ព័ត៌មានជាតិ
កិច្ចសន្ទនាសាំងគ្រីឡា៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ថា សន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក មានភាពមិនប្រាកដប្រជា
ពីកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី រដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានឈានចូលយុគសម័យដ៏ច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ ខណៈបញ្ហាសន្តិសុខមានភាពមិនប្រាកដប្រជា។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្តីពីការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក នាប្រទេសសិង្ហបុរី កាលពីថ្ងៃទី១ ខែមិថុនា លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងដូច្នេះថា «តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានឈានចូលក្នុងយុគសម័យដ៏ច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ ខណៈពេលដែលទិដ្ឋភាពសន្តិសុខបច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានភាពមិនប្រាកដប្រជា កាន់តែដុនដាប និងមានការប្រែប្រួលយ៉ាងឆាប់រហ័សពិបាកប៉ាន់ស្មាន»។
នាយឧត្តមសេនីយ៍ ទៀ សីហា គូសបញ្ជាក់ថា បើទោះបីជាការប្រឈមមុខផ្នែកយោធាដោយផ្ទាល់ទំនងជាមិនអាចកើតឡើងយ៉ាងណាក្តី ក៏ប៉ុន្តែហានិភ័យនៃជម្លោះអាចកើតឡើងជាយថាហេតុ និងការរីករាលដាលកំពុងតែកើនឡើង ពិសេសដោយសារតែបញ្ហាក្តៅជាច្រើនបានកំពុងកើតឡើង និងលទ្ធភាពនៃការវាយតម្លៃស្ថានការណ៍ខុស។

តាមការកត់សម្គាល់របស់លោករដ្ឋមន្ត្រីការពារជាតិកម្ពុជា បញ្ហាសន្តិសុខដែលជាកង្វល់ចំពោះមុខ គឺមានច្រើន និងបន្តបង្កឱ្យមានផលវិបាកយូរអង្វែង ដោយបញ្ហាទាំងនោះមានដូចជា ការកើនឡើងនូវបញ្ហាសន្តិសុខមិនប្រពៃណី និងភាពងាយរងគ្រោះនៃសន្តិសុខមនុស្សពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ដូចជា បម្រែបម្រួលអាកាសធាតុ ធនធានទឹក សន្តិសុខស្បៀង ថាមពល ជំងឺឆ្លង អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស។ ព្រមជាមួយគ្នានេះ ហានិភ័យនៃការគំរាមកំហែងសន្តិសុខប្រពៃណី រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងមានភាពតានតឹងកាន់តែខ្លាំង ជម្លោះទឹកដីដែលមិនទាន់មានដំណោះស្រាយ និងការបន្តរីករាលដាលនៃការប្រណាំងប្រជែងសព្វាវុធ ព្រមទាំងបច្ចេកវិទ្យាដែលមិនមានការគ្រប់គ្រង ជាដើម។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ពីសារសំខាន់នៃការកសាងកិច្ចសហប្រតិបត្តិការសន្តិសុខ សម្រាប់សន្តិភាព និងសន្តិសុខ តាមរយៈការលើកកម្ពស់នូវយន្តការពហុភាគីនិយមដែលមានស្រាប់ដូចជា កិច្ចសហប្រតិបត្តិការកម្រិតតំបន់ ដែលមានអាស៊ានជាស្នូលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គប្បីជាកិច្ចការចម្បងមួយ។ លោក ថា គួរតែពង្រឹង និងប្រើប្រាស់ចំណុចខ្លាំងរបស់អាស៊ានក្នុងការទាក់ទាញប្រទេសផ្សេងៗមកចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា ក៏ដូចជាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


