាមរយៈការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាដើម៕

អត្ថបទដោយ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម