Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​អនុម័ត​ការហ្វឹកហ្វឺន​យោធា​យ៉ាង​​​សម្ងាត់​​​ជា​មួយ​​ចិន ដើម្បី​វាយ​អ៊ុយ​ក្រែន​

បានផុស

នៅ

ការ​ហ្វឹកហ្វឺន​យោធាដ៏​​សម្ងាត់របស់​ចិន​ ចំពោះកងកម្លាំងរុស្ស៊ី​កាល​ពីឆ្នាំ​មុន ត្រូវបាន​អនុម័តដោយផ្ទាល់​ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ​រុស្ស៊ី​ ហើយ​មានការចូលរួមដោយ​ផ្ទាល់ពី​ឧត្តមសេនីយ៍​របស់​ទី​ក្រុង​មូស្គូ​ និងទី​ក្រុង​ប៉េកាំង​​យ៉ាងហោច​ណាស់ ៤នាក់។ នេះ​បើ​យោងតាម​មន្ត្រីអឺរ៉ុប​ពីររូប និង​ការ​រក​ឃើញ​ដោយ​​ទី​ភ្នាក់​ងារ​សារព័ត៌មាន​​រ៉យ​ទ័រ​​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០១ ខែ​កក្ត​ដា ឆ្នាំ​២០២៦ ។

មន្ត្រីអឺរ៉ុប​និយាយថា ការចូលរួម​របស់បុគ្គលជាន់ខ្ពស់​បែបនេះ​ក្នុង​ការបណ្តុះបណ្តាល​ទាក់ទងនឹង​សង្គ្រាមអ៊ុយក្រែន បានបង្ហាញ​ពីសារៈ​សំខាន់របស់​​រុស្ស៊ីនិងចិននៃកិច្ចសហប្រតិបត្តិការ​ ​នាំ​ឱ្យមានការ​ភ្ញាក់ផ្អើល​នៅអឺរ៉ុប ទោះបីជាទីក្រុងប៉េកាំង​បដិសេធ​លើ​រឿង​នេះ​ក៏ដោយ​។

លោក ស៊ី​ ជីន​ពីង​ និង​ លោក ពូ​ទីន។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារ​សម្ងាត់របស់រុស្ស៊ី​ ត្រូវ​បាន​រក​ឃើញ​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ​​យោង​ដោយ​ផ្ទាល់​ទៅលើក្រឹត្យ​ផ្ទៃក្នុង​ចេញ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការពារ​​ជាតិ គឺ លោក Andrei Belousov ក្នុងខែសីហា ឆ្នាំ២០២៥​ ។

ឯកសារនោះ​រាប់​រៀប​ថា ស្របតាមការ​សម្រេចចិត្តរបស់​ លោក Belousov គណៈ​ប្រតិភូមួយក្រុម​មកពីកងកម្លាំងប្រដាប់អាវុធ​របស់រុស្ស៊ី​ បានធ្វើដំណើរទៅកាន់ប្រទេសចិន​ ដើម្បីចូលរួមក្នុងសម​យុទ្ធ​ហ្វឹកហ្វឺន​នៅឯមូលដ្ឋានកង​ទ័ព​រំដោះប្រជាជន(PLA)។

របាយ​ការណ៍ដដែលបាន​លម្អិតពីវគ្គ​បណ្តុះ​បណ្តាល​មួយ ​គឺ​វគ្គ​បណ្តុះ​បណ្តាលរយៈពេល​បីសប្តាហ៍ ផ្តោតលើការការពារ​វិទ្យុសកម្ម គីមី ​និងជីវសាស្រ្ត​ នៅឯមូលដ្ឋានយោធាមួយក្នុងទីក្រុងប៉េកាំង​ក្នុងខែវិច្ឆិកា​។

របាយការណ៍ទីពីរ​បានពិពណ៌នា និងបង្ហាញរូបភាព​ទាហានរុស្ស៊ី​​​កំពុង​ទទួល​បាន​ការ​បង្រៀនដោយ​គ្រូបង្ហាត់ជនជាតិចិន កំពុងសម្លឹងមើល​គំរូ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ និង​បង្រៀន​ពីការឈ្លបយក​ការណ៍គីមី ការឈ្លបយក​ការណ៍​វិទ្យុសកម្ម​ និងការការពារប្រព័ន្ធខ្យល់​ចេញចូលពីការ​បំពុល​។

ការ​ដាក់បញ្ចូលការបណ្តុះបណ្តាល​សង្គ្រាមវិទ្យុសកម្ម ជីវសាស្រ្ត និងគីមី បាន​គូសបញ្ជាក់ពីលក្ខណៈយុទ្ធសាស្ត្រ​នៃការផ្លាស់ប្តូរ​​មួយ​ នេះ​បើ​តាមមន្ត្រីអឺរ៉ុបម្នាក់ ដោយ​កត់សម្គាល់ថា​ការ​បណ្តុះ​បែប​នេះ​ គឺ​មានភាពរសើប​ជាពិសេសសម្រាប់​យោធាជាទូទៅ។

យ៉ាង​ណា ក្រសួង​ការពារជាតិរុស្ស៊ី និងចិនមិនបាន​ឆ្លើយតបទៅនឹងសំណើ​សុំការអត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះទេ។

យោងតាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​រ៉យទ័រកាល​ពីខែមុន ដោយ​ដកស្រង់​សម្តី​ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងឯកសារយោធា​អឺរ៉ុប ​ប្រទេសចិនបានបណ្តុះបណ្តាលបុគ្គលិក​យោធារុស្ស៊ី​ប្រហែល ២០០នាក់កាល​ពីខែវិច្ឆិកា ខ្លះ​បានចូលរួមក្នុង​សង្គ្រាមនៅអ៊ុយក្រែន៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម